ម៉េ​ស៊ុត អូ​ស៊ី​ល ៖ Arsenal នឹង​លើក​ពាន​ប្រឺ​មី​ញេ​លី​ក​រដូវ​កាល​នេះ

ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ ម៉េ​ស៊ុត អូ​ស៊ី​ល​និយាយ​ថា ក្លិប Arsenal នឹង​លើក​ពាន​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស នៅ​រដូវ​កាល​នេះ​បើសិនជា​កីឡាករ​ក្នុង​ក្រុម​នៅ​តែ​រក្សា​ទម្រង់​លេង​បាន​ល្អ​ដូច​ពេល​នេះ ។

ការ​អះអាង​បែប​នេះ​ក្រោយ​ពេល​ក្លិប​កាំភ្លើង​ធំ Arsenal លត់​ក្រុម​បិសាច​ក្រហម Man Utd​ដោយ​លទ្ធផល​៣-០ ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​ក្របខ័ណ្ឌ​អង់គ្លេស Premier League បន្ទាប់​ពី​ក្លិប​មេឃ​ខៀវ Man City ខណៈ​ដែល​ក្លិប Man Utd ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ​៣​វិញ ។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​និយាយ​ថា​៖«​យើង​មាន​សមាជិក​ក្រុម​ប្រកបដោយ​ទេព​កោសល្យ​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក ។ គោលបំណង​របស់​ក្លិប​គឺ​ចង់​ឈ្នះ​ពាន Premier League រដូវ​កាល​នេះ​ហើយ​ខ្ញុំ​គិត​ថា​អាច​ទៅ​រួច​ឱ្យ​តែ​កីឡាករ​ក្នុង​ក្រុម​មិន​មាន​របួស​ពេល​ជួប​គូប្រកួត​ផ្សេង​ទៀត​» ។

អូ​ស៊ី​ល​បន្ថែម​ទៀត​ថា ការ​ជួប​ក្លិប Man Utd បាន​បង្ហាញ​ថា ក្លិប Arsenal កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ជ័យជម្នះ​ក្នុងលី​ក និង​បន្ត​ឈ្នះ​នៅ​ឆេ​ម​ពាន​លី​ក​ដែល​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ តុលា ខាង​មុខ​ជួប​ជាមួយ​ក្លិប​ក្របខ័ណ្ឌ​អា​ល្លឺ​ម៉​ង់ Bayern ។ Arsenal​មិន​អាច​យកឈ្នះ​Dortmund បាន​ទេ តែ​អាច​ប្រកួត​ជាមួយ Bayern បាន ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណា​ក្ដី ៕