នាង​សេ​រ៉េ​ណា មិន​បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​ដ្រេ​ក ជា​តារាចម្រៀង​ទេ

តំណាង​របស់​នាង​សេ​រ៉េ​ណា វី​ល្លៀម កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១​នៅ​លើ​ពិភពលោក ជនជាតិ​អា​មេ​រិ​ក បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា នាង​ភ្ជាប់ពាក្យ​ជាមួយ​លោក​ដ្រេ​ក តារាចម្រៀង​ជនជាតិ​កា​ណា​ដា រួម​ទាំង​បញ្ជាក់​ថា ពួក​គេ​ទាំង​២​មិន​ធ្លាប់​សេពគប់​គ្នា​ជា​សង្សារ​ទៀត​ផង ។

កីឡាការិនី​វាយ​កូន​បាល់ អាយុ​៣៤​ឆ្នាំ​រូប​នេះ កំពុង​លេចឮ​ព័ត៌មាន​នៅ​តាម​ទំព័រ​កាសែត​តាំងពី​ខែសីហា កន្លង​មក ក្រោយ​ពី​ពួក​គេ​ត្រូវ​ថតរូប​បាន​ក្នុង​ពេល​អង្គុយ​នៅ​តុ​រួម​គ្នា និង​ថើប​គ្នា​នៅ​ក្នុង​ហាង​អាហារ​មួយ​កន្លែង​នៅ​ក្រុង​ស៊ី​ន​ស៊ី​ន​ណេ​ទី រដ្ឋ​អូ​ហា​យ​យ៉ូ និង​នៅ​មួយ​ខែ​បន្ទាប់តារាចម្រៀង អាយុ​២៨​ឆ្នាំ​ក៏​បាន​ចូល​ទស្សនាការ​ប្រកួត​វាយ​កូន​បាល់ US Open 2015 ផង​ដែរ ។

លោក​ដ្រេ​ក គឺជា​ភ្ញៀវ VIP ដោយ​អង្គុយ​នៅ​ជួរ​មុខ​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​នាង​សេ​រ៉េ​ណា វី​ល្លៀម ដែល​ដើរ​បង្ហាញ​ម៉ូត​ក្នុង​កម្មវិធី​New York Fashion Week​នៅ​ក្រុង​ញូ​វ​យ៉​ក និង​ជា​ចុង​ក្រោយ​នេះ​ក៏​មាន​លេចឮ​ព័ត៌មាន​ថា ពួក​គេ​ទាំង​២​នាក់​បាន​រឹតចំណង​មិត្តភាព​មួយ​កម្រិត​ទៀត ដោយ​ការ​ភ្ជាប់ពាក្យ ។ ទោះជា​បែប​ណា​ក៏​ដោយ អ្នកនាំពាក្យ​ផ្ទាល់​របស់​នាង​សេ​រ៉េ​ណា វី​ល្លៀម បាន​បង្ហើប​ឱ្យ​ដឹង​នៅ​តាម​ប្រព័ន្ធ​វេ​ប​សាយ Gossipcop.com​ថា សេ​រ៉េ​ណា វី​ល្លៀម និង​លោក​ដ្រេ​ក មិនមែន​ជា​គូ​ដណ្ដឹង​នឹង​គ្នា​ទេ គឺ​ពួក​គេ​គ្រាន់តែ​ជា​មិត្ត​ស្គាល់គ្នា​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណោះ ៕