ពលរដ្ឋ​ខេត្ត​កំពង់ធំ​បារម្ភ​បាត់បង់​ឈើ​ធំៗ​ដោយសារ​ឈ្មួញ​កាប់​នៅ​ក្រៅ​តំបន់​ដី​សម្បទាន

ទាញ​យក​កម្មវីធី

ប្រជាពលរដ្ឋ​នៅ​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ឈើ​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច ដែល​អាជ្ញាធរ​ខេត្ត​ផ្តល់​ជូន​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​មាន​ការ​ទប់ស្កាត់។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​បញ្ជាក់​ថា លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះ​ហើយ។

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​មានរិទ្ធ កំពុង​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​កាប់​ឈើ​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច។ សកម្មភាព​នោះ កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៤ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​សម្រេច​ផ្តល់​ដី​ជាង ២​ពាន់​ហិកតារ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​បាក់​ច្រាំង​ទន្លេ​ជាង ៥០០​គ្រួសារ​មក​ពី​ខេត្ត​កំពង់ចាម។ ប៉ុន្តែ​មុន​នឹង​អាជ្ញាធរ​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ ពួក​គេ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ម្ចាស់​អាជីវកម្ម ឈ្មោះ កុក ហៀង ហៅ ៩៥ ដើម្បី​សម្អាត​ឈើ​នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច​នោះ។

ពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ឃុំ​មានរិទ្ធ ឲ្យ​ដឹង​ថា ដើម​ឈើ​ធំៗ​ត្រូវ​បាន​ឈ្មួញ​កាប់​ពី​តំបន់​ព្រៃ​ឡង់ ហើយ​ដឹក​ចូល​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច​នោះ ដើម្បី​ធ្វើ​អាជីវកម្ម។ លោក​បន្ត​ថា ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច គឺ​មិន​មាន​ដើម​ឈើ​ធំៗ ដើម្បី​ធ្វើ​អាជីវកម្ម​ទេ ប៉ុន្តែ​មួយ​ថ្ងៃៗ​ឃើញ​តែ​រថយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​នោះ រីឯ​មន្ត្រី​អាជ្ញាធរ គឺ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ៖ «បាទ! កាប់​ក្រៅៗ​តំបន់​ដី​សម្បទាន​សង្គមកិច្ច ហើយ​ខ្ញុំ​មិន​បាន​ដឹង​ទេ​បង​អើយ! កាល​ពី​ជំនាន់​ព្រះ​គោ​ព្រះ​កែវ ដោយសារ​ប្រាក់​ដួង ហើយ​ជំនាន់​នេះ​ដោយសារ​ប្រាក់​ដុល្លារ»

បន្ថែម​ពី​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មានរិទ្ធ លោក សុខ ម៉ាប់ មាន​ប្រសាសន៍​ដែរ​ថា មាន​ម៉ាស៊ីន​អារ​ឈើ និង​គោយន្ត​រាប់​សិប​គ្រឿង កំពុង​ធ្វើ​សកម្មភាព​អារ​ឈើ​នៅ​តំបន់​ក្រៅ​ដី​សម្បទាន​សង្គមកិច្ច។ លោក​បញ្ជាក់​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម គឺ​មាន​លក្ខណៈ​មិន​ច្បាស់លាស់​ថែម​ទៀត ពោល គឺ​ឈូស​ឆាយ​ដើម្បី​ចែក​គ្នា និង​អាច​ធ្លាក់​ទៅ​លើ​ដៃ​របស់​ឈ្មួញ​តែ​ម្តង ដោយ​គ្រាន់​តែ​យក​ឈ្មោះ​ពលរដ្ឋ​ជា​ខែល​ប៉ុណ្ណោះ៖ «ជាង​ពីរ​ឆ្នាំ​ហ្នឹង​អត់​ឃើញ​មាន​ប្រជាពលរដ្ឋ​មក​ពី​ក្រូចឆ្មារ ហ្នឹង​ទេ ឃើញ​តែ​ពួក​អ្នក​មាន​អំណាច​ឈូស​លក់ និង​ឈូស​ចែក​គ្នា មន្ត្រី​មាន​អំណាច​ធំៗ​ទៅ​វិញ»

ក្រុម​ប្រឹក្សា​ឃុំ​ដដែល​បន្ត​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​របស់​ឈ្មួញ គឺ​គេ​កាប់​ឈើ​មូល​ពី​តំបន់​ព្រៃ​ឡង់ ដឹក​ជញ្ជូន​ចូល​មក​ក្នុង​តំបន់​ដី​សម្បទាន និង​ទទួល​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ ដោយ​ពួក​គេ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ហើយ​ចុង​ក្រោយ ពួក​គេ​ដឹក​ចេញ​ពី​តំបន់​ដី​សម្បទាន ឆ្ពោះ​ទៅ​តំបន់​ផ្សេងៗ និង​ទៅ​ប្រទេស​វៀតណាម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​ម្ចាស់​អាជីវកម្ម​ឈើ​នោះ ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ តុលា។

ចំណែក​អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្ត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ តុលា ថា ខាង​លោក​ក៏​បាន​ទទួល​ដំណឹង​នេះ​ដែរ ហើយ​លោក​ក៏​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​បញ្ហា​នេះ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «ចាត់​វិធានការ​ហើយៗ​ការងារ​ហ្នឹង យើង​នៅ​តែ​តាមដាន​បន្ត​ទៀត ថា​តើ​ករណី​ហ្នឹង​ពិត​ឬ​មិន​ពិត?»

លោក​បន្ត​ថា កន្លង​មក អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ តែង​អប់រំ​ប្រជាពលរដ្ឋ​មិន​ឲ្យ​លក់​ដើម​ច្បោះ​ជ័រ​របស់​ខ្លួន​ទៅ​ឲ្យ​ឈ្មួញ និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស​ព្រៃ​ឈើ​ជា​ហូរហែ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ឆ្ងាយៗ​មក​សម្រាក​ធ្វើ​សកម្មភាព​ទាំង​នោះ។ លោក​ថា រីឯ​ការ​ចែក​ដី​សម្បទាន​សង្គមកិច្ច​ទៅ​ឲ្យ​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម វិញ គឺ​ចែក​បាន​បី​ជំហាន​ហើយ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៥០០​គ្រួសារ ហើយ​អាជ្ញាធរ គឺ​បំពេញ​ការងារ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ខ្លាច​ក្រែង​ដី​ទាំង​នោះ​ធ្លាក់​ទៅ​លើ​ដៃ​ជន​ខិលខូច ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ។

ទោះ​បី​ជា​បែប​នេះ​ក្តី លោក សុខ ម៉ាប់ នៅ​តែ​បារម្ភ​ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព។ លើស​ពី​នេះ សកម្មភាព​កាប់​ឈើ​ក្រៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច កំពុង​ដំណើរ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត។ ប្រសិន​បើ​គ្មាន​ការ​ទប់ស្កាត់​ណា​មួយ​ទេ លោក​ថា រដូវ​ប្រាំង​ខាង​មុខ​នេះ ឈើ​ធំៗ​នៅ​ក្នុង​ឃុំ​មានរិទ្ធ គឺ​គ្មាន​សេសសល់​ទៀត​ឡើយ ហើយ​ក្មេង​ជំនាន់​ក្រោយ​នឹង​ទទួល​រង​ផល​ប៉ះពាល់ បណ្ដាល​មក​ពី​ការ​បាត់បង់​ព្រៃ​ឈើ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។