មន្ត្រី​រដ្ឋាភិបាល​នឹង​ប្រារព្ធ​ខួប​៣​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​ព្រះ​បរម​រតន​កោដ្ឋ​នៅ​ថ្ងៃ​ទី​១៥​តុលា

ទាញ​យក​កម្មវីធី

តំណាង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​របស់​រដ្ឋាភិបាល នឹង​ចូល​ទៅ​ដាក់​កម្រង​ផ្កា​នៅ​មុខ​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ដើម្បី​ប្រារព្ធ​ខួប ៣​ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត។ ចំណែក​នៅ​ក្នុង​ព្រះបរមរាជវាំង ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ នឹង​រាប់បាត្រ​ព្រះសង្ឃ ៩០​អង្គ ដោយ​មាន​ប្រមុខ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល​ចូលរួម​ផង។

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ពិធី​គម្រប់​ខួប ៣​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច នរោត្ដម សីហនុ គឺ​ប្រារព្ធ​ដូច​ឆ្នាំ​មុន​ដែរ ដែល​មាន​ទាំង​ពិធី​សាសនា និង​ការ​ដាក់​កម្រង​ផ្កា​នៅ​មុខ​ព្រះ​បរម​រូប​ដែល​ស្ថិត​ក្បែរ​វិមាន​ឯករាជ្យ។

ទីប្រឹក្សា​នៃ​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ គឺ​លោក អ៊ុំ ដារ៉ាវុធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ព្រះបរមរាជវាំង​នឹង​ប្រារព្ធ​ពិធី​នៅ​មុខ​ចេតិយ​ព្រះ​គន្ធបុប្ផា។ លោក​បន្ត​ថា ក្រៅ​ពី​ព្រះរាជ​វត្តមាន​អង្គ​ព្រះមហាក្សត្រ សម្ដេច​ម៉ែ និង​រាជវង្សានុវង្ស ក៏​នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​នឹង​ចូលរួម​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ៖ «ម៉ោង ៨:០៥​នាទី សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ​យាង​មក​ដល់ ម៉ោង ៨:១០​នាទី សម្ដេច​ក្រឡាហោម​មក​ដល់»

លោក​បន្ថែម​ទៀត​ថា នៅ​ម៉ោង ៨:៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ យាង​មក​ដល់​កន្លែង​ធ្វើ​កម្មវិធី ដែល​មាន​ធ្វើ​ទាំង​ពិធី​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា។

ស្រដៀង​គ្នា​នេះ​ដែរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា មន្ត្រី​ជាន់​ខ្ពស់​តំណាង​ស្ថាប័ន​រដ្ឋ នឹង​ដឹក​នាំ​មន្ត្រី​ក្រោម​ឱវាទ ទៅ​ដាក់​កម្រង​ផ្កា​នៅ​មុខ​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ។ លោក​បន្ត​ថា ពិធី​នេះ​ធ្វើ​ឡើង​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ៖ «មន្ត្រី​រាជ​រដ្ឋាភិបាល​នាំ​គ្នា​ទៅ​ដាក់​ផ្កា ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ក៏ដូចជា​គោរព​រាល់​ព្រះរាជ​សកម្មភាព​ក្នុង​ការ​ទាមទារ​ឯករាជ្យ ក៏ដូចជា​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ត្រឡប់​មក​វិញ​របស់​ព្រះ​បរម​រតន​កោដ្ឋ»

ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំង​បេះដូង​ក្នុង​ព្រះជន្មាយុ ៩០​ព្រះវស្សា។ នៅ​ក្នុង​ប្រតិទិន​ឈប់​សម្រាក​របស់​រដ្ឋាភិបាល កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​តុលា ជា​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​គម្រប់​ខួប​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះ​បរម​រតន​កោដ្ឋ។

អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សុះ មុះសិន ឲ្យ​ដឹង​ថា លោក​ទទួល​បាន​លិខិត​អញ្ជើញ​ដើម្បី​ចូលរួម​ប្រារព្ធ​ដាក់​កម្រង​ផ្កា​នៅ​មុខ​ព្រះ​បរម​រូប​ហើយ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ដដែល មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ដឹង​ថា នឹង​មាន​ធ្វើ​ពិធី​សាសនា​យ៉ាង​ណា​នោះ​ទេ។ ទោះ​បែប​នេះ​ក្តី លោក​យល់​ថា ពិធី​គម្រប់​ខួប ៣​ឆ្នាំ​នេះ នឹង​ប្រារព្ធ​ដូច​ឆ្នាំ​មុនៗ​ដែរ។

ដោយឡែក​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ប្រាប់​ថា រដ្ឋសភា​បាន​ចាត់​ចែង​តំណាង​គណៈកម្មការ​នៅ​ក្នុង​រដ្ឋសភា ដែល​សមាសភាព​ទាំង​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ពិធី។ លោក​ថា ការ​ចូលរួម​នេះ គឺ​តំណាង​រាស្ត្រ​ជាង ២០​រូប​ប៉ុណ្ណោះ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា នឹង​មាន​វត្តមាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចូលរួម​ឬ​យ៉ាង​ណា​នោះ​ទេ៖ «យើង​ចាត់​តាំង​អ្នក​ចូលរួម​តាម​គណៈកម្មការ​នីមួយៗ អ្នក​ចូលរួម​ទៅ​ជួប​ជុំ​គ្នា​នៅ​កន្លែង​ប្រារព្ធ​នៅ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា នៅ​ព្រឹក​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី​១៥ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នឹង​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ។ ពិធី​នោះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជា​អធិបតី។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ពន្យល់​បន្ថែម​ថា ជា​ទម្លាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​ធ្វើ​ពិធី​នេះ​រៀង​រាល់​ឆ្នាំ ក្នុង​ថ្ងៃ​គម្រប់​នៃ​ការ​សោយ​ទិវង្គត​ព្រះ​បរម​រតន​កោដ្ឋ។ លោក​បន្ត​ថា នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ដាក់​តាំង​រូប​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ឪ ហើយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។