រ៉ូ​ណា​ល់​ដូ បង្កើត​ឯតទគ្គ​កម្ម​ទទួល​ពាន​ស្បែកជើង​មាស​ចំនួន​4​ជំនាន់​នៅ​អឺរ៉ុប

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ កំពូល​តារាបាល់ទាត់​ក្លិប Real Madrid បាន​បង្ហាញ​អំនួត​ជា​កំពូល​កីឡាករ​ថ្មី ក្រោយ​ពី​បង្កើត​ឯតទគ្គ​កម្ម​ជា​កីឡាករ​បាល់ទាត់​ដំបូង​ដែល​ដណ្ដើម​ពានរង្វាន់​ស្បែកជើង​មាស​ក្នុង​នាម​ជា​ជើងឯក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​នៅ​ទ្វីប​អឹ​រ៉ុ​ប​ចំនួន​៤​ជំនាន់​។ កីឡាករ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​នៅ​ក្នុង​ក្របខ័ណ្ឌ La Liga អេ​ស្ប៉ា​ញ​បាន​ចំនួន​៤៨​គ្រាប់​ពី​ការ​ចូល​លេង​ចំនួន​៣៥​លើក​ក្នុង​រដូវ​កាល​២០១៤-២០១៥ ធ្វើ​ឱ្យ​រូបគេ​ទទួល​ពានរង្វាន់​ខាងលើ​នៅ​អឺរ៉ុប​ចំនួន​៤​ជំនាន់ ។

កាលពីមុន​នេះ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ធ្លាប់​ទទួល​ពានរង្វាន់​ស្បែកជើង​មាស​ចំនួន​៣​លើក​រួច​មក​ហើយ ក្នុង​នោះ​២​លើក​នៅ​ក្នុង​ក្លិប Real Madrid និង​មួយ​លើក​ទៀត​នៅ​ក្លិប Man Utd ។

កំពូល​ខ្សែប្រយុទ្ធ​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ថ្លែង​ថា​៖ « នេះ​ជា​អំឡុង​ពេល​ដ៏​វិសេសវិសាល​នៅ​ក្នុង​អាជីព​បាល់ទាត់​របស់ខ្ញុំ ។ ការយ​កបាន​ពាន​ស្បែកជើង​មាស​៤​ជំនាន់ គឺជា​វត្ថុ​ដ៏​ពិសេស​សម្រាប់​ខ្ញុំ និង​កាន់តែ​ជួយ​ជំរុញ​ឱ្យ​ខ្ញុំ​ចង់​ធ្វើ​ឱ្យ​ល្អ​ជាង​នេះ ដើម្បី​ទទួល​បាន​ពាន​ស្បែកជើង​មាស​ថ្មី​បន្ត » ៕