បុរស​ម្នាក់ ស្រវឹងស្រា និង​ញៀន​ថ្នាំ យក​កាំបិត​អា​រក​សម្លាប់​សង្សារ ស្លាប់​ក្នុង​ថ្លុកឈាម​

ខេត្តតាកែវ: នារី​ម្នាក់ បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ​ម បន្ទាប់ពី​បុរស​ជា​សង្សារ បាន​ផឹកស្រា​ស្រវឹង និង​ជា​បុរស​ញៀន​ថ្នាំ​ផង​នោះ យក​កាំបិត​អា​រក​សម្លាប់​នាង​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១៨ និង ៤៤​នាទី ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ នៅផ្ទះ​របស់​បុរស​ជា​សង្សារ ស្ថិត​ក្នុងភូមិ​ត្រពាំង​កែស ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​លោក​អធិការរង ទទួល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បានដឹងថា បុរស​ដៃដល់ ជា​សង្សារ មានឈ្មោះ អៀម ចាន់​ដា​រ៉ា អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កែស ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ជី​ម ផល្លី ហៅ ស្រី​ខួច អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​លោក​អធិការរង បាន​បន្តថា ជនសង្ស័យ​បាន​យក​កាំបិត​អា​រក​នារី​ជា​សង្សារ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈពេលដែល​កំពុង​ផឹកស៊ី​ជាមួយគ្នា នៅផ្ទះ​របស់​ជនសង្ស័យ ហើយ​ក្រោយពេល​កើតហេតុ​ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​។

​ទាក់ទង​នឹង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល ខេត្តតាកែវ បាន​ចាត់តាំង​កម្លាំង​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក និង​អាជ្ញាធរ​ភូមិ​-​ឃុំ ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិច័យ ព្រមទាំង​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដែល​រត់គេចខ្លួន​។ ចំណែក​សាកសព បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕