រយៈពេល ៥ ថ្ងៃ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣​តុលា គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ៤៥​នាក់ របួស ២០២ នាក់

ភ្នំពេញ: មនុស្ស​ចំនួន ៤៥​នាក់ បាន​ស្លាប់ និង​រងរបួស​ធ្ងន់ និង​ស្រាល ចំនួន ២០២ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​រយៈពេល ៥ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥​។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ  ដោយសារតែ​ការមិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ហួស​ល្បឿន​កំណត់ និង​អ្នកបើកបរ​ពិសា​រគ្រឿង ព្រមទាំង​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​។ នេះ​បើតាម​អ្នកនាំពាក្យ​នគរបាលជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នង​ការ​​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា ទាក់ទង​សភាពការណ៍​សណ្តាប់ធ្នាប់ សន្តិសុខ​សាធារណ ក្នុង​រយៈពេល​៥​ថ្ងៃនេះ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ គ្រោះថ្នាក់​ចរាច​ចរណ៍ កើតមាន ១០៩ លើក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំទៅ មានការ​ថយចុះ​។ ចំណែក​ការស្លាប់ មាន​ចំនួន ៤៥ នាក់ ប៉ុន្តែ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ទៅនឹង​ឆ្នាំទៅ ស្លាប់ ៤៩ នាក់ គឺមាន​ការ​ថយ ២៨%​។ ក្នុងនោះ ការបង្ក​គ្រោះថ្នាក់ ដោយ​ម៉ូតូ មាន​ចំនួន ៧៤%  អ្នកជិះ​ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន និង​មិន​ពាក់មួក​សុវត្ថិភាព និង​ដោយ​រថយន្ត​ចំនួន ២៣%៕​