​ពាក្យ​ទាំង​៦​ម៉ាត់​ដែល​កូន​ខ្លាច​បំផុត​

​ពាក្យ​ទាំង​៦​ម៉ាត់​ដែល​កូន​ខ្លាច​បំផុត​

​សម្តី​ដែល​អ្នក​និយាយ​ចំពោះ​កូន​រាល់ថ្ងៃ អ្នក​គិតថា​គ្រាន់តែ​ជា​ពាក្យសម្តី​ធម្មតា ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា មាន​ពាក្យសម្តី​ខ្លះ​វា​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​កូន​ខ្លាំងណាស់ ដូចនេះ​បើ​អ្នក​ចង់​ឲ្យ​កូនលូតលាស់​បានល្អ នោះ​អ្នក​មិន​ត្រូវ​និយាយ​ពាក្យសម្តី​ទាំង​៦​នៅ​ចំពោះមុខ​កូន​ឡើយ​។ តើ​មាន​ពាក្យ​អ្វី​ខ្លះ​ទៅ​?

“​មិន​ឲ្យ​យំ មិន​ត្រូវ​យំ​ខ្លាំងៗ​នោះទេ​”
នៅពេល​ដែល​កូន​យំ​មានន័យថា​គេ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​ហើយ ដូចនេះ​គេ​ប្រើការ​យំ​មក​សម្តែង​ចេញ​ឲ្យ​អ្នកឃើញ ប៉ុន្តែ​បើ​អ្នក​គំរាម​មិនឲ្យ​គេ​យំ នោះ​គេ​នឹង​លាក់ទុក​ក្នុង​ចិត្ត​នៅ​ពេល​ដែល​គេ​មាន​អារម្មណ៍​មិន​ល្អ នោះ​យូរ​ទៅ​កូន​នឹង​មាន​ជំងឺផ្លូវចិត្ត​ជាមិនខាន​។​
 

“​បើ​កូន​នៅតែ​មិន​ស្តាប់​សម្តី ម៉ាក់​នឹង​វ៉ៃ​ហើយ​ណា​”
នៅពេលដែល​កូន​រករឿង ឬ​ចង់​បាន​អ្វី ហើយ​អ្នក​មិន​ឲ្យគេ នោះ​អ្នក​មិន​ត្រូវ​ប្រើ​សម្តី​ខាងលើ​នោះ​ទេ ហើយ​ប្រើ​អំពើ​ហឹង្សា​នោះ​ទេ ព្រោះ​នៅពេល​ដែល​អ្នក​ប្រើ​ទង្វើ​នេះ ធំ​ឡើង​កូន​នឹង​រៀន​តាម​អ្នក នៅពេលដែល​មាន​រឿង​អ្វី​កើតឡើង គេ​នឹង​ប្រើ​អំពើហឹង្សា​មក​ដោះស្រាយ​បញ្ហា​។​
 

“​ហេតុអ្វី​បានជា​កូន​ក្លាយជា​កូន​ក្មេង​ដែល​គ្មាន​សីលធម៌​បែបនេះ​”
នៅពេល​ដែល​កូន​ជួប​នឹង​មិត្ត​របស់​អ្នក ហើយ​មិន​ព្រម​ហៅ នោះ​អ្នក​មិន​ត្រូវ​និយាយ​ពាក្យ​ខាងលើ​ដាក់​កូន​នោះ​នៅ​ចំពោះមុខ​មិត្ត​អ្នក​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​អារម្មណ៍ថាឯ​កកោរ និង​ខ្មាស់​គេ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ ជួនកាល​មក​ពី​កូន​ខ្លាច​មនុស្ស​ប្លែក ទើប​កូន​មិន​ហៅ​នោះ ដូចនេះ​អ្នក​គួរតែ​អប់រំ​កូន​នៅផ្ទះ​វិញ​ប្រសើរ​ជាង​។​
 

“​ធ្វើឲ្យ​លឿន​ទៅ​”
អ្នក​មិន​ត្រូវ​ប្រើ​ពាក្យ​គំរាមកំហែង​បែប​នេះ​ជាមួយ​កូន​ទេ​នៅពេល​ដែល​អ្នក​ឲ្យគេ​ធ្វើ​អ្វីមួយ ព្រោះ​វា​អាច​ធ្វើឲ្យ​កូនខ្លាច យូរ​ទៅ​កូន​នឹង​មាន​សម្ពាធ​ផ្លូវចិត្ត ជាងនេះទៅទៀត​កូន​នៅ​តូច ដូចនេះ​គេ​ធ្វើ​អ្វី​តែងតែ​យឺត​ជាង​អ្នក​ហើយ ដូចនេះ​អ្នក​គួរតែ​ទុកឲ្យ​គេ​ធ្វើ​តាម​សម្រួល​ទើប​ប្រសើរ​។​
 

“​ម៉ាក់​រវល់​ណាស់ ចេញ​ឲ្យ​ឆ្ងាយ​ពី​ម៉ាក់​បន្តិច​”
អ្នក​មិន​គួរប្រើ​ពាក្យ​សម្តី​នេះ​និយាយ​ដាក់​កូន​នៅ​ពេល​ដែល​គេ​តែងតែ​នៅក្បែរ​អ្នកនោះ​ទេ ព្រោះ​បើ​អ្នក​តែងតែ​ប្រាប់​ឲ្យគេ​ចេញ​ពី​អ្នក​ឲ្យ​ឆ្ងាយ នោះ​យូរ​ទៅ​គេ​នឹង​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​អ្នក គេ​នឹង​មិន​ស្រលាញ់​អ្នក​ទៀត​ទេ​។​
 

“​កូន​មិន​មើល​កូន​គេ​ថា​ជា​កូន​ដែល​ល្អ​ប៉ុណ្ណា​”
ការ​យក​កូន​ខ្លួនឯង​ទៅ​ប្រៀបធៀប​ជាមួយ​កូន​អ្នកដទៃ គឺជា​អំពើ​ដែល​អ្នក​មិន​គួរ​ធ្វើ​បំផុត ព្រោះ​វា​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កូន​ខ្លាំងណាស់ ទោះបីជា​កូន​ធ្វើ​ខុស ឬ​ធ្វើ​អ្វី​ឲ្យ​អ្នក​មិន​ពេញចិត្ត អ្នក​គួរតែ​អប់រំ​គេ​តាម​សម្រួល ដោយ​មិន​ត្រូវ​យក​កូន​អ្នកដទៃ​មក​ប្រៀបធៀប​នោះទេ វា​នឹង​ធ្វើឲ្យ​ក្នុងចិត្ត​កូន​មាន​សម្ពា​ធ​ជាមិនខាន​៕
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។