អាជីវករ​ក្រុង​បានលុង​ខេត្ត​រតនគិរី​ត្អូញត្អែរ​លក់​ទំនិញ​មិន​ដាច់​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

ទាញ​យក​កម្មវីធី

ក្រុម​អាជីវករ​លក់​ដូរ​ទំនិញ និង​ចំណី​អាហារ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី ត្អូញត្អែរ​ថា នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ មិន​មាន​ប្រជាពលរដ្ឋ​កុះករ​ទិញ​ចំណី​អាហារ និង​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ធ្វើ​ពិធី​បុណ្យ​ឲ្យ​អធិកអធម​ដូច​បណ្ដា​ឆ្នាំ​មុនៗ​នោះ​ឡើយ។ ប្រជាពលរដ្ឋ​ភាគ​ច្រើន បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​សាច់ញាតិ​ក្រុម​គ្រួសារ ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​វិញ។

ចាប់​ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​មួយ​រហូត​មក​ទល់​នឹង​ថ្ងៃ​១៥​រោច ជា​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី ការ​ធ្វើ​ចរាចរ​នៅ​តាម​ដង​ផ្លូវ ការ​លក់​ដូរ​គ្រឿង​សម្ភារៈ​ប្រើប្រាស់ និង​ទីផ្សារ​លក់​នំ​ចំណី​បន្លែ​ត្រី​សាច់ មាន​សភាព​ថយ​ចុះ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ខុស​ប្រក្រតី។

គេហដ្ឋាន អគារ​លក់​គ្រឿង​សម្ភារៈ​ប្រើប្រាស់ និង​ហាង​លក់​ទំនិញ កន្លែង​ធ្វើ​សេវាកម្ម​សាធារណៈ​នៅ​ទី​រួម​ខេត្ត ភាគ​ច្រើន​បិទ​ទ្វារ​បន្តបន្ទាប់ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នាំ​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដើម្បី​ចូលរួម​បុណ្យ​ភ្ជុំ​បិណ្ឌ។

អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​បានលុង អ្នកស្រី អៀ ចាន់ណារី កត់​សម្គាល់​ថា រដូវ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ថា អាជីវករ​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដូច​រដូវ​បុណ្យ​ភ្ជុំ​នា​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ ពីព្រោះ​បរិមាណ​អតិថិជន​អ្នក​មក​ផ្សារ​ទិញ​បន្លែ​ត្រី​សាច់ បាន​ថយ​ចុះ មិន​ដូច​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឬ​ចូល​ឆ្នាំ​ចិន-វៀតណាម នោះ​ឡើយ។ លើស​ពី​នេះ រដូវ​ភ្ជុំ​ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ខេត្ត​រតនគិរី ជា​ហេតុ​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ធ្វើ​ដំណើរ​ទៅ​ផ្សារ ទិញ​ចំណី​អាហារ​គ្រឿង​ប្រើប្រាស់ និង​ដោយឡែក​ភ្ញៀវ​ទេសចរ មិន​ចូល​ចិត្ត​មក​លេង​កម្សាន្ត​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ដូច​ខេត្ត​រតនគិរី ជាដើម៖ «វា​ស្ងាត់ ហើយ​ណា​មួយ​មនុស្ស​ឥឡូវ​អត់​លុយ ល្មមៗ​មុខ​ណា​ដែល​អត់​បាន គេ​អត់​សិន​ទៅ​ណា! អត់​ដូច​រាល់​ឆ្នាំៗ រដូវ​ហ្នឹង​គេ​ចាយ​លុយ ដល់​ពេល​ឥឡូវ​គេ​កាត់​បន្ថយ​ពាក់​កណ្ដាល អត់​ដូច​រាល់​ឆ្នាំ​ទេ រាល់​ឆ្នាំ​លក់​បាន​គួរ​សម​ដែរ។ បើ​និយាយ​រឿង​ថ្លៃ​វិញ ពាក់​កណ្ដាល​អត់​ឡើង​ថ្លៃ​បាន​ផង យើង​លក់​តាម​តម្លៃ​ចាស់​ដដែល​ហ្នឹង»

ដូច​គ្នា​នេះ​ដែរ អាជីវក​រលក់​សម្លៀកបំពាក់​នៅ​ក្រុង​បានលុង លោកស្រី សួន សុភី កត់​សម្គាល់​ដែរ​ថា មិន​មែន​តែ​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​ទេ អាជីវករ​ភាគ​ច្រើន​ចាត់​ទុក​ឆ្នាំ​២០១៥ ថា​ជា​ឆ្នាំ​បរាជ័យ​សម្រាប់​ការ​ស្វែងរក​ប្រាក់​ចំណូល​បង្កើន​សេដ្ឋកិច្ច​គ្រួសារ បើ​ប្រៀបធៀប​នឹង​បណ្ដា​ឆ្នាំ​កន្លង​ទៅ​នេះ។ លោកស្រី​ប៉ាន់​ប្រមាណ​ថា ដោយសារ​តែ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​ឆ្នាំ​នេះ​កាន់​តែ​ធ្លាក់ ហេតុ​នេះ​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​ចំណាយ​ប្រាក់​ច្រើន​ទិញ​សម្លៀកបំពាក់ ឬ​សម្ភារៈ​ប្រើប្រាស់​សម្រាប់​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ។ លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដែល​មាន​ស្រុក​កំណើត​នៅ​បណ្ដា​ខេត្ត​ផ្សេងៗ បាន​នាំ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​បុណ្យ​ភ្ជុំ​នៅ​ភូមិ​កំណើត​របស់​ពួក​គេ ហើយ​ចំណាយ​ប្រាក់​តិចតួច​ក្នុង​ពិធី​បុណ្យ​ជួប​ជុំ​គ្រួសារ​នេះ៖ «ស្ងាត់​លក់​អត់​ដាច់​ដូច​ឆ្នាំ​មុនៗ លក់​ដាច់​ពី​បិណ្ឌ​មួយ​ដល់​បិណ្ឌ​ដប់​បួន លក់​ដាច់​រហូត។ គាត់​អត់​ទៅ​ណា​ទេ ប្រហែល​ជា​គាត់​រក​អត់​សូវ​បាន ប្រើ​របស់​ចាស់ៗ​សិន អ្នក​ទិញ​តិច។ ប្រហែល​ប៉ះពាល់​ពី​សេដ្ឋកិច្ច​ខេត្ត​ធ្លាក់​ចុះ ប្រជាពលរដ្ឋ​រក​អត់​សូវ​បាន ខ្ញុំ​អាជីវករ​រក​អត់​សូវ​បាន​ដែរ»

នៅ​ខេត្ត​រតនគិរី មាន​វត្ត​ព្រះពុទ្ធ​សាសនា​ចំនួន ៣២​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជាង ២០០​អង្គ ដែល​ពុទ្ធ​បរិស័ទ​នៅ​ទូទាំង​ខេត្ត​គោរព​ប្រតិបត្តិ​ធ្វើ​បុណ្យ​ទាន ចម្រើន​កុសល​ផល​បុណ្យ។

ទាក់ទិន​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​ដែរ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​រតនគិរី លោក ទេព ណារ៉ា មាន​ប្រសាសន៍​ថា ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​មិន​សំខាន់​ទៅ​លើ​ការ​ចំណាយ​ប្រាក់​តិច ឬ​ច្រើន​ចូលរួម​ពិធី​បុណ្យ​នោះ​ទេ គឺ​អាស្រ័យ​ធនធាន និង​ជំនឿ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ។ លោក​ចាប់​អារម្មណ៍​ថា ប្រជាពលរដ្ឋ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នៅ​ខេត្ត​រតនគិរី ថ្វី​ត្បិត​នៅ​មាន​ចំនួន​តិចតួច ក៏ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​គោរព​ប្រតិបត្តិ និង​នាំ​គ្នា​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​បុព្វការី​ជន​ទាំង​អ្នក​រស់​នៅ និង​អ្នក​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ៖ «បើ​ន័យ​បុណ្យ​ទាន​វា​ដូច​តែ​គ្នា គ្មាន​អ្នក​ណា​ជាង​អ្នក​ណា​ទេ បើ​គេ​ណា​មាន​បាន​ចង្ហាន់​ល្អ​ទៅ បើ​អ្នក​ក្រ​ចង្ហាន់​មិន​សូវ​ល្អ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ជីវភាព​ប្រជាពលរដ្ឋ វា​ដូច​តែ​គ្នា វា​មិន​ខុស​ស្អី​គ្នា​ទេ»

ជាទូទៅ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី នាំ​គ្នា​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​គ្រប់​វត្ត​អារាម និង​នាំ​គ្នា​ជួប​ជុំ​គ្រួសារ​បរិភោគ​អាហារ​ជុំ​គ្នា។ ប្រជាពលរដ្ឋ​ខ្លះ​ទៀត នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​នេះ។

ទាក់ទិន​ទៅ​នឹង​វិស័យ​ទេសចរណ៍​នៅ​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​ដែរ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត វិទូ ទទួល​ស្គាល់​ដែរ​ថា បរិមាណ​ភ្ញៀវ​ទេសចរ​ក៏​មាន​ចំនួន​តិចតួច​បំផុត បាន​មក​កម្សាន្ត​ខេត្ត​រតនគិរី នៅ​រដូវ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ។ លោក​បញ្ជាក់​ថា ភាព​ថយ​ចុះ​នៃ​ចំនួន​អ្នក​ទេសចរ ក៏​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្រុម​អាជីវករ និង​ម្ចាស់​សេវាកម្ម​នានា​មិន​អាច​បង្កើន​ថ្លៃ​លក់​ដូរ​បាន​ខ្ពស់​ឡើយ៖ «មក​ដល់​ថ្ងៃ​ហ្នឹង​ស្ងាត់​ឈឹង អត់​ទាន់​មាន​ចំណាក​ស្រុក​ណា​មក​ច្រើន​ទេ ទើប​ឃើញ​មាន ៨​ឡាន។ ប្រហែល​ជា​គេ​ធ្វើ​បណ្ដាញ​ខ្សែ​ផ្លូវ​ច្រើន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន​ស្រួល អ៊ីចឹង​គេ​អាច​បំបែក​គ្នា​ទៅ​ដើរ​លេង​គ្រប់​កន្លែង ហើយ​អ្នក​រតនគិរី ភាគ​ច្រើន​ចុះ​ទៅ​ក្រោម​ច្រើន។ ឥឡូវ​ស្ងាត់​ផ្សារ​ស្ងាត់ អត់​មាន​អ្នក​ចូល​ផ្សារ»

សេចក្តី​រាយការណ៍​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ទូទៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​បាន​ល្អ​ប្រសើរ​ច្រើន មិន​មាន​អំពើ​លួច​ប្លន់ ឬ​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​រៀបចំ​សម្អាត និង​លំអ​សោភណភាព​ក្រុង​នា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដូច​ធ្លាប់​បាន​ធ្វើ​រៀង​រាល់​ឆ្នាំ ជាពិសេស​បាន​ចាត់​ចែង​កង​កម្លាំង​យាម​ល្បាត​នៅ​ចំណុច​គោលដៅ​សំខាន់ៗ និង​តាម​វត្ត​អារាម ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។