ចោរឆក់​អស់លក្ខណ៍​ម្នាក់​ត្រូវ​អាវុធហត្ថ​ខណ្ឌចំការមន​ចាប់​បាន

រាជធានី​ភ្នំពេញ ៖ ចោរឆក់​អស់លក្ខណ៍​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​ដេញ​តាម និង​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៤ តុលា ២០១៥ បន្ទាប់​ពី​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជនបរទេស​២​នាក់​ប្តី​ប្រពន្ធ​នៅ​មុខ​ភោជនីយដ្ឋាន ង៉​ន តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ចោរឆក់​ដែល​ត្រូវ​ចាប់ខ្លួនមាន​​ឈ្មោះ ផល ផានិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្លូវ​រថភ្លើង​ជិត​ទួល​គោក ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនបរទេស​២​នាក់​ប្តី​ប្រពន្ធ​បាន​ដើរ​ចេញពី​ភោជនីយដ្ឋាន ង៉​ន បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ ស្រាប់តែ​ពេល​នោះ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​មក​ដល់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ ពេល​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏​ស្រែក​ឱ្យ​គេ​ជួយ គាប់​ជួន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​កំពុង​ជិះ​ល្បាត​ឮ និង​ឃើញ ក៏​ជិះ​ដេញ​តាម​ជនសង្ស័យ រហូត​ជនសង្ស័យ​ដួល​ម៉ូតូ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នៅ​ស្វាគមន៍​យ៉ាង​ចាស់ដៃ​ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន​បាន សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ-4489 ព្រមទាំង​ទូរស័ព្ទ​ដៃ​ម៉ាក Samsung Galazy A5 មួយ​គ្រឿង​ជា​របស់​ជន​រង​គ្រោះ ។

សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចំណែក​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ​ហើយ​ដែរ ៕