មៀ​ច សុខ​រ៉ា ណាត់ជួប លួ​ន សុខ​ខេ​ង នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ មៀ​ច សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន បាន​ណាត់ជួប​អ្នក​ប្រដាល់​ជើង​ចាស់​លួ​ន សុខ​ខេ​ង មក​ពី​ក្លិប​អាស៊ី​កីឡា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ទី​១៧ តុលា ស​ប្ដា​ហ៍​នេះ​។

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​២​រូប​នេះ​មិនធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ​ទោះបី​ពួក​គេ​មានប្រវត្តិ​ធ្លាប់​ឡើង​សង្វៀន​រាប់​ភ្លេច​ដូច​គ្នា​ក្ដី​។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក សុខ​រ៉ា មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ ចលនា​វាយ​ចេញ​រហ័ស និង​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត ។ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​លើក​នេះ​តែ​ម្ដង គេ​បាន​ចាត់​ទុក​សុខ​ខេ​ង ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មិន​អាច​មើល​ស្រាល​បាន ។ ឆ្លងកាត់​ការ​ប្រកួត​ជាង​៦០​លើក​មកនេះ​គេ​ទទួលលទ្ធផល​ឈ្នះ​ច្រើន​ជាង​ចាញ់ ។ ចំណែក សុខ​ខេ​ង វិញ មួយ​រយៈ​មកនេះ​មិនសូវ
ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ទេ​ទើប​មិនដឹង​ថា​នៅ​ខ្លាំង​ដូច​មុន​ឬ​យ៉ាងណា ។ សុខ​ខេ​ង គឺជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មាន​បទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ។ កីឡាករ​រូប​នេះ​បើ​ទោះជា​មិន​ប្រសប់​ក្នុង​ការ​ប្រើ​ស្នៀត​កែង​បន្តិច​មែន តែ​ស្នៀត​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ឯ​ស្នៀត​ជើង​កាន់តែ​សាហាវ​ថែម​ទៀត ពេល​ទាត់​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ គ្រាន់តែ​ចិត្ត​របស់​គេ​មិនសូវ​សឿង​ប៉ុណ្ណោះ ។ ចាំ​មើល​គូ​នេះ​អ្នក​ណា​សម្រេច​គោលដៅ បើ​ភាគី​ទាំង​ពីរ​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​រៀងខ្លួន​បែប​នេះ​។

នៅ​លើ​សង្វៀន​ដដែល កីឡាករ​ផា​ន់​ពិ​សិ​ដ្ធ មក​ពី​ក្លិប​គជសារ​កីឡា ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​គុណ សំណង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ កីឡាករ​ម៉​ន ខួច មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ​សាំង សី មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ​ប៊ី ចាន់​បុល មក​ពី​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ដំបង​ដែក ប្រកួត​ជាមួយ​កីឡាករ​តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​គូ​ចុង​ក្រោយ​កីឡាករ​ភួង ពិសិដ្ឋ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​កីឡាករ​រឿង ចំណាប់ មក​ពី​ក្លិប​កង​យោធពលខេមរៈភូមិន្ទ ៕