យន្តហោះ​MH-17​ធ្លាក់​ដោយ​គ្រាប់​មី​ស៊ី​លបាញ់​ចេញពី​ដែនដី​ត្រួតត្រា​ដោយ​កងទ័ព​អ៊ុយ​ក្រែ​ន

ក្រុមហ៊ុន​ផលិត​មី​ស៊ី​ល​រុ​ស្ស៊ី ALMAZ ANTEI អះអាង​កាលពី​ថ្ងៃ​ទី​១៣ តុលា ថា យន្តហោះ​ជើងហោះហើរ MH-17 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី MALAYSIA AIRLINES ត្រូវ​បាញ់​ធ្លាក់​ដោយ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​ធុន 9M38 មួយ​គ្រាប់​ចេញពី​ដែនដី​ត្រួតត្រា​ដោយ​កងទ័ព​អ៊ុយ​ក្រែ​ន ។

ប្រធាន​អគ្គនាយក​របស់​ក្រុមហ៊ុន ALMAZ ANTEI ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ពេល​នេះ​យើង​អាច​និយាយ​ដោយ​ច្បាស់​ថា ប្រសិនបើ​យន្តហោះ​ធុន​ប៊ូ​អុ​ី​ង​នេះ​ពិតជា​ត្រូវ​គ្រាប់​មី​ស៊ី​លបាញ់​ចេញពី​ដី​ទៅ​អាកាស​នោះ គឺ​ដោយសារ​គ្រាប់​មី​ស៊ី​ល​ធុន 9M38 បាញ់​ចេញពី​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស BUK-M1 ចេញពី​ជុំវិញ​ភូមិ ZAROSHCHENSKOYE ។ ភូមិ​នេះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កង​យោធា​ពុំ​មែន​ពួក​បះបោរ​ឡើយ ។

ប្រធាន​អគ្គនាយក​រូប​នេះ លោក​ណូ​វី​កូវ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធន៍​២ ដោយ​ពួក​អ្នកឯកទេស ហើយ​ការ​ពិសោធន៍​ទី​២ ដែល​ធ្វើ​កាលពី​ថ្ងៃ​ទី​៧ តុលា បង្ហាញ​ថា យន្តហោះ MH-17 ត្រូវ​គ្រាប់​មី​ស៊ី​ល​ធុន​ចាស់​បំផុត​មួយ គឺ​គ្រាប់​មី​ស៊ី​ល 9M38 ព្រោះ​សំណ​ពុំ​មាន​លក្ខណៈ​ពិសេស​ដូច​មី​ស៊ី​ល​ធុន 9M38 M1 ដែល​ផលិត​ក្រោយ​ៗ​ឡើយ ។

លោក​ណូ​វី​កូវ គូសបញ្ជាក់​ថា ការ​ពិសោធន៍​បាន​ប្រើប្រាស់​មី​ស៊ី​ល 9M38 M1 ដើម្បី​បាញ់​យន្តហោះ​ធុន IL-76 ILYUSHIN ដែល​ឧបករណ៍​ផលិត​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នឹង​យន្តហោះ​ធុន​ប៊ូ​អុ​ី​ង​៧៧៧ ។ លោក​គូសបញ្ជាក់​ថា ការ​ពិសោធន៍​ផ្សេង​ៗ​ធ្វើ​ឡើង​ដោយ​ភាគី​រុ​ស្ស៊ី​ផ្តល់​លទ្ធផល​ខុស​គ្នា​ទាំងស្រុង​ជាមួយ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ហូ​ឡង់​ស្តី​ពី​ប្រភេទ​មី​ស៊ី​ល និង​កន្លែង​បាញ់​ចេញ ។ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ភាគី​រុ​ស្ស៊ី​ចេញផ្សាយ​ប៉ុន្មាន​ម៉ោង​មុន​ការ​ចេញផ្សាយ​លទ្ធផល​ស៊ើបអង្កេត​របស់​ហូ​ឡង់ ។

ក្រុមហ៊ុន ALMAZ ANTEI ក៏​បដិសេធ​ផង​ដែរ ការ​ពោល​អះអាង​ទាំងឡាយ​ដែល​ថា មី​ស៊ី​ល​នេះ​បាញ់​ចេញពី​ទីក្រុង SNIZHINE ដែល​ត្រួតត្រា​ដោយ​ពួក​បះបោរ ។

លោក​មី​ខា​អុ​ី​ល ម៉ា​លី​ស​សេវ​ស្គី អ្នក​ទទួលខុសត្រូវ​ម្នាក់​ទៀត​របស់​ក្រុមហ៊ុន ALMAZ ANTEI គូសបញ្ជាក់​ថា ការ​ស៊ើបអង្កេត​បង្ហាញ​ថា គ្រាប់​មី​ស៊ី​ល​បាន​ផ្ទុះ​ត្រង់​កន្លែង​មួយ​ចម្ងាយ​ដល់​ជាង​២០​ម៉ែត្រ ពី​ម៉ាស៊ីន​ខាងឆ្វេង​នៃ​យន្តហោះ ហើយ​ផ្នែក​ខាងឆ្វេង​របស់​យន្តហោះ​មិន​រង​ការ​ខូចខាត​ឡើយ ប្រសិនបើ​មី​ស៊ី​លបាញ់​ចេញពី​ទីក្រុង SNIZHINE ។

លោក​ម៉ា​លី​ស​សេវ​ស្គី បន្ត​ថា មក​ទល់​ពេល​នេះ រាល់​ភស្តុ​តាង​បង្ហាញ​ថា យន្តហោះ​នេះ​ប្រហែលជា​បាញ់​ធ្លាក់ ដោយ​មី​ស៊ី​ល 9M38M1 បាញ់​ចេញពី​ប្រព័ន្ធ BUK-M1 ដែល​រុ​ស្ស៊ី​លែង​ផលិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ។

យន្តហោះ​ប៊ូ​អុ​ី​ង​៧៧៧​របស់​ក្រុមហ៊ុន MALAYSIA AIRLINE បាន​ធ្លាក់​ក្នុង​តំបន់​ដូ​ណេ​ត​ស្ក៍ កាលពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៤ ខណៈ​ពេល​កំពុង​ហោះហើរ​ពី​ទីក្រុង​អាម​ស្ទ័​រ​ដាម មក​កាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៩៨​នាក់ ក្នុង​នោះ​១៩៣​នាក់​ជា​ជនជាតិ​ហូ​ឡង់ ៕