ម៉េ​ស​ស៊ី អាច​ជាប់គុក​22​ខែ​ពី​បទ​គេចពន្ធ​ប្រាក់​ចំណូល

កីឡាករ​លី​យ៉ូ​ណេ​ល ម៉េ​ស​ស៊ី ខ្សែប្រយុទ្ធ​ក្លិប Barcelona អាច​ជាប់គុក​ដល់​ទៅ​២២​ខែ ប្រសិនបើ​តុលាការ​សម្រេច​ថា ពិតជា​មាន​កំហុស​លើ​រឿង​ក្ដី​គេចពន្ធ ក្រោយ​ពី​តុលាការ​បដិសេធ​ការ​ស្នើ​សុំ​របស់​អយ្យការ​ខណ្ឌ​កា​តា​លុន​យ៉ា ដែល​មិន​ប្ដឹង​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ។

បញ្ហា​នេះ​អាច​តម្រូវ​ឱ្យ​កីឡាករ​អាយុ​២៨​ឆ្នាំ​រូប​នេះ ឡើង​សវនាការ​លើ​រឿង​ក្ដី​នេះ​បន្ត​ទៀត ។ កីឡាករ ម៉េ​ស​ស៊ី និង​លោក​ហ្គ័​រ​ហ្គេ ជា​ឪពុក រួម​ទាំង​អ្នកចាត់ការ​ផ្ទាល់​ត្រូវ​ចោទប្រកាន់​ថា បាន​គេចពន្ធ​ចំនួន​៤​លាន​អឺ​រ៉ូ ឬ​ប្រហែល​៤,៥​លាន​ដុល្លារ លើ​ប្រាក់​ចំណូល​បាន​ពី​ថ្លៃ​កម្មសិទ្ធិ​ផ្នែក​និមិត្តរូប​នៅ​ក្នុង​រវាង​ពី​ឆ្នាំ​២០០៧-២០០៩ ។

ខាង​អយ្យការ​នៅ​ខណ្ឌ​កា​តាឡុ​ន​យ៉ា​បាន​ពិចារណា​ថា​នឹង​មិន​ប្ដឹង​កីឡាករ ម៉េ​ស​ស៊ី ទេ ព្រោះ​មាន​ជំនឿ​ថា ខ្សែប្រយុទ្ធ​ក្លិប Barcelona​រូប​នេះ​មិន​បានដឹង​រឿងរ៉ាវ​ដែល​កើតឡើង ប៉ុន្តែ​នៅ​បន្ត​ដំណើរការ​រឿង​ក្ដី​ជាមួយ​ឪពុក​ម៉េ​ស​ស៊ី ដោយ​បញ្ជាក់​ថា ឪពុក​គឺជា​អ្នក​ចាត់ចែង​ប្រាក់​ចំណូល​របស់​កូនប្រុស​ដោយ​ផ្ទេរ​ប្រាក់​ចូល​គណនី​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​បេ​លី និង​អ៊ុយ​រូ​ហ្គា​យ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ចៅក្រម​បាន​ពិភាក្សា​ជាមួយ​អយ្យការ​ដោយ​បញ្ជាក់​ថា កីឡាករ​លី​យ៉ូ​ណេ​ល ម៉េ​សស  អាច​ឡើង​តុលាការ​ដើម្បី​ស្ដាប់​ការ​សើ​ុ​ប​អង្កេត​ពី​រឿង​ក្ដី​ខាងលើ និង​ប្រសិនបើ​ទទួល​ការ​សម្រេច​ថា ពិតជា​មាន​កំហុស​មែន​សាមីខ្លួន​អាច​ត្រូវ​ជាប់គុក​ដល់​ទៅ​២២​ខែ ៕