មិនគួរ​បណ្តែតបណ្តោយ​សេដ្ឋកិច្ច​ខ្មែរ​អោយ​ស្ថិតក្នុង​កណ្តាប់ដៃ«ឈ្មួញ»បរទេស​ឡើយ!

ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ ប្រទេស​ក្រីក្រ​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​ប្រមាណ​ជា៧%ក្នុង​មួយឆ្នាំ និង​អាច​កាត់បន្ថយ​ភាពក្រីក្រ​បាន​ប្រមាណ​ជា១%ក្នុង​មួយឆ្នាំ។ ប៉ុន្តែ អ្នក​រិះគន់​មើលឃើញថា សេដ្ឋកិច្ច​របស់​ខ្មែរ​បន្ត​ស្ថិតនៅក្នុង​កណ្តាប់ដៃ«ឈ្មួញ»បរទេស​ច្រើនជាង​ឈ្មួញ​ខ្មែរ​ទៅវិញ។ 

កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ទទួលបាន​ច្រើន​គួរសម​មែន​សម្រាប់​ប្រទេស​ក្រីក្រ​កម្ពុជា។ ប៉ុន្តែ​នេះ វា​គ្រាន់តែ​ប្រាក់ចំណូល​នៅក្នុង​តួលេខ​ប៉ុណ្ណោះ។

តាមពិត ប្រាក់ចំណូល​ដែល​បាន​ធ្លា​ក់មក​ក្នុង​ដៃ​ប្រជាពលរដ្ឋ​ខ្មែរ​ឬ​ធ្លាក់​ចូលមកក្នុង​សេដ្ឋកិច្ច​ខ្មែរ​ពិត​ប្រា​ដក​អាចមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ ដើម្បី​យល់​អោយ​ច្បាស់​ថា តើ​ប្រាក់ចំណូល​បានមកពី​សេដ្ឋកិច្ច​ខ្មែរ​ហើយ​វា​ហូរ​ចេញ​ទៅវិញ​តាមផ្លូវ​ណាខ្លះ​នោះ គេ​គួរ​ក្រឡេកមើល​វិស័យ​កាត់ដេរ​ជាមុនសិន។

វិស័យ​កាត់ដេរ​កម្ពុជា​គឺជា​វិស័យ​ជ​ន្ទុ​ល​ចម្បង​នៃ​សេដ្ឋកិច្ចកម្ពុជា។ វិស័យ​មួយ​នេះ​បាន​ផ្តល់ប្រាក់​ចំ​ណួ​ល​ដល់​ជាតិប្រមាណ​ជា៤ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា៥០ម៉ឺន​នាក់។ កម្មករ៩០%ជា​ស្ត្រី​ធ្វើ​ចំណាកស្រុក​មកពី​ជនបទ។ ប្រាក់ខែ​អប្បបរមា​សម្រាប់​កម្មក​រ​វិស័យ​កាត់ដេរ​គឺ​ជាង១២០ដុល្លារ​អាមេរិក។ ប្រសិនបើ​គេ​ទទួលបាន​ប្រាក់​បន្ថែម​ម៉ោង​ឬ​ប្រាក់​លើកទឹកចិត្តផ្សេងៗទៀត កម្មករ​កម្មការិនី​ម្នាក់​អាច​ទទួលបាន​ប្រាក់​ចំ​ណួ​ល​ប្រចាំខែ​ប្រមាណ​ជា២០០ដុល្លារ។ ដូច្នេះ ប្រសិនបើ​គេ​សរុប​ប្រាក់​ចំ​ណួ​ល​គោល​របស់​កម្មករ​ចំនួន៥០ម៉ឺន​នាក់ រោងចក្រ​ត្រូវ​ចំណាយ​ប្រាក់បៀវត្សរ៍៦០លាន​ដុល្លារ​ប្រចាំខែ​សម្រាប់​កម្មករ។

លើសពីនេះទៅទៀត ម្ចាស់​រោងចក្រ​ត្រូវ​បង់ពន្ធផ្សេងៗដល់​ស្ថាប័នរដ្ឋ​ផងដែរ។ ទាំងអស់នេះ​គឺជា​ផលប្រយោជន៍​ដែល​ខ្មែរ​ត្រូវ​ទទួលបាន។ ប៉ុន្តែ​ប្រសិនបើ​គេ​ពិនិត្យ​មើលថា តើ​ជនជាតិ​ណាខ្លះ​ជា​ម្ចាស់​កម្មសិទ្ធិ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​វិញ​នោះ? ចម្លើយ​គឺ​ជនជាតិ​បរទេស ជាពិសេស ជនជាតិ​ចិន។ ដូច្នេះ ចង់​ឬ​មិន​ចង់ ប្រាក់ចំណេញ​មួយ​ភាគ​ធំ​ក៏​ចេញទៅ​ក្រៅប្រទេស​វិញ​តាមរយៈ​វិនិយោគិន​បរទេស​ដែរ។

ដោយ​មិន​និយាយ​ពី​ប្រាក់ចំណេញ​សម្រាប់​វិនិយោគិន​នៅ​កម្ពុជា ទីផ្សារ​សម្លៀកបំពាក់​ខ្មែរ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ទីផ្សារ​បរទេស ដូចជា ទីផ្សារ​សហរដ្ឋអាមេរិក អឺរ៉ុប កាណាដា និង​ជប៉ុន​ជាដើម។ ការដកដង្ហើម​តាម​គេ​របៀបនេះ ហានិភ័យ​នានា​ក៏ត្រូវ​កើតឡើង​តាម​គេ​ដែរ។

ជាក់ស្តែង នាពេល​កន្លងមក នៅពេលណា​ដែល​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ឬ​អឺរ៉ុប​ថមថយ ទីផ្សារ​សម្លៀកបំពាក់​ខ្មែរ​ក៏«ស្វិត​ប្រ​ពោន»ទៅតាម​គេ​ដែរ។ ចរន្ត​នេះ​បង្ហាញថា សេដ្ឋកិច្ច​របស់​ខ្មែរ​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រប​ស់ជន​បរទេស​ភាគច្រើន។

ងាក​មក​មើល​វិស័យ​កសិកម្ម​វិញ ជន​បទេស​មួយចំនួន​បាន​កាន់កាប់​ដី​កៅស៊ូ និង​ដី​ដាំ​ដំណាំ​ដំឡូង​មី​ច្រើន​ម៉ឺន​ហិកតា។ ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្តល់អោយ​ជនបរទេស​មាន​រយៈពេល​រហូតដល់​ទៅ៩៩ឆ្នាំ​ឯណោះ។  មានតែ​ការដាំដុះ​ស្រូវ ពោត ដំឡូង ការចិញ្ចឹម​ត្រី សត្វពាហនៈ និង​ដំណាំ​កសិកម្ម​តិចតួច​ប៉ុណ្ណោះ​ដែល​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រប​ស់​វិនិយោគិន និង​ប្រជាពលរដ្ឋ​ខ្មែរ។ ចំណុច​អវិជ្ជមាន​មួយទៀត​ដែល​បាននិងកំពុង​កើតឡើង​ដែរនោះ​គឺថា បើទោះបីជា​ដំណាំ​កសិកម្ម​មួយផ្នែក​កាន់កាប់​ដោយ​កសិករ​ខ្មែរ​ក៏ដោយ ក៏​តម្លៃ​ផលិតផល​កសិកម្ម​ស្ថិតនៅក្នុង​ដៃ​ឈ្មួញ​បរទេស​ជា​អ្នកកំណត់​ដដែល។ ឧ​ទា​ហរ​ណ៏​ជាក់ស្តែង គឺ​ផលិតផល​ស្រូវ។

តម្លៃ​ស្រូវ​ប្រែប្រួល​ទៅតាម​ការកំណត់​ទិញ​របស់​ឈ្មួញ​វៀតណាម និង​ថៃ។ នៅក្នុង​ពាណិជ្ជកម្ម​កសិកម្ម​នេះ កសិករ​ខ្មែរ ផលិត​ដើម្បី​តែ​ផលិត​ប៉ុណ្ណោះ ពីព្រោះ​វត្ថុធាតុដើម ជាពិសេស ជី ប្រេង ដែល​ត្រូវ​យកមក​បម្រើការ​ការ​ដាំ​ដុះ ភាគច្រើន​បាន​នាំចូល​មកពី​បរទេស។

ក្រឡេកមើល​វិស័យ​ទេសចរណ៍​ទាំងមូល​វិញ ចំនួន​ភ្ញៀវ​ទេសចរណ៍​ត្រូវបាន​ក្រសួង​ទេស ចរណ៍​ប្រកាស​ជារឿយ​ថា មាន​ចំនួន​ប្រមាណ​ជាជាង៣លាន​នាក់។ ខេត្តសៀមរាប​ជា​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ច្រើនជាងគេ​បំផុត​ក្នុងចំណោម​តំបន់​ទេសចរណ៍​របស់ ខ្មែរ។ នៅទីនេះ សណ្ឋាគារ​លំដាប់​ផ្កាយ​ជាច្រើន​គឺជា​សាខា​ដែលមាន​ម្ចាស់​កម្មសិទ្ធិ​ជា​ជនជាតិ​បរទេស។  រីឯ ជនជាតិខ្មែរ​មាន​ចំនួន​តិចតួច​បំផុត​ដែលជា​ម្ចាស់​កម្មសិទ្ធិ​សណ្ឋាគារ​ទាំងនោះ។ មិនមែន​តែ​រឿង​សណ្ឋាគារ​ទេ សូម្បីតែ​អាជីវកម្ម​មួយចំនួន​ផ្សេង ដូចជា ភោជនីយដ្ឋាន ហាង​អនុ​ស្សារី​យ៍​មួយចំនួន​ក៏​ក្តោប​ក្តាប់​ដោយ​ជន​បទេស​ដែរ។ ម្យ៉ាងទៀត ទំនិញ​បរិភោគ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ដែល​បម្រើអោយ​វិស័យ​ទេសចរណ៍​ក៏ត្រូវ​បាន​នាំចូល​ពី​បរទេស​ដែរ។ 

ដូច្នេះ ប្រសិនបើ​គេ​ក្រឡេកមើល​តួលេខ​ភ្ញៀវទេសចរ​ទាំងមូល និង​ប្រាក់ចំណូល​របស់​ជាតិ គេ​ពិតជា​អាច​និយាយបានថា វិស័យនេះ​ផ្តល់ប្រាក់​ចំណូល​ដល់ក​ម្ពុ​ជាច្រើន​ណាស់។ ប៉ុន្តែ ប្រាក់ចំណូល​ពី​វិស័យនេះ​បាន​ធ្លុះធ្លាយ​ទៅវិញ​ពី២០ទៅ៥០%តាមរយៈ​ការប្រើប្រាស់​ទំនិញ​បរទេស និង​ធ្លុះធ្លាយ​ទៅវិញ​តាមរយៈ​វត្តមាន​អ្នក​វិនិយោគិន​បរទេស។ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ពួកគេ​ទទួលបាន​ផលចំណេញ​ត្រឹមតែ​ប្រាក់ខែ​តិចតួច​ប៉ុណ្ណោះ។
នៅក្នុង​វិស័យ​ទូរគមនាគមន៍ (បណ្តាញ​ទូរ​ទស​ព្ទ) ជនជាតិ​បរទេស​មាន​ភាគហ៊ុន​ច្រើនជាង​ជនជាតិខ្មែរ​នៅក្នុង​កិច្ច​ប្រិ​តិ​ប​ត្តិ​ការ​ក្រុមហ៊ុន​ទាំងមូល។

មូលហេតុ​ដែល​ជនបរទេស​ឈោង​ចាប់យក​ជំ​នួន​នៅក្នុង​ប្រទេស​កម្ពុជា មុន​អ្នកជំនួញ​ខ្មែរ​នោះ គឺ​បណ្តាលមកពី​កត្តា​ពីរ​យ៉ាង។ ទី១ កត្តា​មូលធនហិរញ្ញវត្ថុ និង​ទី២ កត្តា​ចំណេះដឹង​ជំនាញ។
តើ​បើទោះបីជា​ក្នុង​វិស័យ​មួយចំនួន សេដ្ឋកិច្ច​ខ្មែរ​ហាក់បីដូចជា​ដកដង្ហើម​តាម​បរទេស​ក៏ដោយ​ក្តី ក៏​វិស័យ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ននេះ​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​ដែរ។ កាលពី៧ឬ៨ឆ្នាំមុន វិស័យ​អចលនទ្រព្យ​គ្រប់គ្រង​ដោយ​ជនជាតិ​បរទេស​ដែរ ជាពិសេស ជនជាតិ​កូរ៉េ។

នៅក្នុង​វិស័យ​ធនាគារ និង​វិស័យ​អប់រំ​វិញ ជនជាតិខ្មែរ​បាន និង​កំពុង​នាំមុខ​ជនជាតិ​បរទេស។ ធនាគារ​ខ្មែរ​មួយចំនួន ដូចជា ធន​គារ​អេស៊ីលីដា មិន​ត្រឹមតែ​ពង្រីក​ខ្លួន​នៅក្នុង​ប្រទេស​ទេ។ ប៉ុន្តែ​ទៅ​ក្រៅប្រទេស​ទៀតផង។
ក្រៅពី​វិស័យ​អចលនទ្រព្យ អប់រំ និង​វិស័យ​ធនាគារ គេ​សង្កេតឃើញ​ជាក់ស្តែង​ថា ជនជាតិខ្មែរ​គ្រប់គ្រង​តែ​អាជីវកម្ម​តូចតាច​ប៉ុណ្ណោះ ដូចជា​ការរកស៊ី​នាំចេញ​នាំចូល លក់ដូរ​តូចតាច​នៅតាម​ទីផ្សារ​នានា។ល។

សរុបសេចក្តី​មកវិញ រដ្ឋាភិបាល​កម្ពុជា​គួរ​ជំរុញ​លើកទឹកចិត្ត​ជនជាតិខ្មែរ​ដែលមាន​ទុន​ច្រើន​អោយ វិនិយោគ​នៅលើ​ទឹកដី​របស់ខ្លួន​អោយបាន​ច្រើន​បំផុត​ដើម្បី​ទទួលបាន​ផលចំណេញ​សម្រាប់​ខ្មែរ​គ្នាឯង ពោលគឺ​ចៀសវាង​ទង្វើ«ខ្មែរ​លក់​កម្លាំង​ពលកម្ម​ច្រើន តែ​ទទួលបាន​ត្រឹមតែ​ប្រាក់ខែ​តិចតួច​ប៉ុណ្ណោះ» រីឯ​ប្រាក់​ដុល្លារ​ចំណេញ​កប់​ក្តោង​ហូរ​ចេញទៅ​ក្រៅប្រទេស​វិញ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?