ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ទៅ​កាន់​សហរដ្ឋ​អា​​មេ​រិ​ក

យោង​តាម YONHAP ថា ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE បាន​ទៅ​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន កាលពី​ថ្ងៃ​ទី​១៣ តុលា ដើម្បី​ជួប​គ្នា​កំពូល​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា សំដៅ​ជំរុញ​ថែម​ទៀត​សម្ព័ន្ធភាព​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២ ព្រមទាំង​ពី​ការ​បង្ក​ជ​ហេតុ​ជាយថាហេតុ​ទាំងឡាយ​របស់​កូរ៉េ​ខាងជើង ។

ការ​ជួប​គ្នា​កំពូល​ជាមួយ​លោក​អូ​បា​ម៉ា នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៦ តុលា ហើយ​នេះ​នឹង​ជា​ការ​ជួប​គ្នា​លើក​ទី​៤ ចាប់តាំងពី​លោកស្រី PARK ចូល​កាន់​តំណែង​ពី​ខែកុម្ភៈ ឆ្នាំ​២០១៣ មក ។ ការ​ជួប​គ្នា​កំពូល​លើក​នេះ​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ ដែល​មាន​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​ថា កូរ៉េ​ខាងជើង​អាច​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ​មួយ​នា​បណ្តា​ខែ​ខាង​មុខ ។

ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ចាត់​ទុក​ការ​បាញ់​មី​ស៊ី​ល​របស់​ក្រុង​ព្យុ​ង​យ៉ាង​ថា ជា​ការ​បិទ​បាំង​ការ​សាកល្បង​បច្ចេកវិទ្យា​មី​ស៊ី​ល​បាលី​ស្ទិ​ក ខណៈ​ការ​សាកល្បង​បែប​នេះ​ត្រូវ​ហាមឃាត់​ដោយ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

លោកស្រី PARK និង​លោក​អូ​បា​ម៉ា ត្រូវ​ពិភាក្សា​គ្នា​ពី​វិធី​បញ្ចេញ​ប្រតិកម្ម​តប​ចំពោះ​ការ​បង្កហេតុ​ជាយថាហេតុ​ទាំងឡាយ​របស់​កូរ៉េ​ខាងជើង ហើយ​ជំរុញ​ការ​ចរចា​៦​ភាគី​ឡើង​វិញ ក្រោយ​ពី​ផ្អាក​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ។ ការ​ចរចា​ពហុភាគី​នេះ​ចូលរួម​ដោយ​កូរ៉េ​ទាំង​២ សហរដ្ឋ​អា​មេ​រិ​ក ចិន រុ​ស្ស៊ី និង​ជប៉ុន ។

ប្រមុខរដ្ឋ​ទាំង​២​ក៏​គ្រោង​ពិភាក្សា​គ្នា​ផង​ដែរ​ពី​មធ្យោបាយ​នានា ដើម្បី​ពង្រឹង​ថែម​ទៀត​នូវ​សម្ព័ន្ធភាព​ទ្វេភាគី ។ កូរ៉េ​ខាងត្បូង​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​សហរដ្ឋ​អា​េ​ម​រិ​ក ។ ទាហាន​អា​េ​ម​រិ​ក ប្រមាណ​ជា​២៨.៥០០​នាក់ ដាក់​ពង្រាយ​នៅ​ដែនដី​កូរ៉េ​ខាងត្បូង ។

កាលពី​ខែ​មុន លោកស្រី PARK បាន​ជួប​ជាមួយ​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង នៅ​ក្រុង​ប៉េ​កាំ​ង មុន​ការ​ជួប​គ្នា​កំពូល​រវាង​លោក​អូ​បា​ម៉ា និង​លោក​ស៊ី នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ។ កូរ៉េ​ខាងត្បូង ចិន និង​ជប៉ុន​ក៏​គ្រោង​ជួប​គ្នា​កំពូល​ត្រីភាគី​ផង​ដែរ នា​ដំណាច់ខែ​នេះ ឬ​ដើមខែ​ខាង​មុខ ។ ពុំ​មានការ​ជួប​គ្នា​កំពូល​ត្រីភាគី​បែប​នេះ​ឡើយ ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០១២ មក ដោយសារ​ភាព​តានតឹង​នានា​ទាក់ទិន​រឿង​ប្រវត្តិសាស្ត្រ ៕