រុស្ស៊ី និង​អាមេរិក​ត្រូវ​បាន​ដាស់តឿន​កុំ​ឲ្យ​ប្រែក្លាយ​សង្រ្គាម​ស៊ីរី ទៅ​ជា​សង្រ្គាម​រុស្ស៊ី-អាមេរិក

មាន​គោលដៅ​ដូចគ្នា គឺ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម មហាអំណាច​យោធា អាមេរិក និង​រុស្ស៊ី​បាន​បើកប្រតិបត្តិការ​ទ័ព​អាកាស​ក្នុង​ទឹកដី​ស៊ីរី។ បញ្ហា​នៅ​ត្រង់ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ទីក្រុង​ម៉ូស្គូ​បាន​ទម្លាក់​គ្រាប់ ទៅលើ​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី ប៉ុន្តែ មិនមែន​ទៅលើ​ក្រុមភេរវជន​នោះទេ។ ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​ពុធ​បាន​ធ្វើបញ្ជី​ក្រុមភេរវជន ដែល​រុស្ស៊ី ត្រូវវាយប្រហារ។ តាម​ក្រសួងការពារ​ជាតិ​រុស្ស៊ី ក្រៅតែ​ពី​ក្រុមកងទ័ព​ស៊ីរី​សេរី ក្រុមប្រដាប់​អាវុធ​ផ្សេងទៀត ដែល​អាមេរិក​ចាត់ទុក​ជា​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី សុទ្ធ​តែ​ជា​ក្រុមភេរវជន ដែល​ជា​មុខសញ្ញា​ត្រូវ​ទម្លាក់គ្រាប់​របស់​យន្តហោះ​រុស្ស៊ី។