សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ស្វាគមន៍ រង់ចាំ​ទទួល​ជួប​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដើម្បី​និយាយ​ពី​ការបង្រួបបង្រួម

ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានប្រកាស​ស្វាគមន៍ រង់ចាំ​ទទួល​ជួប​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​ជជែក​ពី​ការបង្រួបបង្រួម​រវាង​គណបក្ស​ទាំងពីរ​។

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មាន​ព្រះបន្ទូល​ដូច្នេះ នៅពេល​ព្រះអង្គ យាង​មកពី​ប្រទេស​ថៃ មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ម៉ោង ៧ យប់ ថ្ងៃទី​១៤​តុលា​នេះ​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​ទទួលស្គាល់ថា ព្រះអង្គ បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​រួចហើយ កាលពីពេល​ថ្មីៗ​នេះ​។ មន្ត្រីជាន់ខ្ពស់​នោះ បានទូល​ថ្វាយ​ព្រះអង្គ អំពី​ការលើកឡើង​របស់លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដែល​ចង់​ចូលគាល់​ព្រះអង្គ​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មាន​ព្រះបន្ទូល​ថា "​រួបរួមគ្នា​! ត្រឹមត្រូវ​ណាស់​។ អីចឹង​ទេ ខ្ញុំ​ស្វាគមន៍ ហើយ​ជាមួយគ្នា​នោះ​ផងដែរ ខ្ញុំ​សុំ​អនុញ្ញាត ជម្រាបជូន​ឯកឧត្តម សមរង្ស៊ី​។ ខ្ញុំ​សុំ​បើក​រង្វង់​ក្រចក​បន្តិច តាំងពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០០៣ ការជួប​ជុំគ្នា វា​មាន​សម្តេចនាយក​រដ្ឋមន្ត្រី ឯកឧត្តម​សមរង្ស៊ី និង​ខ្លួន​ខ្ញុំ ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តា សម្តេច​តា​ទួត លោក​បានស្នើ​ទៅ​ឯកឧត្តម សមរង្ស៊ី ជាពិសេស​ថា លោក​គោរព​ណាស់ ការ​ដែលមាន​បក្សប្រឆាំង​នៅ​កម្ពុជា​នេះ លោក​គោរព​ណាស់​។ ក៏ប៉ុន្តែ​លោក​ថា បើសិនជា​យើង​ចង់​ដោះស្រាយ​បញ្ហា​ខ្មែរ សុំ​ឲ្យ​ឯកឧត្តម កុំ​ប្រឆាំង​ពី​ក្រៅ​។ ឯកឧត្តម សមរង្ស៊ី ចូលមក​ប្រឆាំង​ខាងក្នុង​មក​។ រួច​សម្តេចនាយក​រដ្ឋមន្ត្រី គាត់​ប្រកាស​ភ្លាម ពេលនោះ ថា​លោក​គាំទ្រ​គោលជំហរ​ព្រះអង្គ​នឹង​។ ខ្ញុំ​គ្រាន់តែ​និយាយថា បើក ហើយ​និង​ថា បិទ​រង្វង់​ក្រចក​ទេ​។ ខ្ញុំ​ថា បើសិនជា​ឯកឧត្តម សមរង្ស៊ី គាត់​តាម​សម្តេច​តា សម្តេច​តា​ទួត កាលពី​ឆ្នាំ​២០០៣ មិនដឹង​ជា​យើង ដើរ​ដល់​ណា ដើរ​ដល់​ណី​ទេ ស្មន់​នេះនោះ​"​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​មាន​ព្រះបន្ទូល​បន្តថា "​ឥឡូវ​គាត់​ថា ដង្ហែ​តាម​ព្រះរាជ​បណ្តាំ​របស់​សម្តេច​តា សម្តេច​តា​ទួត​! ខ្ញុំ នរោត្តម រណឫទ្ធិ តែងតែ​តាម​លោក​រហូត​អីចឹង ហើយ​យើង​ជា​ហ្វ៊ុនស៊ិនប៉ិច សុំ​គាំទ្រ​។ ទី​២ លោក​មាន​ប្រសាសន៍​ថា លោក​យល់ថា គាត់​ក៏បាន​ជា​អ្នករាជានិយម​ដែរ​។ អា​នឹង ខ្ញុំ​ស្វាគមន៍​ទី​២​ទៀតហើយ​។ គាត់​ជា​អ្នករាជានិយម​។ រាជានិយម​ដូចគ្នា យើង​រួបរួមគ្នា​ទៅ ហើយ​ខ្ញុំ​បិទ ហើយ​បើក​រង្វង់​ក្រចក​ម្តង​ទៀតថា សូមជម្រាបថា នៅមុខ​វាំង ព្រះអង្គ​ដ​ង្កើ នៅ​ប៉ុន្មាន​ថ្ងៃមុន នៅឯ​វត្តភ្នំ ខ្ញុំ​តែងតែ​និយាយថា បើសិនជា​យើង​ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន បញ្ហា​បំបាត់​ភាព​ក្រ​ក្រ ។​ល​។ និង​។​ល​។ យើង​គួរ​រួមគ្នា​ទៅ​។ ដូច្នេះ​ពេលនេះ ខ្ញុំ​យល់ថា គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃនេះ ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន យើង​មិន​ត្រូវមាន​បញ្ហា​ដែរ ហើយ​បើសិនជា​ខ្មែរ​ទាំងអស់ ធ្វើតាម​សម្តេច​តា សម្តេច​តា​ទួត​នេះ ព្រះ​រាជបិតា​ជាតិខ្មែរ ព្រះវររាជ​នៃ​ការបង្រួបបង្រួម​ជាតិខ្មែរ​យើង ខ្ញុំ​ថា ប្រហែល​នេះ​ជា​ផ្លូវ​ចេញ​មួយ ដែល​ប្រជាពលរដ្ឋ​យើង លោក​ចង់ឃើញ លោក​ចង់បាន តែ​ប៉ុណ្ណឹង​"​។​

​ជាមួយគ្នា​នោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​បន្តថា "​លឺថា ឯកឧត្តម សមរង្ស៊ី មិន​នៅ ( ក្នុងប្រទេស ) តែ​ខ្ញុំ​រង់ចាំ​ទទួល​លិខិត​គាត់ ត្រៀមខ្លួន​ជានិច្ច ហើយ​លឺ​ឯកឧត្តម កឹម​សុខា សរសេរ​មក​ខ្ញុំ​ថា គាត់​មានបំណង​នឹង​ជួប​ខ្ញុំ រួច​ចាំ​ពេល​ណុង ចាំ​យើង​និយាយ​អី​និយាយ​ទៅ​។ គាត់​លើក​ពី​រឿង​ច្របាច់​បញ្ចូល​គ្នា ឬ​មិន​ច្របាច់​បញ្ចូល​គ្នា ជា​រឿង​របស់លោក​ទេ​។ តែ​ខ្ញុំ​សុំ លេង​ផ្ញើ​តែ​តាម​ប្អូនៗ​ខាង​វិទ្យុ ខាង​ទូរទស្សន៍ ល្អ​ហើយ​។ តែ​សុំ​ឲ្យ​លោក​សរសេរ​តែ​បន្តិច​មក ដើម្បី​នឹង​ខ្ញុំ​ឆ្លើយតប​វិញ​។ ប៉ុន្តែ​ម្តងទៀត ខ្ញុំ​សុំ​ជម្រាប​ថា ខ្ញុំ​ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ខ្ញុំ​សុំ​ស្វាគមន៍ ជាពិសេស​ដោយសារ​មាន​ចំណុច​២​។ ចំណុច​ទី​១ ដោយសារ​ដង្ហែ​តាម​ព្រះរាជ​បិតា​ខ្ញុំ ដែល​លោក​ចង់បាន គឺ​ខ្មែរ​រួបរួមគ្នា​ទាំងអស់​។ កាលពី​ឆ្នាំ​១៩៩៣ លោក​ឃើញស្រាប់​ហើយ អត់​មាន​ទេ​គណបក្សប្រឆាំង គ្រាន់តែ​គណបក្ស​ម៉ូលីណាកា តូច​មួយ មាន​តែមួយ​អាសនៈ ក៏​ខ្ញុំ​ឲ្យ​មួយ​អាសនៈ​ដែរ​"​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់​ហើយ​បញ្ជាក់ទៀតថា ព្រះអង្គ​បាន​ស្វាគមន៍ និង​រង់ចាំ​ទទួល​ជួប​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដើម្បី​និយាយ​ពី​ការបង្រួបបង្រួម​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​ជុំវិញ​ព្រះរាជបន្ទូល​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ខាងលើនេះ មិនទាន់មាន​ការឆ្លើយ​តប​បែបណា​ពី​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា នៅឡើយ​ទេ​។​

​យ៉ាងណាក៏ដោយ ព្រះបន្ទូល​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាពេលនេះ គឺ​បាន​ធ្វើឡើង ខណៈដែល​គណបក្ស​ថ្មីៗ ទើប​បង្កើត ដូចជា គណបក្ស​របស់លោក​ម៉ម​សូណង់ដូ គណបក្ស​របស់លោក​សួន​សេរី​រដ្ឋា និង​គណបក្ស​របស់​ក្រុម​អតីត​សកម្មជន​អង្គការក្រៅរដ្ឋាភិបាល កំពុង​តែមាន​វត្តមាន ហើយ​ត្រៀម​នឹងចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨៕​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ស្វាគមន៍ រង់ចាំ​ទទួល​ជួប​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដើម្បី​និយាយ​ពី​ការបង្រួបបង្រួម

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ស្វាគមន៍ រង់ចាំ​ទទួល​ជួប​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដើម្បី​និយាយ​ពី​ការបង្រួបបង្រួម
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកកាសែត កាលពីព្រលប់​ថ្ងៃទី១៤តុលា ឆ្នាំ២០១៥​