ពួក​អាល់​កៃ​ដា​នៅ​ស៊ី​រី និង​ក្រុម​រដ្ឋ​អិុស្លា​ម​គំរាម​រុ​ស្ស៊ី

អង្គការ​ជី​ហា​ដ រដ្ឋ​អិុស្លា​ម និង​អាល់​កៃ​ដា​បាន​គំរាម​ប្រទេស​រុ​ស្ស៊ី ដែល​យន្តហោះ​ប្រទេស​នោះ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​បាន​ចេញ​វាយប្រហារ​ច្រើន​លើក​បំផុត ប្រឆាំង​បណ្តា​ទីតាំង​ពួក​គេ តាំងពី​ចាប់ផ្តើម​អន្តរាគមន៍​យោធា​របស់​ខ្លួន ក្នុង​សង្គ្រាម​នៅ​ស៊ី​រី​មក ។

ក្នុង​កាស្សែត​មួយ​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ តុលា តាម​អីុ​ន​ធើ​រ​ណេ​ត អ្នកនាំពាក្យ​របស់​ក្រុម​រដ្ឋអិុស្លា​ម​ឈ្មោះ​អា​ប៊ូ ម៉ូ​ហា​ម៉េ​ដ អាល់​អា​ដ​ដា​នី គំរាម​ថា រុ​ស្ស៊ី​នឹង​ទទួល​បរាជ័យ ។ ជន​នេះ​អំពាវនាវ​ដល់​បណ្តាជន​អិុ​ស្លា​ម​គ្រប់​ទីកន្លែង​ឱ្យធ្វើ​សង្គ្រាម​សាសនា​ជី​ហា​ដ​ប្រឆាំង​រុ​ស្ស៊ី និង​អា​មេ​រិ​ក ។ អ្នកនាំពាក្យ​ក្រុម​រដ្ឋ​អិុស្លា​ម​បាន​ចោទ​អាមេ​រិ​កថា ចុះ​ខ្សោយ ហើយ​លែង​ខ្លាំង រួច​អំពាវនាវ​រក​ការ​ជួយ​របស់​អូស្ត្រាលី រុ​ស្ស៊ី តួ​ក​គី និង​អីុរ៉​ង់ ដើម្បី​ជួយ​ខ្លួន ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​អិុស្លា​ម ។

មុន​នេះ​ប្រមុខ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ជា​សាខា​អាល់​កៃ​ដា នៅ​ស៊ី​រី លោក​អា​ប៊ូ ម៉ូ​ហា​ម៉េ​ដ អាល់​ហ្សូ​ឡា​នី អំពាវនាវ​ដល់​ពួក​មូ​ចា​ហ៊ី​ឌី​ន នៅ​តំបន់​កូ​កាស់​ឱ្យ​ជួយ​ទ្រទ្រង់​កាន់តែ​ខ្លាំង​ដល់​ប្រជាជន​ស៊ី​រី ។ ជន​នេះ​និយាយ​ថា ប្រសិនបើ​កងទ័ព​រុ​ស្ស៊ី​សម្លាប់​ប្រជាជន​យើង សម្លាប់​កង​ទាហាន​យើង ចូរ​សម្លាប់​ពួក​រុ​ស្ស៊ី​វិញ​ដោយ ភ្នែក​ទល់ភ្នែក ។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា កង​យន្តហោះ​រុ​ស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​លើ​គោលដៅ​៨៦​របស់​ពួក​ភេរវ​ករ​ក្នុង​ខេត្ត​រ៉ា​កា ហា​ម៉ា អីុដ​លី​ប LATTAQUIE និង​អា​ឡែ​ប​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​ជា​ចំនួន​យ៉ាងច្រើន​បំផុត​តាំងពី​ចាប់ផ្តើម​អន្តរាគមន៍​របស់​ខ្លួន​មក ។

នៅ​ក្រុង​ដា​ម៉ាស់ គ្រាប់​ផ្លោង​២​គ្រាប់​ចាញ់​ដោយ​ពួក​ឧទ្ទាម​អិុស្លា​ម​និយម​បាន​ធ្លាក់​ក្នុង​បរិវេណ​ស្ថានទូត​រុ​ស្ស៊ី ប្រចាំ​ក្រុង​ដា​ម៉ាស់ តែ​មិន​បណ្តាល​ឱ្យ​មិន​ជន​រង​គ្រោះ​ឡើយ ។ ចំណែក​ពួក​ឧទ្ទាម​ពុំ​មាន​អ៊ិ​ស្លា​ម​និយម​អះអាង​ថា ពួក​គេ​បាន​ទទួល​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ធុន TOW ពី​អា​មេ​រិ​ក សម្រាប់​ទប់ទល់​ការ​រុលទៅមុខ​របស់​កងទ័ព​ស៊ី​រី ដែល​គ្រោង​ធ្វើការ​វាយលុក​មួយ​លើ​ក្រុង​អា​ឡែ​ប ៕