កងរាជអាវុធ​ហត្ថ​ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ក្មេង​ទំនើង​ ៤​នាក់ អុកឡុក​ពិធីជប់លៀង​ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ខេត្តបន្ទាយមានជ័យ: ​ក្មេង​ទំនើង​ បាននាំគ្នា​ទៅ​អុកឡុក​ក្នុងភូមិ​ ក្នុងឱកាស​អ្នកភូមិ​ កំពុង​រីករាយ​ និង​ជប់​លៀង​​អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ។ ក្មេងទំនើង ៤ នាក់​ ត្រូវបាន​កំលាំងកងរាជ​​អាវុធ​ហត្ថ ​ខេត្តបន្ទាយមានជ័យ ​ចុះបង្ក្រាប និងឃាត់ខ្លួន បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​១៣​ ខែតុលា​ ឆ្នាំ​២០១៥​។​

​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ ​បាន​និយាយថា ក្មេង​ទំនើង​ទាំង​ ៤​នាក់​នោះ ​មានឈ្មោះ ១. ឈ្មោះ​ប៊ូ ច័ន្ទ​រះ អាយុ ១៨​ឆ្នាំ​។ ២. ឈ្មោះ កុក កួយ  អាយុ​១៩​ឆ្នាំ​។ ៣. ឈ្មោះ​ ដឿ​ត ហឺ អាយុ ១៩ ឆ្នាំ និង ឈ្មោះ ខូ​យ សាវង្ស អាយុ​ ១៩​ឆ្នាំ។ អ្នក​ទាំង​ ៤​នាក់ ​រស់នៅ ក្នុង​ភូមិ​ពង្រ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ពាក្យបណ្តឹង​របស់​ឈ្មោះ ​តេង សុ​ផា​រ័ត្ន នៅ​ភូមិ​បត់​ត្រង ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ បាន​ចោទ​ជន​ទាំង​ ៤​នាក់​ថា បាន​ប៉ុនប៉ងប្រើ​អំពើ​ហឹ​ង្សា​ មកលើ​រូប​ខ្លួន​។ គឺជនទាំង ៤ បាន​​បង្ក​អុក​កឡុក​ ពេល​ជប់លៀង​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ កាលពី​ល្ងាច​ថ្ងៃទី​១១​ ខែតុលា ​ឆ្នាំ​២០១៥ ​នៅភូមិឈូក​ សង្កាត់​ម្កាក់ ​ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​។       

ពាក្យបណ្តឹង​លើកឡើងថា ​មុនពេល​កើតហេតុ ​ឈ្មោះ តេង សុ​ផា​រ័ត្ន បាន​នាំ​មិត្តភក្តិ​ទៅលេង​ផ្ទះ​គូ​ដណ្តឹង​ ឈ្មោះ ចេក ផ្លា​នី​ន អាយុ​ ១៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ឱកាស​នោះដែរ​ ផ្ទះ​របស់​គូ​ដណ្តឹង​បានធ្វើ​ពិធីជប់លៀង​តូច​មួយ​ អបអរសាទរ​បុណ្យ​​ភ្ជុំបិណ្ឌ​។​ លុះ​នៅ​ម៉ោង ​៤​ល្ងាច​ថ្ងៃទី​១១តុលា ​ស្រាប់​តែមាន​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ ៤​នាក់​ បាន​ចូលមក​អុកឡុក​ក្នុង​ពិធីជប់លៀង​នោះ ​ដោយ​ស្រែក​គម្រាម​វាយ​កម្ទេច​ម្ចាស់ផ្ទះ​ ព្រោះតែ​បាន​ជេរ​ពួកគេ​តាម​ទូរស័ព្ទ​​មុននេះ​។ ក្មេង​ទំនើង​ទាំង ​៤​នាក់​មាន​ទាំង​ដំបងឆក់ កាំបិត​ បាន​ស្ទុះ​ចូល​ទៅរក​កាប់សម្លាប់​ម​នុស្ស ក្នុង​ពិធីជប់លៀង​យ៉ាង​សាហាវ​។ ឪពុក​ខាង​ស្រី​ បាន​ចេញមក​ឃាត់ ហើយ​បាន​ទូរស័ព្ទ​ទៅប្ដឹងកងរាជ​អាវុធ​ហត្ថ ឲ្យ​​ជួយ​អន្តរាគមន៍​​​។​

ភ្លាមៗ ​​កម្លាំងកងរាជ​​អាវុធហត្ថ​មួយក្រុម ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ចុះទៅ​បង្ក្រាប និងចាប់បានក្មេងទំនើង​ទាំង ៤ នាក់នោះ​ នាំ​យក​មក​​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​។​

​លោក ឱ បូ​រិន្ទ បញ្ជាក់ទៀតថា បើតាម​ធ្វើការ​ស្រាវជ្រាវ​របស់​អា​វុ​ធ​ហត្ថ រឿងនេះ​បណ្តាលមកពី​ការយល់ច្រឡំ​ពី​​រឿងរ៉ាវ​​ស្នេហា ទើប​ក្មេង​ទំនើង​ទាំង ​៤​នាក់​នេះ ឈាន​ដល់​ការ​​ប្រើ​អំពើ​ហឹ​ង្សា​យ៉ាង​ដូច្នេះ​។ កម្លាំង ​អ.ហ​ បាន​បាន​កសាង​សំណុំរឿង បញ្ជូន​ជន​សង្ស័យ​ទាំង​ ៤​នាក់ ទៅ​តុលាការ​ហើយ​៕  
   

កងរាជអាវុធ​ហត្ថ​ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ក្មេង​ទំនើង​ ៤​នាក់ អុកឡុក​ពិធីជប់លៀង​ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
កម្លាំង ​អ.ហ ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនក្មេង​ទំនើង​ ៤​នាក់ ​ទៅ​តុលាការ​ករណី​អុក​ឡុក​​ពិធី​​ជប់លៀង​ ពេលបុណ្យភ្ជុំបិណ្ឌ​