​ស្ត្រី​ឧស្សាហ៍​ឈឺ​ចង្កេះ ពេល​មាន​ផ្ទៃពោះ គួរ​ហាត់ប្រាណ​ឲ្យបាន​ច្រើន​

​ស្ត្រី​ឧស្សាហ៍​ឈឺ​ចង្កេះ ពេល​មាន​ផ្ទៃពោះ គួរ​ហាត់ប្រាណ​ឲ្យបាន​ច្រើន​

​ស្ត្រី​ដែល​មាន​ទម្លាប់​ហាត់ប្រាណ ជាពិសេស អំឡុងពេល ៣ ខែ​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ អាច​នឹង​ជួយ​ខ្លួនឯង ទប់ទល់​ទៅនឹង​ការ​ឈឺចង្កេះ​។​
​ការ​ហាត់ប្រាណ ពិតជា​អាច​ជួយ​ការ​ឈឺចង្កេះ​បាន​មែនឬ​? ដើម្បី​ចង់​ដឹង​ច្បាស់ វេជ្ជបណ្ឌិត Katrine Mari Owe ជនជាតិ​នរ​វ៉េ បាន​ធ្វើ​ការអង្កេត​ទៅលើ  ស្ត្រី​មាន​ផ្ទៃពោះ ជាង ៣៩.០០០ នាក់ តាំងពី​ឆ្នាំ ១៩៩៩ ដល់ ២០០៨​។​

​ស្ត្រី​ជា​ង ៥៧ ភាគរយ បាន​និយាយថា ពួកគេ​បាន​ហាត់ប្រាណ យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយអាទិត្យ មុនពេល​មាន​ផ្ទៃពោះ​។ ហើយ ៩ ក្នុងចំណោម ១០ នាក់ នៃ​ស្ត្រី​ទាំងនេះ បាន​បន្ត​ការ​ហាត់ប្រាណ​នេះ​។​

​ទោះបីជា​ការសិក្សា មិន​បាន​បង្ហាញ​ពី​ហេតុផល និង​ផលប៉ះពាល់​ក៏ដោយ ក៏​គេ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ នឹង​កាន់តែ​ឈឺ​ចង្កេះ ប្រសិន​បើ​ពួកគេ ជក់បារី ធាត់​លើស​ទម្ងន់ មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត ឬ​មាន​ជំងឺ​ឈឺចង្កេះ​ពីមុន​។ ម្យ៉ាងទៀត ម្តាយ​ដែល​មាន​អាយុ​តិចជាង ២៥ ឆ្នាំ ក៏​ប្រឈម​មុខ​ខ្ពស់​ជាង​ស្ត្រី​ដែល​មាន​អាយុ​ច្រើន​ដែរ​។​

​ទោះបីជា​យ៉ាង ការ​ឈឺចង្កេះ ភាគច្រើន ត្រូវបាន​កាត់បន្ថយ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​បាន​ហាត់ប្រាណ ៣ ទៅ ៥ ដង​ក្នុង​មួយអាទិត្យ អំឡុង​ពេល​មាន​ផ្ទៃពោះ​។​

​តើ​ការ​ហាត់ប្រាណ​បែបណា ដែល​ល្អ​បំផុត​នោះ​? វា​មាន​ច្រើន ប៉ុន្តែ អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ ការរត់​តិចៗ អា​អេរ៉ូប៊ិច និង​យូហ្កា​។​
​ការរកឃើញ​នេះ ត្រូវ​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទៅ ៤ ខែ តុលា ថ្មីៗ​នេះ នៅ​ក្នុង​ព្រឹត្តប័ត្រ​ព័ត៌មា​ន​សុខភាព British Journal of Sports Medicine៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។