លោក ហ៊ុន សែន អំពាវនាវ​ជនជាតិ​ចាម​កុំ​ឲ្យ​ជឿ​ការ​ឃោសនា​រឿង​ផ្លាស់ប្ដូរ

ទាញ​យក​កម្មវីធី

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ថា ការ​ផ្លាស់ប្ដូរ​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​ត្រូវ​វិនាស​អន្តរាយ ហើយ​ប្រជាពលរដ្ឋ​វិញ នឹង​ត្រូវ​ជួប​ការ​លំបាក។ ការ​ព្រមាន​ជា​ថ្មី​ទៀត​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​លោក​អំពាវនាវ​កុំ​ឲ្យ​ជនជាតិ​ចាម ឬ​ខ្មែរ​ឥស្លាម ជឿ​ការ​ញុះញង់​អំពី​ការ​ផ្លាស់ប្ដូរ​ឲ្យ​សោះ ពីព្រោះ​វា​មិន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ចំណេញ​អ្វី​ឡើយ។

អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ដែល​ព្រមាន​អំពី​មហន្តរាយ​របស់​ប្រទេស​ដែល​នឹង​កើត​ឡើង ប្រសិន​បើ​ពិត​ជា​មាន​ការ​ផ្លាស់ប្ដូរ​មែន​នោះ វា​មិន​អាច​ទៅ​រួច​ឡើយ ហើយ​ម្យ៉ាង​ទៀត គឺ​គ្រាន់​តែ​ជា​សារ​គំរាម​មុន​ការ​ប្រកួត​បាន​មក​ដល់​ប៉ុណ្ណោះ។

ការ​អះអាង​ដូច​នេះ​របស់​អ្នក​វិភាគ​នយោបាយ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្ទាស់​របស់​លោក នៅ​ថ្ងៃ​ទី​១៤ តុលា ដោយ​អំពាវនាវ​ឲ្យ​ជនជាតិ​ចាម កុំ​ជឿ​ការ​ញុះញង់​របស់​អ្នក​នយោបាយ ចំពោះ​ការ​ផ្លាស់ប្ដូរ​អ្នក​ដឹក​នាំ។ បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​ដែរ​ថា ការ​ផ្លាស់ប្ដូរ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ចំណេញ​អ្វី​ឡើយ​សម្រាប់​ប្រទេស​ជាតិ ផ្ទុយ​ទៅ​វិញ នឹង​នាំ​មក​នូវ​មហន្តរាយ គឺ​មិន​ខុស​គ្នា​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​ឡើយ។

ការ​យក​ប្រទេស​មជ្ឈិមបូព៌ា​មក​ប្រៀបធៀប​នេះ អ្នក​វិភាគ​លើក​ឡើង​ថា ទំនង​ជា លោក ហ៊ុន សែន ភ័យ​ខ្លាច​ពី​ការ​ផ្លាស់ប្ដូរ​មេ​ដឹក​នាំ ដែល​ក្ដោបក្ដាប់​អំណាច​ជាង ៣០​ឆ្នាំ​របស់​លោក​ហើយ​មើល​ទៅ ព្រោះ​ថា មេ​ដឹក​នាំ​ផ្ដាច់​ការ​នៅ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​ចំនួន ត្រូវ​បាន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ ដោយ​ប្រជាពលរដ្ឋ​ទ្រាំ​នឹង​ការ​គាប​សង្កត់​ដោយ​របប​ផ្ដាច់​ការ​មិន​បាន។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា កម្ពុជា ធ្លាប់​មាន​បទពិសោធន៍​រួច​មក​ហើយ ដូច​ការ​ផ្លាស់ប្ដូរ​សម័យ​ខ្មែរ​ក្រហម គឺ​ផ្លាស់ប្ដូរ​ពី​មាន​ទៅ​ក្រ មាន​វិហារ​ទៅ​ឥត​វិហារ មាន​សាលា​រៀន​ទៅ​ឥត​សាលា មាន​ផ្ទះ​រស់នៅ​ទៅ​ឥត​ផ្ទះ មាន​ពេទ្យ​ទៅ​គ្មាន​ពេទ្យ និង​ពី​មាន​ផ្ទះ​ទៅ​រស់​ជ្រក​ក្នុង​តង់​នៅ​តាម​ព្រំដែន ហើយ​ត្រូវ​រត់​លូន​ដោយ​សង្គ្រាម​ស្ទើរ​រាល់​ថ្ងៃ។

បើ​ទោះ​ជា​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ជនជាតិ​ចាម ជឿ​ការ​ញុះញង់ និង​ការ​អូស​ទាញ ដែល​មិន​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​ក៏ដោយ​ចុះ គេ​ដឹង​ជា​ទូទៅ​ហើយ​ថា ទំនង​ជា លោក ហ៊ុន សែន ចង់​សំដៅ​ឲ្យ​គណបក្ស​ប្រឆាំង។ ក្នុង​ពេល​កន្លង​ទៅ គណបក្ស​ជំទាស់​តែង​ប្រកាស​ក្ដែងៗ​អំពី​ការ​ផ្លាស់ប្ដូរ​នេះ ជាពិសេស​ក្នុង​ពេល​មាន​បាតុកម្ម។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​១៤ តុលា ឲ្យ​ដឹង​ដែរ​ថា សារ​នយោបាយ "ដូរ ឬ មិន​ដូរ" ដែល​លោក​ដាក់​ចេញ​នេះ គឺ​ពុំ​មែន​បាន​ន័យ​ថា ជា​ការ​ផ្លាស់ប្ដូរ​អ្វី​ផ្សេង​ក្រៅ​ពី​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាម​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក កឹម សុខា បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ផ្លាស់ប្ដូរ​តាម​បែប​ហិង្សា ធ្វើ​បដិវត្ត និង​បង្កើត​សង្គ្រាម​ឡើយ។

ជុំវិញ​រឿង​នេះ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់​ឃើញ​ថា ការ​ព្រមាន​ជា​ថ្មី​ទៀត​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន ប្រហែល​ជា​លោក​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង តាម​រយៈ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខ្ញុំ​មើល​ទៅ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​ធ្វើ​ការ​គំរាម​ទៅ​ដល់​កុំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ការ​និយាយ​បែប​នេះ មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​តម្លាភាព ដោយ​យុត្តិធម៌ ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​របៀប​នេះ គឺ​ជា​ការ​ព្រួយ​បារម្ភ»

ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ព្រមាន​ជា​ញឹកញាប់​ថា ប្រទេស​កម្ពុជា នឹង​កើត​សង្គ្រាម បើ​គណបក្ស​ផ្សេង​ឈ្នះ​ឆ្នោត ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​វិញ​យល់​ឃើញ​ថា សង្គ្រាម​នឹង​មិន​កើត​ឡើង​បាន​ឡើយ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មិន​បង្ក​ជម្លោះ​មុន​នោះ ព្រោះ​គណបក្ស​ដទៃ​ទៀត​ពុំ​មាន​សព្វាវុធ និង​កង​កម្លាំង​គ្រប់គ្រាន់ ដូច​រដ្ឋាភិបាល​ដែល​កំពុង​តែ​កាន់​កាប់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។