រសៀលនេះ​ សម្តេចតេជោ ​ហ៊ុន សែន ​អញ្ជើញទៅទស្សនា​មជ្ឈមណ្ឌលប្រព័ន្ឋទិន្នន័យ​ក្នុងទីក្រុងប៉េកំាង

ទីក្រុងប៉េកំាង ៖​ នៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page​ របស់សម្តេចតេជោ​ ហ៊ុន សែន​ បានសរសេរបង្ហោះនៅ​ប៉ុន្មាននាទីមុននេះ​មានអត្ថន័យ​ទំាងស្រុង​ថា ​" ​នៅរសៀលថ្ងៃនេះដដែល​​ បន្ទាប់ពីបានបញ្ចប់ថ្លែង​​សុន្ទរកថានៅក្នុងពិធី​បើកកម្មវិធីសហប្រតិបត្តិការ ​និងការផ្លាស់ប្តូរហិរញ្ញវត្ថុ​នៅធនាគារចិន ​(Bank of China ) សម្តេចតេជោ​ ហ៊ុន សែន​ និងគណៈប្រតិភូជាន់ខ្ពស់​កម្ពុជា​ បានអញ្ជើញទៅទស្សនា​មជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យ​របស់ទីក្រុងប៉េកាំង​ ដើម្បីស្វែងយល់ពី​ការវិវឌ្ឍ​ជឿនលឿន​នៃបច្ចេកវិទ្យាសន្តិសុខ​សុវត្ថិភាពសង្គមរបស់​ប្រទេសចិន​ដែលកំពុងរីកចម្រើនលឿនបំផុត ។

សម្តេចតេជោនិង​គណៈប្រតិភូត្រូវបាន​ស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ពី ​លោក ម៉ៅ ហូ ​ជាន អនុប្រធាន​ក្រុមហ៊ុនហ្សេតធីអ៊ី (ZTE) ​និង ​ថ្នាក់ដឹកនាំ​មន្រ្តីបុគ្គលិក នៃ​មជ្ឈមណ្ឌល​​​​ជាច្រើនរូប។​ មកដល់បច្ចុប្បន្ននេះប្រព័ន្ធផ្តល់ទិន្នន័យ​ មានស្ថានីយ៍ទិន្នន័យចំនួន ​៣២៩កន្លែង ​គ្របដណ្តប់ក្នុងទីក្រុងប៉េកាំង។

ស្ថានីយនីមួយៗ​គឺបំពាក់ទៅដោយឧបករណ៍​ទំនើបទាន់សម័យបំផុត​ ដូចជាប្រព័ន្ធកាម៉េរា​ (Security Camera)​ សុវត្ថិ​ភាព ក្នុងការត្រួតពិនិត្យ​បាតុភាពផ្សេងៗ ដូចជា​គ្រោះថ្នាក់ចរាចរណ៍​ គ្រោះរញ្ជួយដី ​អំពើភេរវកម្ម ​និងបញ្ហាដ៏ទៃទៀត ​។ ទីក្រុងប៉េកាំងមានប្រព័ន្ធគ្រប់គ្រង​ទិន្នន័យគ្របដណ្តប់ប្រមាណ​ ៨៥% ​ និងនៅជាយក្រុង​មាន​ប្រមាណ ៨០% ​ដែលងាយស្រួលដល់ការ​ត្រួតពិនិត្យលើបញ្ហាសន្តិសុខជាតិ ​។ ក្រុមហ៊ុនគ្រោងរៀបចំ​ឲ្យបានគ្របដណ្តប់នៅ​គ្រប់ទីកន្លែងទាំងអស់​ឲ្យបានហើយ មុនពេល​ដែល​ប្រទេសចិន​ធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិក​រដូវរងាឆ្នាំ២០២២ ខាងមុខនេះ"៕