ភរិយា​គ្រូពេទ្យ​ដែល​សង្ស័យ​ថា​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា​បារម្ភ​ពី​ការ​កាត់​ក្ដី​ស្វាមី

ទាញ​យក​កម្មវីធី

តុលាការ នឹង​បើក​ការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង​គ្រូពេទ្យ ដែល​មហា​ជន​សង្ស័យ​ថា​ជា​អ្នក​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២០ តុលា ខាង​មុខ។ សាច់ញាតិ​របស់​គ្រូពេទ្យ​ដែល​កំពុង​ជាប់​ឃុំ​នោះ មាន​ការ​បារម្ភ​ជា​ខ្លាំង​អំពី​ដំណើរ​ការ​ក្ដី​នេះ ដោយ​ខ្លាច​តុលាការ​កាត់​ក្ដី​ឲ្យ​គ្រូពេទ្យ​រូប​នោះ​ជាប់​ទោស​ច្រើន​ឆ្នាំ។

ភរិយា​របស់​គ្រូពេទ្យ យ៉ែម ជ្រិន ដែល​ជាប់​សង្ស័យ​ចម្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ កាត់​ក្ដី​បន្ធូរបន្ថយ​ទោស​ស្វាមី​របស់​ខ្លួន​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ខ្លី ដោយសារ​គាត់​ពុំ​បាន​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​សាច់ញាតិ​របស់​គ្រូពេទ្យ​ទទួល​ដំណឹង​ថា តុលាការ​នឹង​ជំនុំ​ជម្រះ​ក្ដី​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រពន្ធ​គ្រូពេទ្យ គឺ​អ្នកស្រី យូម ចិន្ដា ថ្លែង​នៅ​ថ្ងៃ​ទី​១៣ តុលា ថា ប្ដី​របស់​អ្នកស្រី​នឹង​ត្រូវ​សាលា​ដំបូង​ខេត្ត​បាត់ដំបង បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នៅ​ថ្ងៃ​ទី​២០ តុលា ខាង​មុខ​នេះ។ អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ថ្ងៃ​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​បាន​មក​ដល់ ដោយ​ខ្លាច​តុលាការ​កាត់​ទោស​ឲ្យ​ប្ដី​របស់​គាត់​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ ឬ​អស់​មួយ​ជីវិត៖ «ពួក​ខ្ញុំ​ជា​ប្រពន្ធ និង​កូនៗ មាន​ការ​ព្រួយ​បារម្ភ​រក​អ្វី​ប្រៀប​មិន​បាន​ទេ អំពី​ការ​កាត់​ទោស​នេះ ព្រោះ​មិន​ដឹង​ថា​តុលាការ​សម្រេច​ឲ្យ​គាត់​ជាប់​ទោស​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ»

មណ្ឌល​សុខភាព​រកា បាត់ដំបង ៦២០
ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។ RFA/Hum Chamroeun

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក ជា វណ្ណៈ មាន​ប្រសាសន៍​ថា ខាង​តុលាការ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង​គ្រូពេទ្យ​ឈ្មោះ យ៉ែម ជ្រិន ក្រោម​បទ​ចោទ​ជា​អ្នក​ចាក់​ថ្នាំ និង​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​រកា នៅ​ថ្ងៃ​ទី​២០ តុលា ខាង​មុខ​នេះ​ប្រាកដ​មែន។ លោក​បន្ត​ថា អង្គ​ជំនុំ​ជម្រះ​ក្ដី​នៅ​ដើម​សប្ដាហ៍​ខាង​មុខ​នេះ គឺ​តុលាការ​ពុំ​បាន​អញ្ជើញ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ៖ «តាម​ការ​គ្រោង​ទុក​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នឹង​ដំណើរ​ការ​ក្ដី​ជាប់ៗ​គ្នា​ចំនួន ៥​ថ្ងៃ។ ចំពោះ​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​សវនាការ​នេះ មាន​តែ​ជន​ចាប់​ចោទ និង​ដើម​បណ្ដឹង​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មេធាវី​ការពារ​ក្ដី​គ្រូពេទ្យ យ៉ែម ជ្រិន គឺ​លោក ឯម សុវណ្ណ មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​លោក​បាន​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត ដើម្បី​ជួយ​ដល់​កូន​ក្ដី​របស់​លោក​រួច​រាល់​ហើយ ប៉ុន្តែ​លោក​អះអាង​ថា លោក​ពុំ​ដឹង​ថា​នឹង​បាន​ទៅ​ជួយ​ការពារ​ក្ដី​នៅ​ក្នុង​សំណុំ​រឿង​នេះ​បន្ត​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ ពីព្រោះ​លោក​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ថ្លៃ​ឈ្នួល​ការពារ​ក្ដី​នៅ​ឡើយ៖ «ខ្ញុំ​ធ្វើ​ការងារ​មិន​កើត​ទេ បើ​គាត់​អត់​ឲ្យ​លុយ​ថ្លៃ​ឈ្នួល​ខ្ញុំ​អ៊ីចឹង ព្រោះ​អី​យើង​មិន​មែន​មេធាវី​របស់​អង្គការ ដែល​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ប្រាក់​ឈ្នួល​នោះ​ទេ»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ សាលា​ដំបូង​ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​គ្រូពេទ្យ យ៉ែម ជ្រិន ចំនួន ៣​ករណី គឺ​ទី​១ ប្រព្រឹត្ត​ដោយ​ចេតនា​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឆ្លង​មេរោគ​អេដស៍។ ទី​២ អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម និង​ទី​៣ បើក​កន្លែង​ព្យាបាល​ជំងឺ​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជិត ៣០០​នាក់ ទៅ​ពិនិត្យ​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា ហើយ​រក​ឃើញ​មេរោគ​អេដស៍ និង​មាន​អ្នក​ស្លាប់​ចំនួន ១០​នាក់។ ក្រោយ​មក សមត្ថកិច្ច​ខេត្ត​បាត់ដំបង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ស្រាវជ្រាវ​នៅ​ផ្ទះ​គ្រូពេទ្យ​នោះ រក​ឃើញ​វត្ថុ​សង្ស័យ​មួយ​ចំនួន ហើយ​បាន​បញ្ជូន​គ្រូពេទ្យ​ដែល​គ្មាន​វិជ្ជាជីវៈ​រូប​នោះ ទៅ​តុលាការ​ធ្វើ​ការ​សាកសួរ និង​ចោទ​ប្រកាន់​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។