ខេត្តតាកែវ មាន​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ និង​រងរបួស ចំនួន ៣២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល ៥​ថ្ងៃ បុណ្យ​ភ្ជំបិណ្ឌ​

ខេត្តតាកែវ: ​មាន​មនុស្ស​ចំនួន ៨​នាក់ បាន​ស្លាប់ និង​៣២​នាក់​ទៀត រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៥​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ គិត​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣​តុលា​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​។

​លោក វរៈសេនីយទោ ប៉ុក ពល​រិ​ទ្ធ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ខេត្តតាកែវ កើតឡើង​ចំនួន ១៥​ករណី ក្នុងនោះ ស្រុក​សំរោង ២​ករណី ស្រុក​ត្រាំកក់ ៤​ករណី ស្រុក​អង្គរបុរី ១​ករណី ស្រុក​ព្រៃកប្បាស​១ ករណី ស្រុក​ទ្រាំង ២​ករណី ស្រុក​បាទី ២​ករណី ក្រុង​ដូន​កែវ ២​ករណី និង​ស្រុក​កោះអណ្ដែត ១​ករណី​។ ក្នុងករណី​ខាងលើ បណ្ដាលអោយ​គ្រោះថ្នាក់​ដល់​មនុស្ស សរុប​ចំនួន ៤០​នាក់ ក្នុងនោះ បណ្ដាល​អោយស្លាប់ ៨​នាក់ រងរបួស​ធ្ងន់​២១​នាក់ និង​រងរបួស​ស្រាល ១១​នាក់ ហើយ​ខូចខាត​មធ្យោបាយ​សរុប​ចំនួន ២៨​គ្រឿង ក្នុងនោះ រថយន្ត ៧​គ្រឿង ម៉ូតូ ២០​គ្រឿង កង់ ១​គ្រឿង ។

​លោក​ប៉ូលិស​បន្តថា រីឯ​គ្រោះថ្នាក់​ផ្សេងៗ កើតឡើង​ចំនួន ៤​ករណី ក្នុងនោះ មាន​ករណី​មនុស្ស​ដួល​ស្លាប់ នៅ​ភូមិ​រវៀង ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ បណ្ដាលអោយ​មនុស្ស​ស្លាប់​ម្នាក់​។ រីឯ​ករណី​អត្តឃាត​ចងក មាន ៣​ករណី នៅ​ភូមិ​ញ៉ែងញ៉ង ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ភូមិ​ប្រកៀប ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ - និង​ភូមិ​ផ្សារ​តា​កោ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ​។​

​ដោយឡែក បើ​បូកសរុប​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស​ចំនួន ៤៥​នាក់ បាន​ស្លាប់ និង​រងរបួស​ធ្ងន់ និង​ស្រាល ចំនួន ២០២ នាក់​។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ  ដោយសារតែ​ការមិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ហួស​ល្បឿន​កំណត់ និង​អ្នកបើកបរ​ពិសា​រគ្រឿង ព្រមទាំង​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​៕​

ខេត្តតាកែវ មាន​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ និង​រងរបួស ចំនួន ៣២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល ៥​ថ្ងៃ បុណ្យ​ភ្ជំបិណ្ឌ​