សេង ស្រឿ​ន និង ថៃ ប៊ុ​ន​ហាន បំបាក់​គូប្រកួត​ឡើង​វគ្គ​ខ្វែង

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កីឡាករ​សេង ស្រឿ​ន និង​កីឡាករ ថៃ ប៊ុ​ន​ហាន បាន​ក្លាយជា​ជើង​ខ្លាំង​២​រូប​ចុង​ក្រោយ​ទាល់តែ​បាន ដែល​មាន​វាសនា​បន្ត​ឈាន​ឡើង​ទៅ​ប្រកួត​វគ្គ​ខ្វែង​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​នៅ​លើ​សង្វៀន​ដែល​ពួក​គេ​ទទួលខុសត្រូវ​រៀងខ្លួន ។ អ្នក​ទាំង​ពីរ​បាន​វាយបំបាក់​គូប្រកួត​យ៉ាង​ស្វិតស្វាញ​បំផុត​ទម្រាំ​តែ​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​បន្ត ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​កំពូល​ជើងឯក​K.Cement កាលពី​មួយ​ថ្ងៃមុន​ភ្ជុំ កីឡាករ សល់ ពិសិដ្ឋ មក​ពី​ក្លិប​កុសល​កីឡា និង​កីឡាករ សេង ស្រឿ​ន មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម​នៅ​ក្នុង​ពូ​ល​B ដែល​ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​បាន​ឡើង​វគ្គ​ខ្វែង​។ រវាង​២​នាក់​នេះ គឺជា​ជើង​ខ្លាំង​ដូច​គ្នា ខណៈ​កាល​ប្រកួត​កន្លង​ទៅ កីឡាករ សល់ ពិសិដ្ឋ ធ្លាប់​ចាញ់ សេង ស្រឿ​ន ដោយ​ពិន្ទុ​ម្ដង​រួច​មក​ហើយ ដោយឡែក​សម្រាប់​ការ​ប្រកួត​ដែល​ត្រូវ​ប៉ះ​គ្នា​ជា​លើក​ទី​២​នោះ​ទៀត លទ្ធផល​នៅ​តែ​ដដែល ដោយ​គ្រាន់តែ​ប្ដូរ​ទម្រង់​ខុស​ពី​មុន​ត្រង់​អ្នក​ឈ្នះ​ទ្រម​ខ្លួន​ជាង​មុន​ប៉ុណ្ណោះ ។ ផ្អែក​តាម​ការ​ប្រកួត កីឡាករ​សេង ស្រឿ​ន ឈ្នះ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​បំផុត ដោយសារ​តែ​កីឡាករ​សល់ ពិសិដ្ឋ ដែល​ធ្លាប់​ចាញ់​រួច​ម្ដង បាន​បង្កើន​សមត្ថភាព និង​ប្រឹង​ស្ទុះស្ទា​វាយលុក​មិន​ដក​ដៃ ។ ពេញ​៥​ទឹក​ដែល​បាន​ប៉ះ​គ្នា កីឡាករ​បង្គោល​ក្រហម និង​ខៀវ ប្រើ​អស់​លទ្ធភាព​រៀងខ្លួន ដោយ​ក្នុង​ពេល​នោះ​គេ​ឃើញ​កីឡាករ​បង្គោល​ខៀវ​ដែល​ដឹង​ថា​ខ្លួន​ចាញ់ មាន​បំណង​ចង់ស៊ី​ឡាក​នៅ​ពេល​បង្គោល​ក្រហម​ជ្រុល​ថែម​មួយ​ជើង​នោះ​ផង ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​តែ​ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​ទាមទារ​ឲ្យ​ក្រោក​ឡើង​វិញ និង​មិន​ទទួលយក​សភាព​ធ្វើ​សន្លប់​របស់​គេ ។ ក្រោក​ពី​សន្លប់​កីឡាករ សល់ ពិសិដ្ឋ ដែល​ត្រូវការ​ឈ្នះ​ដើម្បី​ស្ដារ​មុខមាត់​ផង និង​ដើម្បី​បាន​បោះ​ជំហាន​ឆ្លង​ផុត​វគ្គ​ខ្វែង​ផង ត្រូវ​គេ​មើលឃើញ​ថា​សឹងតែ​ប្ដូរជីវិត សម្រាប់​ការ​ប្រកួត​ទាំងមូល ។ ទាំង​ដៃ ទាំង​កែង និង​ទាត់ កីឡាករ​រូប​នេះ​មិន​ទុក​ឲ្យ​ទំនេរ​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង គឺជា​ព្រឹត្តិការណ៍​កាត់ក្ដី​ដ៏​សំខាន់​ដែល​គេ​ក៏​ចង់​ឈ្នះ ឯ​ភាគី​ម្ខាង​ទៀត​ក៏​រឹតតែ​ចង់​ឈ្នះ​មិន​ខុស​គ្នា ។ យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​ឃើញ​កីឡាករ​សេង ស្រឿ​ន បង្គោល​ក្រហម អាច​រក្សា​លំនឹង​ថ្វីដៃ​ល្អ​ជាង ទាំង​ការ​វាយ​បំ​បុក និង​ទាំង​កម្រិត​វាយ​ការពារ​។ អ​ញ្ចឹ​ង​ហើយ​ទើប​ឆ្លង​ផុត​៥​ទឹក កីឡាករ​ដែល​ធ្លាប់​គ្រប់គ្រង​ជ័យជម្នះ​កាលពី​ប៉ះ​គ្នា​លើក​ទី​១ នៅ​តែ​ឈ្នះ​ដូច​ការ​គ្រោងទុក​នៅ​ក្នុង​វគ្គ​ដណ្ដើម​ពិន្ទុ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង ឆ្ពោះទៅ​រក​តំណែង​ជា​ម្ចាស់​ជើងឯក​របស់​ក្រុមហ៊ុន K-Cement នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ ។

តាម​រយៈ​ការ​ប្រកួត​បញ្ចប់​ពូ​ល​B​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​២​រូប គឺ ហេង វាសនា មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង និង​កីឡាករ​សេង ស្រឿ​ន បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត ដើម្បី​ប៉ះ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​២​រូប​ផ្សេង​ទៀត ដែល​នៅ​រង់ចាំ​ពួក​គេ​រួច​ជា​ស្រេច​នៅ​ក្នុង​ពូ​ល​A ។ ការ​ប៉ះ​គ្នា​រវាង​កីឡាករ​៤​រូប ក្នុង​វគ្គ​ឆ្លង​ពូ​ល​នេះ កីឡាករ​ហេង វាសនា និង​សេង ស្រឿ​ន សុទ្ធតែ​មានឱកាស​បោះ​ជំហាន​ដណ្ដើម​យក​ខ្សែក្រវាត់​ជើងឯក​ដូច​គ្នា បើ​គេ​បាន​បន្ត​ឈ្នះ​គូប្រកួត​រៀងខ្លួន​ហើយ​មានឱកាស​ឡើង​ប្រកួត​គ្នា​ម្ដងទៀត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ យ៉ាងណា​ក៏​ដោយ​គេ​មិន​ទាន់​ដឹង​ថា ហេង វាសនា និង​សេង ស្រឿ​ន អាច​ឈ្នះ​គូប្រកួត​របស់​ខ្លួន​ដោយ​ស្រួល​ឬ​យ៉ាងណា​ទេ ដោយសារ​តែ​កីឡាករ​២​រូប​ដែល​មានឈ្មោះ​ឡើង​បន្ត​វគ្គ​ខ្វែង​មក​ពី​ពូ​ល​A ក៏​មាន​ជំនឿ​ចិត្ត​បែប​នេះ​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​ឆ្លង​ពូ​ល ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ឯណោះ​វិញ កីឡាករ​ថៃ ប៊ុ​ន​ហាន ក៏​ទទួល​បាន​ឱកាស​បន្ត​ទៅ​កាន់​វគ្គ​ខ្វែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ដែល​មានឈ្មោះ​ថា​«​អធិរាជ​ស៊ីម៉ង់ត៍​អូដ្ឋ​»​ដូច​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១០ តុលា មុន​ភ្ជុំ​ធំ​មួយ​ថ្ងៃ​ផង​ដែរ ។ នេះ​ជា​លទ្ធផល​ក្នុង​វគ្គ​បញ្ចប់​ពូ​ល​B​ដែល​មាន​កីឡាករ​២​រូប​ត្រូវការ​ឈ្នះ​ដូច​គ្នា ។ មុន​ការ​ប្រកួត​កើតឡើង កីឡាករ​៣​រូប​ត្រូវ​គេ​មើលឃើញ​ថា​ស្ថិត​ក្នុង​ភាព​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង​ទាំង​សមត្ថភាព និង​ពិន្ទុ​។ យ៉ាងណា​ក៏​ដោយ រវាង​កីឡាករ​ធី តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ​ថៃ ប៊ុ​ន​ហាន មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ ស្ថិត​ក្នុង​សម្ពាធ​ខ្លាំង​ជាង ដោយសារ​តែ​អ្នក​ឈ្នះ​បាន​ឡើង ហើយ​អ្នក​ចាញ់​ហាលអាវ ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប៉ះ​គ្នា​ដើម្បី​បញ្ចប់​ពូ​ល​ដ៏​ស្វិតស្វាញ​នោះ ទាំង​កីឡាករ ធី តុង​ហ៊ី និង​ថៃ ប៊ុ​ន​ហាន បាន​ក្លាយជា​គូប្រជែង​ដែល​ហ៊ាន​បញ្ចេញ​ចង្កូម​ដាក់​គ្នា ដោយ​មិន​ខ្វល់​ពី​មិត្តភាព​នៅ​ខាងក្រៅ​ក្នុង​នាម​ជា​អ្នក​ប្រដាល់​រួមអាជីព​នោះ​ឡើយ​។ ជាក់ស្ដែង​គ្រាន់តែ​បើក​ឆាក​ទឹក​ទី​១​ភ្លាម កីឡាករ​វ័យក្មេង​ធី តុង​ហ៊ី ដែល​ត្រូវការ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ដាច់ខាត​មុន​ទឹក​ទី​៣ ដោយ​មិន​ត្រូវការ​សូ​ម្បី​តែ​លទ្ធផល​ឈ្នះ​ពិន្ទុ បាន​សម្រុក​វាយ​បំ​បុក ថៃ ប៊ុ​ន​ហាន ចាស់ដៃ ដោយ​ប៊ិះ​នឹង​ធ្វើ​ឲ្យ​ថៃ ប៊ុ​ន​ហាន ត្រដរខ្យល់​។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​វាយ​សម្រុក​ខ្លាំង​ពេក​បាន​ធ្វើ​ឲ្យ​គេ​បាត់បង់​ជំហរ ហើយ​ភ្លាត់​ត្រូវ​មួយ​កែង​ពេញទំហឹង​ប៊ិះ​នឹង​សន្លប់​ខ្លួនឯង​វិញ​ក្នុង​ទឹក​ទី​២​។ លទ្ធផល​នេះ​តម្រូវ​ឲ្យ​ធី តុង​ហ៊ី កាន់តែ​ប្រឹង​ស្ទុះស្ទា​ក្នុង​ទឹក​ទី​៣ ដោយសារ​បើ​គេ​ឈ្នះ​ត្រឹម​ពិន្ទុ គឺ​ពិតជា​ត្រូវ​ប្រទាញប្រទង់​ជាមួយ​ថៃ ប៊ុ​ន​ហាន នឹង​ត្រូវ​ធ្លាក់​ដដែល ដោយសារ​តែ​ថៃ ប៊ុ​ន​ហាន ដ្បិតថា​មាន ៧​ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​គេ​មាន​តែម​ត្រង់​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ នឹង​បាន​ឡើង​ទៅ ។ នៅ​ក្នុង​ការ​ប្រកួត​នោះ កីឡាករ​ធី តុង​ហ៊ី ដែល​ជា​ជើង​ខ្លាំង​ម្នាក់​បាន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​ជើង​ចាស់​ជា​គូប្រជែង​ទ្រម​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​សម្រេច​គោលដៅ​បាន​ទេ ។ ការ​ស្រវាស្រទេញ​ហួសហេតុ​របស់​គេ​កាន់តែ​ធ្វើ​ឲ្យ​គេ​ចង់​ភ្លាត់​ម្ដង​ៗ បណ្ដាល​ឲ្យ​ត្រូវ​កណ្ដាប់ដៃ និង​កែង​របស់ ថៃ ប៊ុ​ន​ហាន ទៅ​វិញ ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​គូ​នេះ កីឡាករ​ធី តុង​ហ៊ី ត្រូវ​ជ្រុះ​ចេញពី​ពូ​ល​ទាំង​សោកស្ដាយ ដោយ​គេ​ឃើញ​កីឡាករ​រូប​នេះ បញ្ចេញ​អាការ​ខឹង​ខ្លួនឯង​នៅ​លើ​រេញ​នោះ​ផង​។ ការ​បាត់បង់​ឱកាស​របស់​គេ គឺ​បណ្ដាល​មក​ពី​ចាញ់ ថៃ ប៊ុ​ន​ហាន ក្នុង​ពេល​កីឡាករ​មួយ​រូប​ទៀត គឺ​កីឡាករ​ថៃ Weerachai បាន​ឈ្នះ​អៀង ច័ន្ទ​លក្ខណ៍ ដូច​ការ​គ្រោងទុក ហើយ​ដណ្ដើម​បាន​ពិន្ទុ​លេខ​២​ប្រចាំ​ពូ​ល​។

យោង​ការ​ប្រកួត​វគ្គ​បញ្ចប់ កីឡាករ​ថៃ ប៊ុ​ន​ហាន ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល​មាន​៩​ពិន្ទុ និង​កីឡាករ​ថៃ Weerachai Menayuthin បាន​ចំណាត់ថ្នាក់​លេខ​២ មាន​៧​ពិន្ទុ​។ អ្នក​ទាំង​ពីរ នឹង​ត្រូវ​បន្ត​ទៅ​កាន់ការ​ប្រកួត​វគ្គ​ឆ្លង​ពូ​ល​ជាមួយ​កីឡាករ​២​រូប​ទៀត​មក​ពី​ពូ​ល​A ។ លទ្ធផល​នេះ បង្ហាញ​ថា ថៃ ប៊ុ​ន​ហាន នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​ចំណាត់ថ្នាក់​លេខ​២​របស់​ពូ​ល​ម្ខាង​ទៀត គឺ​វ៉ា​ន់ ចាន់​វ៉េ​ត និង​កីឡាករ​ថៃ ត្រូវ​ប៉ះ​ជាមួយ​ឈាង ហុង លេខ​១​ប្រចាំ​ពូ​ល​ដែល​ជា​ជើង​ខ្លាំង​។ រវាង​អ្នក​ទាំង​៤ មាន​៣​នាក់​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ចុង​ក្រោយ គឺ​កីឡាករ ឈាន ហុង កីឡាករ​ថៃ Weerachai Menayuthin និង​កីឡាករវ៉ា​ន់ ចាន់​វ៉េ​ត​។ យ៉ាងណា​ក៏​ដោយ រវាង​កីឡាករ​ឈាន ហុង និង​កីឡាករ​ថៃ ដោយសារ​តែ​ពួក​គេ​ត្រូវ​ឡើង​ប៉ះ​គ្នា​ក្នុង​វគ្គ​១​ភាគ​៤ ដូច្នេះ​គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពួក​គេ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប៉ះ​ជាមួយ​ថៃ ប៊ុ​ន​ហាន ឬ​វ៉ា​ន់ ចាន់​វ៉េ​ត ដណ្ដើម​តំណែង​ម្ចាស់​ជើងឯក ៕