ជន​ទំនើង​៤​នាក់​​​ចូល​អុកឡុក​ផ្ទះ​អ្នកស្រុក​កំពុង​ជប់លៀង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​ជន​ទំនើង​៤​នាក់​មាន​ដាវ​សាំ​មួ​រ៉ៃ​ និង​ដំបង​ឆក់​បាន​ចូល​អុកឡុក​ផ្ទះ​អ្នកស្រុក​កំពុង​ជប់លៀង​ជួបជុំ​សាច់ញាតិ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​នៅ​ថ្ងៃ​ទី​១៤ ​តុលា ២០១៥ ​ចាត់ការ​តាម​ច្បាប់​។

ជន​ទំនើង​៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​១-​ឈ្មោះ​ប៊ូ ច័ន្ទ​រះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-ឈ្មោះ កុក កួយ ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​៣-ឈ្មោះ​ដឿ​ត ហឺ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ និង៤-ឈ្មោះ ខូ​យ​ សា​វង្ស ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ជន​ទាំង​៤​នាក់​ រស់នៅ​ភូមិ​ពង្រ​ សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរី​សោភ័ណ​។

លោក​វ​រ​សេនីយ៍​ឯក ស ប៊ុ​ន​សឿង ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​ជន​ទំនើង​៤​នាក់ត្រូវ​បាន​ចាប់ខ្លួន​តាម​​​ពាក្យបណ្តឹង​​ឈ្មោះ​តេ​ង សុ​ផា​រ័​ត្ន ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​បត់​ត្រង់ ​ឃុំ​បត់​ត្រង់ ​ស្រុក​មង្គល​បូ​រី ​។

មុន​ពេល​កើត​ហេតុ បុរស​ឈ្មោះតេ​ង សុ​ផា​រ័​ត្ន បាន​នាំ​មិត្តភក្តិ​ទៅ​លេង​ផ្ទះ​គូដណ្តឹង​​ រស់នៅ​ភូមិ​ឈូក​ សង្កាត់​ម្កាក់ ​ក្រុង​សិរី​សោភ័ណ​ ហើយ​បាន​ជួបជុំ​បងប្អូន​សាច់ញាតិ​ហូប​ចុក ស្រាប់តែ​មាន​ជន​ទំនើង​៤​នាក់​មាន​ដាវ​សាំ​មួរ៉ៃ​ និង​ដំបង​ឆក់​បាន​ចូល​ទៅ​ក្នុង​បរិ​វេណ​ផ្ទះ​ដែល​កំពុង​ផឹកស៊ី​ ហើយគំរាម​ ​និង​ជេរ​ប្រមាថ​ថា​ ថ្ងៃមុន​ពួក​ហ្នឹងហើយ​ដែល​​ខល​ជេរ​ពួក​គេ​។

​នៅ​ពេល​ក្រុម​ជនពាល​ចូល​ទៅ​គំរាមកំហែង​រួច ម្ចាស់​ផ្ទះ​បាន​ប្តឹង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យចុះ​ធ្វើ​អន្តរាគមន៍​ចាប់ខ្លួន​បាន​ទាំង​៤​នាក់​ នៅ​វេលា​ម៉ោង​១​រសៀល ​ថ្ងៃ​ទី​១១ តុលា​ ២០១៥ ​នៅ​ភូមិ​ឈូក ​សង្កាត់​ម្កាក់ ​ក្រុង​សិរី​សោភ័ណ​៕