មនុស្ស​៣នាក់ត្រូវ​ជន​មិន​ស្គាល់មុខចូល​ទៅ​កាប់​ដល់​ក្នុង​ផ្ទះ​របួស​ធ្ងន់ រួច​ចាក់​សោ​ទ្វារ​គេចខ្លួន​បាត់

រាជ​ធានី​ភ្នំពេញ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ក្មេង ចាស់ ចំនួន៣​នាក់​ក្នុង​គ្រួ​សារ​មួយ​បាន​រង​របួស​ធ្ងន់​ក្រោយ​ពី​ត្រូវ​បាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់កាន់​កាំ​បិត​​​ដើរ​ចូល​ទៅ​ក្នុងផ្ទះធ្វើ​សកម្ម​ភាព​កាប់ និង​ចាក់​ទៅ​លើ​មនុស្ស​ទាំងនោះ​​ ​រួច​ហើយចាក់សោទ្វារផ្ទះ​គេចខ្លួន​​បាត់​ដោយ​ពុំ​ដឹង​​មូលហេតុ​។

​ហេតុការណ៍​នេះ​បាន​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី១១ ​តុលា ​​២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​លេខ ៤៦២A ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង៣​នាក់​មានឈ្មោះ សុខ ចាន់​ធី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​យាយ ​២-​ឈ្មោះ លី​ចាន់ ស្រី​មុំ ភេទ​ស្រី អាយុ២៥​ឆ្នាំ ជា​ម្តាយ និង​​៣-​ឈ្មោះ គៀត ចាន់​រស្មី ភេទ​ស្រី អាយុ២​ឆ្នាំ ​​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​​ឱ្យដឹងទៀត​​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់ដែល​ត្រូវជា​យាយ ម្តាយ និង​​​ចៅ​កំពុង​​នៅ​ក្នុងផ្ទះ​កើតហេតុ​​ស្រាប់តែ​មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ដើរ​ចូល​មក​​​ហើយ​ទាញ​ទ្វារ​ផ្ទប់ និង​យក​កាំបិត​ធ្វើ​សកម្មភាព​កាប់ និង​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាលឱ្យរ​ងរ​បួស​​ធ្ងន់ ដោយ​ពុំ​មាន​អ្នក​ណា​ម្នាក់​បានដឹង​ឡើយ​។

​ពេល​ដែល​ជន​មិន​ស្គាល់​មុខ​​ធ្វើ​សកម្មភាព​កាប់ចាក់ទៅ​លើ​ជន​រង​គ្រោះ​ទាំង៣​នាក់​​រ​ងរ​បួស​រួច​ បុរស​រូប​នោះ​ក៏​បានចេញ​មក​ក្រៅ​ផ្ទះ​​ចាក់សោទុក​ជន​រង​គ្រោះ​នៅ​ក្នុង​ផ្ទះ ​​​​ហើយគេចខ្លួន​ចេញ​ទៅ​បាត់​។​ លុះ​ពេល​ដែល​​​ជនសង្ស័យ​ចេញ​ទៅ​បាត់ ស្ត្រី​ជា​ម្តាយ​របស់​កុមារី​រង​គ្រោះ​ដែល​នៅ​ដឹងខ្លួន​តិច​ៗ​ក៏​បាន​ទូរស័ព្ទ​ទៅបុរស​ម្នាក់​ជា​ម្ចាស់ផ្ទះ​ជួល​ខាងលើ​នៅ​ឯ​វត្ត​មក​ដល់​ផ្ទះ​​ឃើញ​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់សោ​​​ជាប់​ក៏​បាន​អឺត​មើល​តាម​ចន្លោះ​ទ្វារ​ឃើញ​ជន​រង​គ្រោះ​ទាំង៣​នាក់​កំពុង​តែ​ដេក​ក្នុង​ថ្លុកឈាម ក៏​នាំ​គ្នា​គាស់​ទ្វារ​ និង​បញ្ជូន​ជន​រង​គ្រោះ​ទាំង​ក្មេង ចាស់​ទៅ​​​សង្គ្រោះ និង​រាយ​ការណ៍​ប្រាប់​​​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថ​កិច្ច​ខណ្ឌចំការមន​​​បាន​ចុះ​មក​​ត្រួតពិនិត្យ​នៅផ្ទះ​កើតហេតុ​ភ្លាម​ៗ ដោយ​បាន​បញ្ជាក់​ថា ការ​ប្រើ​អំពើរ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​ទាំង៣​នាក់​នេះ គឺជា​ករណី​ហិង្សា​គិត​ទុកជា​មុន ​។​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ហិង្សា​នេះ​ដែរ សមត្ថ​កិច្ច​មិន​បានដឹង​ថា ​កើតឡើង​ដោយសារ​អ្វី​ឡើយ និង​កំពុង​តែ​​ស្រាវ​ដើម្បី​រក​ចាប់ខ្លួន​ជន​ដៃដល់​​​ផង​ដែរ៕