តើ​ហ្វេ​ស​​ប៊ុ​ក​​ក្លាយ​ជា​«គ្រឿង​ញៀន»​របស់​​អ្នក​​​​ឬ​?​

ភ្នំពេញ៖ អ្នកខ្លះ​ញៀន​នឹង​គ្រឿងញៀន អ្នកខ្លះ​ញៀន​នឹង​កីឡា អ្នកខ្លះ​ញៀន​នឹង​ដើរ​ផ្សារ អ្នកខ្លះ​ញៀន​នឹង​មើល​កុន អ្នកខ្លះ​ញៀន​នឹង​ល្បែង អ្នកខ្លះ​ញៀន​នឹង​ស្រី អ្នកខ្លះ​ញៀន​នឹង​អាន រីឯ​អ្នក​ខ្លះទៀត ញៀន​នឹង​លេង​ហ្វេ​ស​ប៊ុ​ក។ តើ​អ្នក​កំពុង​លេង​ហ្វេ​ស​ប៊ុ​ក ឬ​ប្រើប្រាស់​ហ្វេ​សប៊ុ​ក? តើ​អ្នកជា​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ឬ​ហ្វេ​ស​ប៊ុ​ក​ជា​ម្ចាស់​របស់​អ្នក? តើ​ហ្វេ​ស​ប៊ុ​ក​ធ្វើ​អាជីវកម្ម​លើអ្នក ឬ​អ្នកធ្វើអាជីវកម្ម​លើ​ហ្វេ​ស​ប៊ុ​ក?

ហ្វេ​ស​ប៊ុ​ក គឺជា​បណ្តាញ​សង្គម​ដែល​អនុញ្ញាតអោយ​មនុស្ស​ក្នុង​ក្រុម​ផ្សេងគ្នា ឬ​ក្រុម​ជាមួយគ្នា​អាច​ទំនាក់ទំនង​គ្នា​បាន​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត។ ហ្វេ​ស​ប៊ុ​ក មិនមែន​គ្រាន់តែ បើកឱកាស​អោយ​មនុស្ស​ធ្វើការ​ទំនាក់ទំនង​គ្នា​ធម្មតា​ប៉ុណ្ណោះ​ទេ។ តែ​ហ្វេ​ស​ប៊ុ​ក គឺជា​ទីតាំង​អនុញ្ញាតអោយ​អ្នកជំនួញ អ្នកនយោបាយ អ្នកស្រាវជ្រាវ​ទាញ​ប្រយោជន៍​មិនតិច​ទេពី​បណ្តាញ​សង្គមដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ។

យោងតាម​ទិន្នន័យ​ពី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គិត​ត្រឹម​ឆ្នាំ ២០១៤ នេះ ប្រទេស​កម្ពុជា មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ប្រហែល​ជាង ១ លាន៤សែន​នាក់ ក្នុងចំណោម​អ្នក​ប្រើ
ប្រាស់​អ៊ី​ន​ធឺ​ណែ​ត​ជាង ៣ លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា។ ហ្វេ​ស​ប៊ុ​ក ត្រូវបាន​គេ​បង្កើតឡើង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ២០០០ តែ​វា​មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​តាំង
ពី​ឆ្នាំ២០១២មក។

តើ​អ្វីខ្លះ​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ហ្វេ​ស​ប៊ុ​ក?

ផលប្រយោជន៍​នៃ​ហ្វេ​ស​ប៊ុ​ក មានដូចជា៖ ទី១ ចែករម្លែក​ព័ត៌មាន។ ទី២ ជំរុញ​ការលក់ផលិតផល។ ទី៣ គឺជា​ទីលាន​បើកឱកាស​អោយ​មនុស្ស​គ្រប់គ្នា​អាច​បញ្ចេញមតិ​បាន ឬ​គេ​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា ជាទី​លាន​ប្រជាធិបតេយ្យ​លើ​លំហ​អាកាស។ ទីលាន​ប្រជាធិបតេយ្យ​លើ​លំហ​អាកាស​មិន​ងាយ​អាច​ត្រូវបាន​គេ​បង្ក្រាប​ដូច​ទីលាន​ប្រជាធិបតេយ្យ​ជាក់ស្តែង​នៅលើ​ដី​ឡើយ។ ទី៤ ហ្វេ​ស​ប៊ុ​ក គឺជា​ទីកន្លែង​កម្សាន្ត​អារម្មណ៍ និង​ជាទី​កន្លែង​ចាក់ចោល​បញ្ហា និង​ទី៥ ហ្វេ​ស​ប៊ុ​ក គឺជា​មិត្តភក្តិ។ ផលប្រយោជន៍​មាន​ច្រើន​មែន។ តែ​គុណវិបត្តិ​វិញ​ក៏មាន​មិនតិច​ដែរ។ គុណវិបត្តិ​ទាំងនោះ ជារួម​មាន៖ ទី១ ស្ត្រី​ខ្មែរ​មួយចំនួន​យក​ទីលាន​ហ្វេ​ស​ប៊ុ​ក​ដើម្បី​លក់​សេវាកម្ម​ផ្លូវភេទ។

ទី២ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ បង្ហោះ​រូប​អាសអាភាស​បង្ខូច​សីលធម៌​សង្គម​ខ្មែរ។

ទី៣ អ្នកខ្លះ ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី​វាយប្រហារ​គ្នា​ដែល​ប្រាសចាក​ពី​ក្រមសីលធម៌។ មនុស្ស​គ្រប់រូប មាន​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ។ ប៉ុន្តែ រាល់​ការបញ្ចេញមតិ​ត្រូវ​ស្ថិតនៅក្នុង​រង្វង់​នៃ​ក្របខណ្ឌ​ច្បាប់។

ទី៤ ព័ត៌មាន​ចែកចាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​គ្មាន​ប្រភព​ច្បាស់លាស់ និង​អាច​ខ្វះ​ការពិត។

និង​ទី៥ អ្នកខ្លះ​ចំណាយពេល​វេលា​ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​លេង​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​គិត​ធ្វើ​អ្វី​ទាំងអស់។ ត្រង់ចំណុច​នេះ មានន័យថា ពួកគេ​ញៀន​នឹង​ហ្វេ​ស​ប៊ុ​ក។ លេង​ហ្វេ​ស
ប៊ុ​ក ភ្លេចៗខ្លួន ខាត​ពេល​អស់​មួយ​ព្រឹក ឬ​ខាត​អស់​ពេល​មួយ​ល្ងាច​ដោយ​គ្មាន​បានធ្វើការ​អ្វី​ទាំងអស់។

តើ​អ្នក​គួរ«លេង»ហ្វេ​ស​ប៊ុ​ក អត់​ប្រយោជន៍ ឬក៏«ប្រើប្រាស់»ហ្វេ​ស​ប៊ុ​ក​អោយមានប្រយោជន៍? ពាក្យ«ប្រើប្រាស់» និង«លេង»មាន​អត្ថន័យ​ខុសគ្នា។ តើ​អ្នកកំណត់​ខ្លួនឯង ជា​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ឬក៏​បណ្តោយ​ខ្លួន​អោយ​ហ្វេ​ស​ប៊ុ​ក​ធ្វើជា​ម្ចាស់​លើ​អ្នក? តើ​ហ្វេ​ស​ប៊ុ​ក​ធ្វើអាជីវកម្ម​លើ​អ្នក ឬ​អ្នកធ្វើអាជីវកម្ម​លើ​ហ្វេ​ស​ប៊ុ​ក? ហ្វេ​ស​ប៊ុ​ក​ធ្វើ​អាជីវកម្ម​លើ​អ្នក មានន័យ​ថា ហ្វេ​ស​ប៊ុ​ក​ទាក់ទាញ​មនុស្ស​គ្រប់គ្នា​អោយប្រើ​ប្រាស់​វា​កាន់តែ​ច្រើនឡើង​ដើម្បីជា​ថ្នូរ​នឹង​ការរក​ប្រាក់ចំណេញ​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​សំណាក់​ក្រុមហ៊ុន​នានា។ តែបើ​លោកអ្នក ធ្វើ​អាជីវកម្ម​លើ​ហ្វេ​ស​ប៊ុ​ក​វិញ មានន័យថា លោកអ្នក ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទទួលបាន​ផលប្រយោជន៍​អ្វីមួយ​សម្រាប់​ខ្លួន​អ្នក។

សរុបសេចក្តី​មកវិញ មុនពេល​អ្នកបើក​គណ​នី​យ​ហ្វេ​ស​ប៊ុ​ក លោកអ្នក​គួរ​សួរ​សំណួរ​ខ្លួនឯងថា តើ​អ្នកទទួលបាន​ផលចំណេញ​អ្វីខ្លះ​ពី​វា។ បើ​មិន​ទទួលបាន​ផល​ច្រើន​ទេ អ្នក​គួរតែ ចូល
កម្សាន្ត​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បាន​ហើយ  បន្ទាប់មក អ្នក​ត្រូវតែ«រត់គេច​ចេញ»ពី​វា​ដើម្បី​ធ្វើកិច្ចការ​ផ្សេង​វិញ។ និយាយ​អោយ​ខ្លី មានន័យថា «កុំអោយ​ហ្វេ​ស​ប៊ុ​ក​ក្លាយទៅជា​គ្រឿង
ញៀន​របស់​លោកអ្នក»៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?