ក្រសួង​អប់រំ​ប្រកាស​លទ្ធផល​នៃ​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​តវ៉ា​របស់​សិស្ស

ទាញ​យក​កម្មវីធី

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ចេញ​លិខិត​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ដោះស្រាយ​លើ​ពាក្យ​តវ៉ា​របស់​បេក្ខជន​ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប។ ពាក្យ​បណ្ដឹង​តវ៉ា​ទាំងអស់ ក្រសួង​បាន​បែង​ចែក​ជា​បី​ប្រភេទ ហើយ​ក្រសួង​អះអាង​ថា បាន​ដោះស្រាយ​ការ​តវ៉ា​ចប់​សព្វ​គ្រប់​ហើយ។

ក្រសួង​អប់រំ អះអាង​បញ្ជាក់​តាម​រយៈ​លិខិត​របស់​ខ្លួន ពី​ការ​ខិតខំ​ប្រឹងប្រែង និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​រាល់​ពាក្យ​បណ្ដឹង​របស់​សិស្ស​ដែល​ប្រឡង​ធ្លាក់ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ។

បន្ទាប់​ពី​បញ្ចប់​ការ​ពិនិត្យ​ពាក្យ​បណ្ដឹង ក្រសួង​អប់រំ បង្ហាញ​ថា រាល់​កិច្ចការ​របស់​មន្ត្រី​ដែល​ចូលរួម​កែ​សន្លឹក​កិច្ចការ​សិស្ស មាន​តម្លាភាព​តាម​ស្តង់ដារ និង​ត្រឹមត្រូវ​ទៅ​តាម​អត្រា​កំណែ ហើយ​លទ្ធផល​ប្រឡង​បាក់​ឌុប​ដែល​បាន​ប្រកាស​កន្លង​មក គឺ​បង្ហាញ​ពី​សមត្ថភាព​ពិត​របស់​សិស្ស។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥ មាន​បេក្ខជន​ចូល​ប្រឡង​ចំនួន​ជាង ៨​ម៉ឺន​នាក់ (៨៣.៣២៥​នាក់) ហើយ​បេក្ខជន​ជាង ៤៦​ម៉ឺន​នាក់ (៤៦.៥៦០​នាក់) ឬ​ជាង ៥៥​ភាគរយ (៥៥,៨៨%) បាន​ប្រឡង​ជាប់។

ក្រសួង​អប់រំ ផ្ដល់​ពេល ៣០​ថ្ងៃ​ដល់​សិស្ស ដើម្បី​ធ្វើ​ការ​តវ៉ា​នឹង​លទ្ធផល​ដែល​បាន​ប្រកាស។ បេក្ខជន​ដែល​ប្រឡង​ធ្លាក់​ជាង ១០០​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង ដើម្បី​ស្នើ​ឲ្យ​ត្រួត​ពិនិត្យ​អត្រា​កំណែ​ឡើង​វិញ។ ពាក្យ​បណ្ដឹង​ទាំង​នេះ ត្រូវ​ក្រសួង​បែង​ចែក​ជា​បី​ប្រភេទ គឺ​ពាក្យ​បណ្ដឹង​របស់​បេក្ខជន​ដែល​ប្រឡង​ធ្លាក់ សុំ​ពិនិត្យ​មើល​ពិន្ទុ​ឡើង​វិញ ពាក្យ​បណ្ដឹង​របស់​បេក្ខជន​ដែល​មិន​ពេញ​ចិត្ត​នឹង​និទ្ទេស​ដែល​ទទួល​បាន និង​ពាក្យ​បណ្ដឹង​របស់​បេក្ខជន​ដែល​ស្នើសុំ​ឲ្យ​កែ​សន្លឹក​កិច្ចការ​ឡើង​វិញ។

ក៏ប៉ុន្តែ ក្រសួង​អប់រំ បញ្ជាក់​ថា ក្រសួង​មិន​បាន​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​ទាំងអស់​ឡើង​វិញ​នោះ​ទេ។ ក្រសួង​ពន្យល់​ថា មាន​តែ​ពាក្យ​បណ្ដឹង​ដែល​មាន​លាយលក្ខណ៍​អក្សរ​ត្រឹមត្រូវ ដែល​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​បេក្ខជន​ច្បាស់លាស់​ប៉ុណ្ណោះ ដែល​ត្រូវ​ក្រសួង​លើក​យក​មក​ដោះស្រាយ។

សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​គុណភាព​អប់រំ នៅ​ក្នុង​ប្រទេស​កម្ពុជា លើក​ទឹក​ចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ ក៏ប៉ុន្តែ​ពួក​គាត់​ស្នើ​ឲ្យ​ក្រសួង បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត។

លោក សន ជ័យ តំណាង​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា កត់​សម្គាល់​ថា ក្រុម​ការងារ​កោសល្យវិច័យ​ដោះស្រាយ​បណ្ដឹង​នៃ​ក្រសួង​អប់រំ មិន​សូវ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ឡើយ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ការ​ចូលរួម​ច្រើន​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​នោះ នឹង​អាច​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​នេះ​មាន​លទ្ធផល​កាន់​តែ​ប្រសើរ៖ «បើ​មើល​ទៅ ការ​ផ្តល់​ឱកាស​ឲ្យ​តវ៉ា​ហ្នឹង វា​ជា​រូបភាព​មួយ​ដែល​ថ្មី​ដែរ ប៉ុន្តែ​អ្វី​ដែល​មាន​ការ​តវ៉ា​ច្រើន អ្វី​ដែល​យើង​ឮ​កាល​ពី​ឆ្នាំ​មុន មាន​តិចតួច​ហ្នឹង គឺ​ជា​សញ្ញា​មួយ​ដែរ ដែល​ក្រសួង​អប់រំ មាន​ពេល​សិក្សា​ស្វែង​យល់​អំពី​ចំណុច​ដែល​មហា​ជន​រិះគន់​ច្រើន​ហ្នឹង ជាពិសេស​បេក្ខជន​ដែល​មិន​សុខ​ចិត្ត។ នេះ​ជា​កញ្ចក់​មួយ​សម្រាប់​ក្រសួង​អប់រំ ឆ្លុះ​បញ្ចាំង​ខ្លួន​ឯង​ហើយ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ស្តីទី​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់​ថា ក្រៅ​ពី​កែ​ទម្រង់​ការ​ប្រឡង ក្រសួង​អប់រំ គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​គ្រូបង្រៀន​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​នូវ​គុណភាព​អប់រំ ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​បាន៖ «ការ​ប្រកួត​ប្រជែង​អាស៊ាន​មក​ដល់​នៅ​ឆ្នាំ​ក្រោយ​នេះ ខ្ញុំ​គិត​ថា​ក្មេង​សម័យ​ក្រោយ គាត់​ឆាប់​អនុវត្ត​តាម ក៏ប៉ុន្តែ​លុះត្រា​តែ​ក្រសួង ក៏ដូចជា​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ផង​ដែរ ទើប​គុណភាព​អប់រំ​បាន​ប្រសើរ»

ទោះ​យ៉ាង​ណា​ក្តី មាន​មតិ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន បាន​កត់​សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រសួង​អប់រំ បាន​ខិតខំ​ពង្រឹង​គុណភាព​ប្រឡង ហើយ​នេះ​ក៏​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​នៃ​ការ​ពង្រឹង​គុណភាព​អប់រំ ប៉ុន្តែ​ការ​ពង្រឹង​គុណភាព​គ្រូ និង​ការ​សិក្សា​របស់​សិស្ស​មុន​ដល់​ឆ្នាំ​ប្រឡង​នោះ នៅ​មាន​ជួប​បញ្ហា​ប្រឈម​ច្រើន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។