ជនជាតិ​អីុស្រា​អែ​ល​3​នាក់​ស្លាប់​នៅ​ហ្សេ​រុយ​សា​ឡឹម

នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​សន្យា​កាលពី​ថ្ងៃ​ទី​១៣ តុលា ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ប្រឈម​មុខ​ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ជាមួយ​ពួក​ប៉ា​ឡេ​ស្ទី​ន ដែល​អំពើ​ហិង្សា​ទាំងនេះ​បាន​ឆ្លងកាត់​របត់​ថ្មី​មួយ​ជាមួយ​ការ​ស្លាប់​របស់​ជនជាតិ​អីុ​ស្រា​អែ​ល​៣​នាក់ ក្នុង​ការ​វាយប្រហារ​ភេ​វ​កម្ម​២​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ។

លោក​នេ​តាន់​យ៉ា​ហ៊ូ មាន​ប្រសាសន៍​ថា យើង​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​យើង​មាន ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ដែល​លោក​ថា​ធ្ងន់ធ្ងរ ហើយ​ហាក់ដូចជា​ពុំ​បញ្ចប់ ។

នៅ​មុខ​សភានាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​ថ្លែង​ថា រដ្ឋាភិបាល​នឹង​សម្រេច​នា​ពេល​នេះ​នូវ​មធ្យោបាយ​ខ្លាំង​នានា​បន្ថែម​ទៀត ដែល​នឹង​ចូល​ជា​ធរមាន​ដោយ​ឆាប់រហ័ស ។ លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ដល់​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​ម៉ា​មូ​ដ អាប់​បាស់ ដែល​អីុ​ស្រា​អែ​ល​នឹង​ចាត់ទុកជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ករណី​មានការ​ស្រុត​ចុះ​ថ្មី​នៃ​សភាពការណ៍ ។

សហរដ្ឋ​អា​មេ​រិ​កបាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​ទាំង​២​នេះ​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ដោយ​ស្នើ​ដល់​អាជ្ញាធរ​អីុ​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន​ឱ្យ​ស្តារ​ឡើង​វិញ​នូវ​ភាព​ស្ងប់ស្ងាត់ ។

ចំណែក អ​.​ស​.​ប វិញ បាន​រិះគន់​ចំពោះ​ការ​ប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​របស់​កងកម្លាំង​សន្តិសុខ​អីុ​ស្រា​អែ​ល​ប្រឆាំង​ពួក​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី ។

នា​ព្រឹក​ថ្ងៃ​ទី​១៣ តុលា ជន​ប៉ា​ឡេ​ស្ទី​ន​២​នាក់​បាន​បាញ់ប្រហារ​លើ​រថយន្ត​បឺស​១​គ្រឿង​នៅ​ហ្សេ​រុយ​សា​ឡឹម​ខាងកើត បណ្តាល​ឱ្យ​ជន​អីុ​ស្រា​អែ​ល​២​នាក់​ស្លាប់ និង​របួស​ច្រើន​នាក់ ។ ចំណែក​ការ​វាយប្រហារ​មួយទៀត បណ្តាល​ឱ្យ​ជន​អុ​ី​ស្រា​អែ​ល​ម្នាក់​ស្លាប់​នៅ​ហ្សេ​រុយ​សា​ឡឹម​ខាងលិច ៕