កូរ៉េ​កំពុង​សិក្សា ជួយ​សាងសង់​សាកលវិទ្យាល័យ តម្លៃ ៣៥ លាន​ដុល្លារ នៅ​ខេត្តកំពង់ចាម​

ភ្នំពេញ: រដ្ឋាភិបាល​កូរ៉េខាងត្បូង​ តាមរយៈ កុយ​កា ( KOICA ) កំពុងតែ​សិក្សា ដើម្បី​ជួយ​សាង​សង់​សាកលវិទ្យាល័យ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​កូរ៉េ ដែលមាន​តម្លៃ ៣៥ លាន​ដុល្លារ នៅ​ខេត្តកំពង់ចាម​។ គម្រោង​នោះ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារ​រវាង​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក Kim Hong kyun អនុរដ្ឋមន្ត្រី​ការបរទេស ទទួលបន្ទុក​នយោបាយ នៃ​សាធារ​ណ​រដ្ឋ​​កូរ៉េ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​។​

​បន្ទាប់ពី​កិច្ចប្រជុំ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​មាន​ប្រសាសន៍ប្រាប់​ក្រុមអ្នកកាសែត​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​រម្លឹក​ឡើងវិញ ស្នើសុំ​ឲ្យ​កូរ៉េ ផ្តល់​ចម្លើយ​ជា​វិជ្ជមាន ចំពោះ​សំណើ​របស់​កម្ពុជា ដែល​បានស្នើ​ឲ្យ​កូរ៉េ ជួយ​ទ្រទ្រង់​ដល់​គម្រោង​ក្នុងការ​សាងសង់​សាកល​វិទ្យាល័យ "​សា​ម៉​ល ឧដុង្គ ហ៊ុនសែន HUN SEN Saemaul Undong​" ដែលមាន​ចំណាយ​សរុប​ប្រមាណ ៣៥ លាន​ដុល្លារ​អាមេរិក​។​

​លោក ជុំ សុន្ទរី បាន​បន្តថា ឆ្លើយតប​នឹង​សំណើ​ខាងលើនេះ អនុរដ្ឋមន្ត្រី​កូរ៉េ ក៏បាន​ជម្រាបជូន​ថា ក្នុង​ខែកក្កដា កន្លងមក អង្គការ កុយ​កា របស់​កូរ៉េ បានមក​សិក្សា​នូវ​សំណើ​របស់​កម្ពុជា ចំពោះ​គម្រោង​សាងសង់​សាកលវិទ្យាល័យ "​សា​ម៉​ល ឧដុង្គ ហ៊ុន​សែន​" ហើយ​បានរៀបចំ​បង្កើត​នូវ​ប្លង់​មេ សម្រាប់​គម្រោង​នេះ ហើយ​នៅ​ខែវិច្ឆិកា​ខាងមុខ កុយ​កា នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​ម្តង ដើម្បី​ជួប​ជាមួយ​ភាគី​កម្ពុជា ពិភាក្សា​លម្អិត​ចំពោះ​គម្រោង​សាងសង់​សាកលវិទ្យាល័យ​នេះ​។​

​លោក ជុំ​សុន្ទរី ក៏បាន​គូសបញ្ជាក់ថា ការស្នើ​ឲ្យ​កូរ៉េ បង្កើត​សាកលវិទ្យាល័យ "​សា​ម៉​ល ឧដុង្គ ហ៊ុនសែន​" នៅ​ខេត្តកំពង់ចាម ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន​ខ្មែរ នៅតាម​ជនបទ បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​៕​