មនុស្ស​៤១​នាក់​ស្លាប់​និង​របួស​២០២​នាក់​ក្នុង​រយៈពេល​៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

ទាញ​យក​កម្មវីធី

រយៈពេល ៤​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ថ្ងៃ​ទី​១០ ថ្ងៃ​ទី​១១ ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ តុលា មាន​គ្រោះថ្នាក់​ចរាចរណ៍ ១០១​ករណី បាន​កើត​មាន​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​នោះ​បណ្ដាល​ឲ្យ​មនុស្ស ៤១​នាក់​ស្លាប់ របួស​ធ្ងន់ ១៣០​នាក់ និង ៧២​នាក់​រង​របួស​ស្រាល។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ លោក ឯករុន រ័ត្នវាសនា និយាយ​ថា ខេត្ត​ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន​ជាង​គេ គឺ​ខេត្ត​តាកែវ ៩​ករណី ស្លាប់ ៣​នាក់ របួស ២៥​នាក់ ខេត្ត​កំពត ៨​ករណី របួស ១៨​នាក់ ស្លាប់ ១​នាក់ និង​ខេត្ត​កណ្ដាល ៩​ករណី ស្លាប់ ៦​នាក់ របួស ១៥​នាក់។

លោក​បន្ត​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​បើកបរ​លើស​ល្បឿន ៣៧​ករណី មិន​គោរព​សិទ្ធិ​អាទិភាព ១៩​ករណី បើក​ប្រជែង​គ្នា​គ្រោះថ្នាក់ ១៧​ករណី ស្រវឹង ១១​ករណី បត់​ឆ្វេង​ស្តាំ​មិន​ប្រុង​ប្រយ័ត្ន ៩​ករណី និង​បើកបរ​មិន​ប្រកាន់​ស្តាំ ៨​ករណី៖ «ប៉ុន្តែ​ជា​ការ​ចាប់​អារម្មណ៍ ការ​ស្លាប់​លើ​ថ្នល់​ជាតិ គឺ​ថយ​ចុះ ប៉ុន្តែ​តាម​ផ្លូវ​លំ គឺ​មាន​គ្រោះថ្នាក់​ច្រើន ប្រហែល​ដោយសារ​ប្រជាពលរដ្ឋ​ទទួល​ទាន​ស្រា​ច្រើន​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បង្កើត​យន្តការ​ឲ្យ​ជាក់លាក់​ណា​មួយ ក្នុង​ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ឲ្យ​បាន​ច្រើន នៅ​ពេល​មាន​បុណ្យ​ជាតិ​ធំៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​កក​ស្ទះ​ចរាចរណ៍ និង​ឃ្លាំ​មើល​រាល់​ការ​បើកបរ​ដែល​មិន​គោរព​ច្បាប់ និង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ពិសេស គឺ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។