រមណីយដ្ឋាន​ស្ទឹង​ជីនិត​និង​ភ្នំ​សន្ទុក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​ក្នុង​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ

ទាញ​យក​កម្មវីធី

មន្ត្រី​ទេសចរ​ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ថា រមណីយដ្ឋាន​ចំនួន​ពីរ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន​ជាង​នៅ​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​រមណីយដ្ឋាន​ស្ទឹង​ជីនិត និង​រមណីយដ្ឋាន​ភ្នំ​សន្ទុក។ តើ​មូលហេតុ​អ្វី បាន​ជា​រមណីយដ្ឋាន​ទាំង​នេះ​អាច​ទាក់ទាញ​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​បាន​ច្រើន?

រមណីយដ្ឋាន​ភ្នំ​សន្ទុក ដែល​មាន​ទីតាំង​នៅ​ស្រុក​សន្ទុក និង​រមណីយដ្ឋាន​ស្ទឹង​ជីនិត មាន​ទីតាំង​នៅ​ស្រុក​បារាយណ៍ ក្នុង​ចំណោម​រមណីយដ្ឋាន​ជាច្រើន​ផ្សេង​ទៀត​នៅ​ខេត្ត​កំពង់ធំ គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ​បាន​ច្រើន​ជាង​គេ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ តុលា ថា មូលហេតុ​ដែល​តំបន់​ទេសចរណ៍​ទាំង​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​ជាង​គេ គឺ​ទី​មួយ អាច​ដោយសារ​នៅ​តំបន់​នោះ​មាន​ទឹក​សម្រាប់​លេង មាន​ដើម​ឈើ​ត្រជាក់ មាន​កន្លែង​អង្គុយ​លំហែ​កម្សាន្ត​ច្រើន មាន​វត្ត​អារាម​នៅ​ក្បែរ ដែល​ជា​កន្លែង​ធ្វើ​បុណ្យ​ទាន ម្យ៉ាង​រមណីយដ្ឋាន​ស្ទឹង​ជីនិត នៅ​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ចាម ផង ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម អាច​មក​លេង​កម្សាន្ត​ច្រើន។

លោក​បន្ថែម​ថា តាម​របាយការណ៍​បឋម​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​ធំ​ពីរ​ថ្ងៃ រមណីយដ្ឋាន​ស្ទឹង​ជីនិត អាច​ទទួល​ភ្ញៀវ​ទេសចរ​បាន ៥.៤៩០​នាក់ ចំណែក​រមណីយដ្ឋាន​ភ្នំ​សន្ទុក មាន ២.៦៥៤​នាក់។ ដោយឡែក​រមណីយដ្ឋាន​ផ្សេងៗ​វិញ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដូច​គ្នា គឺ​មាន​ចំនួន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ប្រមាណ​ចន្លោះ​ពី ៨០០​នាក់​ទៅ​ជាង ១​ពាន់​នាក់​ប៉ុណ្ណោះ៖ «តាម​បណ្ដា​រមណីយដ្ឋាន​ផ្សេង​ទៀត មិន​មែន​អត់​មាន​មនុស្ស​ទេ គឺ​មាន​ដែរ ប៉ុន្តែ​រមណីយដ្ឋាន​បឹង​សំរឹទ្ធ និង​ស្ទឹង​ជីនិត គឺ​មាន​ទឹក​លេង»

ខេត្ត​កំពង់ធំ មាន​រមណីយដ្ឋាន​បែប​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ជាច្រើន រួម​មាន រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក រមណីយដ្ឋាន​បឹង​ព្រៃ​ប្រស់ ទំនប់​១​មករា រមណីយដ្ឋាន​ភ្នំ​សន្ទុក ត្រៃត្រិង្ស​ត្រៃលក្ខណ៍ បឹង​សំរឹទ្ធ ស្ទឹងសែន ស្ទឹង​ជីនិត ប្រាសាទ​គុហ៍​នគរ ជាដើម។

យ៉ាង​ណា រមណីយដ្ឋាន​ស្ទឹង​ជីនិត និង​រមណីយដ្ឋាន​ភ្នំ​សន្ទុក គឺ​ជា​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ និង​បែប​ធម្មជាតិ។ ភ្ញៀវ​ទេសចរ​អាច​នាំ​គ្នា​លេង​ទឹក​ស្ទឹង​យ៉ាង​ត្រជាក់ ហើយ​ពួក​គេ​អាច​នាំ​គ្នា​ឡើង​ទៅ​កំពូល​ភ្នំ​សន្ទុក ដើម្បី​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល។ មិន​តែ​ប៉ុណ្ណោះ ភ្ញៀវ​ក៏​អាច​សម្រាក​ពិសា​អាហារ​នៅ​រោង​នីមួយៗ សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ទៀត​ផង។

ប្រធាន​មន្ទីរ​ទេសចរណ៍ លោក សេង អាន ឲ្យ​ដឹង​ទៀត​ថា នៅ​គ្រប់​រមណីយដ្ឋាន គឺ​មិន​មាន​បញ្ហា​ចោទ​ឡើង​ទេ ប៉ុន្តែ​រមណីយដ្ឋាន​ដែល​មាន​មនុស្ស​ច្រើន​ជាង​គេ​ពីរ​នេះ ត្រូវ​កក​ស្ទះ​ខ្លះ​នៅ​ពេល​មាន​ភ្ញៀវ​ទៅ​លេង​ច្រើន និង​បញ្ហា​អនាម័យ ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ទៅ​លេង​កម្សាន្ត​ទេ។ លោក​បន្ថែម​ថា បញ្ហា​តម្លៃ​ម្ហូប​អាហារ ឬ​ស្នាក់នៅ ក៏​មិន​បាន​ចោទ​ជា​បញ្ហា​ដែរ ព្រោះ​ខាង​មន្ទីរ​បាន​អនុវត្ត​នូវ​សេចក្តី​ណែនាំ​របស់​ក្រសួង ដោយ​មិន​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ដំឡើង​ថ្លៃ​សេវា ឬ​ទំនិញ​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ឡើយ។

ដោយឡែក​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន មាន​ប្រសាសន៍​ថា នៅ​អំឡុង​ពេល​ដាក់​បិណ្ឌ​រហូត​ដល់​ថ្ងៃ​ភ្ជុំ​ធំ ស្ថានភាព​សន្តិសុខ​សណ្ដាប់ធ្នាប់ គឺ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ក្នុង​នោះ​មាន​បញ្ហា​មួយ​ចំនួន​ដូចជា ករណី​ឃាតកម្ម គឺ​បុរស​ម្នាក់​ស្លាប់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ករណី គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ទៅ​ជា​អំពើ​ហិង្សា​រហូត​ដល់​ស្លាប់​មួយ​ករណី និង​អំពើ​ហិង្សា​នៅ​ពេល​រាំ​ធុងបាស​មួយ​ករណី​ទៀត ប៉ុន្តែ​មិន​មាន​គ្រោះ​អគ្គិភ័យ​ទេ៖ «យើង​ចាប់​ពី​ថ្ងៃ​បិណ្ឌ​មួយ​បិណ្ឌ​ពីរ​មក កម្លាំង​របស់​យើង គឺ​ដាក់​ត្រៀម​នៅ​គ្រប់​កន្លែង​ទាំងអស់ ហើយ​កម្លាំង​ចល័ត​តាម​ថ្នល់​ការពារ ខ្លាច​រាំង​ស្ទះ​ចរាចរណ៍ ឬ​គ្រោះថ្នាក់​ចរាចរណ៍​អី យើង​ដោះស្រាយ​ភ្លាមៗ»

លោក​បន្ត​ថា ខាង​កម្លាំង​សមត្ថកិច្ច​ខេត្ត​នៅ​តែ​បន្ត​រឹត​បន្តឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត រហូត​ដល់​ពួក​គាត់​ត្រឡប់​ទៅ​កាន់​កន្លែង​ការងារ ឬ​រៀន​សូត្រ​រួច​រាល់ ទើប​ការងារ​របស់​កម្លាំង​សមត្ថកិច្ច​អាច​ធូរ​ស្រាល​បន្តិច។

បន្ថែម​ពី​លើ​នេះ​ទៀត លោក សេង អាន បញ្ជាក់​ថា ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ទៅ​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ថែរក្សា​តំបន់​ទាំង​នោះ​ឲ្យ​បាន​ប្រសើរ ម្យ៉ាង​ត្រួត​ពិនិត្យ​លើ​តម្លៃ​សេវាកម្ម​ទាំងឡាយ ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​ភ្ញៀវ​ទេសចរ ដែល​មក​លេង​កម្សាន្ត​នៅ​ខេត្ត​កំពង់ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។