សិស្ស​និទ្ទេស A យល់​យ៉ាង​ណា​ចំពោះ​ការ​លេង Facebook ?

សិស្ស​និទ្ទេស A យល់​យ៉ាង​ណា​ចំពោះ​ការ​លេង Facebook ?

គេ​តែង​និយាយ​ថា លេង Facebook ច្រើន​ មិន​ល្អ​ធ្វើ​ឲ្យ​ខាត​ពេល​​មិន​បាន​រៀន​សូត្រ ។ ទន្ទឹម​នឹង​នោះ Facebook ក៏​ជា​តំបន់​ផ្ទុក​នូវ​ចំណេះ​ដឹង​គ្រប់​ប្រភេទ បើ​មិន​លេង​វា​នោះ​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ទៅ​វិញ។ ចុះ​សម្រាប់​សិស្ស​និទ្ទេស A ដែល​ចូល​ចិត្ត​រៀន​វិញ យល់​យ៉ាង​ណា​ចំពោះ​ការ​លេង Facebook?

 

សិស្ស​និទ្ទេស A យល់​យ៉ាង​ណា​ចំពោះ​ការ​លេង Facebook ?

 

សិស្ស​និទ្ទេស A ​ឆ្នាំ​២០១៤ ផាង វេង​អាន ប្រាប់​ថា​ជា​ទូ​ទៅ​ខ្លួន​លេង Facebook ដើម្បី​ទំនាក់​ទំនង​ជាមួយ​មិត្តភ័ក្ដិ គ្រួសារ និង​ស្វែង​រក​ព័ត៌មាន​ពី​ការ​សិក្សា តែ​ពេល​ខ្លះ​ក៏​លេង​ដើម្បី​បំបាត់​ការ​អផ្សុក បំបាត់​ស្រ្តេស​ខ្លះ​ៗ​ដែរ។

 

សម្រាប់​វេង​អាន​ផ្ទាល់ យល់​ថា​ ការ​លេង Facebook មិន​មែន​ជា​រឿង​អាក្រក់​អី​នោះ​ទេ។ វា​ធ្វើ​អោយ​ចំណង​មិត្តភាព​រវាង​​មិត្តភ័ក្ដិ​កាន់​តែ​ជិត​ស្និទ្ធ ហើយ​ថែម​ទាំង​ផ្ដល់​​នូវ​ចំណេះដឹង​ផ្សេង​ៗ តួ​យ៉ាង​ដូច​ជា​ចំណេះដឹង​សង្គម ចំណេះដឹង​សុខ​ភាព រួម​ទាំង​ចំណេះ​ដឹង​ទាក់​ទង​ទៅ​នឹង​មុខ​វិជ្ជា​នៃ​ការ​សិក្សា​​ជា​ដើម។ លើស​ពី​នេះ​ទៀត Facebookក៏​ជា​កន្លែង​សម្រាប់​បង្ហាញ​អារម្មណ៍ គំនិត​យោបល់ ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​លេង​ផ្ទាល់​​ទៅ​កាន់​មនុស្ស​ជុំ​វិញ​​ក្នុង​ន័យ​កែ​លំ​អ និង​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

 

ការ​លេងFacebook ជា​រឿង​ល្អ តែ​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ទៅ​លើ​វា​ពេក​រហូត​ដល់​ភ្លេច​ការ​សិក្សា គឺ​ជា​រឿង​មិន​ល្អ​នោះ​ឡើយ។ ជាក់​ស្ដែង យុវសិស្ស​រូប​នេះ​ប្រាប់​ថា ខ្លួន​ធ្លាប់​ជា​អ្នក​ញៀន​លេង Facebook យ៉ាង​ជោគ​ជាំ​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​​​រហូត​ការ​សិក្សា​ធ្លាក់​ចុះ អំឡុង​រៀន​ថ្នាក់​ទី​១១។

 

 

សិស្ស​និទ្ទេស A យល់​យ៉ាង​ណា​ចំពោះ​ការ​លេង Facebook ?

សិស្ស​និទ្ទេស A ​ឆ្នាំ​២០១៤ ផាង វេង​អាន

 

 

អតីត​សិស្ស​រៀន​នៅ​វិទ្យាល័យ​ឬស្សី​កែវ បញ្ជាក់​ថា៖ “ក្រោយ​ឃើញ​បែប​នេះ ខ្ញុំ​ចាប់​ផ្ដើម​ភ្ញាក់​រលឹក ដោយ​ប្រើ​វិធី​ច្រើន​ដើម្បី​ផ្ដាច់​ការ​ញៀន Facebook ។ ក្នុង​នោះ​មាន​ដូច​ជា ការ​បង្វែរ​ម៉ោង​ទំនេរ​របស់​ខ្ញុំ​ទៅ​លេង​កីឡា ស្ដាប់​ចម្រៀង​រឺ​ធ្វើ​អ្វី​ផ្សេង…បង្ហោះ​ការ​សន្យា​ថា “ឈប់​អន​ឡាញ​ច្រើន​ម៉ោង” ទៅ​កាន់​មិត្តភ័ក្ដិ​ដើម្បី​ធ្វើ​ជា​សាក្សី…ហើយ​វិធី​ដ៏​ឃោរឃៅ​របស់​ខ្ញុំ​នោះ​គឺ ​ឲ្យ​កុំព្យូទ័រ​ និង ​ទូរសព្ទ​ដៃ​របស់​ខ្ញុំ​ទៅ​ប៉ា​ម៉ាក់ ដើម្បី​អោយ​គាត់​ចាក់​សោ​ទុក”។ វេង​អាន បន្ត​ថា​គួរ​តែ​ចេះ​លៃលក​ពេល​វេលា និង​ក្រេប​ជញ្ជក់​យក​អ្វី​ល្អ​ៗ​ពី​បណ្ដាញ​សង្គម​យក្ស​នេះ អភិវឌ្ឍ​ខ្លួន​​អោយ​ទៅ​ជា​ធនធាន​មនុស្ស​ដ៏​សំ​ខាន់ ដើម្បី​ចូល​រួម​ក្នុង​ការ​លើក​ស្ទួយ​សង្គម​យើង​អោយ​មាន​ភាព​រីក​ចំរើន​ទៅ​មុខ។

 

 

ចំពោះ​សិស្ស​និទ្ទេសA ឆ្នាំ​២០១៥ ថាច់ ងួន​ហេង ក៏​គិត​ស្រដៀង​គ្នា​នេះ​ដែរ ។ បើ​ទោះ​ជា Facebook សម្បូរ​បែប​ស្ទើរ​គ្រប់​យ៉ាង​នូវ​ចំណេះដឹង​ទូទៅ​និង​ការ​កម្សាន្ត​ តែ​វា​ជា​អាវុធ​មុខ​២។ បើ​ចេះ​ប្រើ​ប្រាស់​វា​ក្នុង​ផ្លូវ​ត្រូវ នោះ​នឹង​បាន​ផល​ប្រយោជន៍ តែ​បើ​លេង​វា​ដាច់​យប់​រហូត​ភ្លេច​ការ​សិក្សា ឬ​បង្ហោះ​រូបភាព​រញ៉េរញ៉ៃ​នោះ​នឹង​វិនាស​ខ្លួន​ឯង​វិញ។

 

 

សិស្ស​និទ្ទេស A យល់​យ៉ាង​ណា​ចំពោះ​ការ​លេង Facebook ?

 

សិស្ស​និទ្ទេសA ឆ្នាំ​២០១៥ ថាច់ ងួន​ហេង

 

 

យុវ​សិស្ស​មក​ពី​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ប្រាប់​ថា ចំណែក​រូប​គេ​វិញ គឺ​លេង​បណ្ដាញ​សង្គម​នេះ​ដើម្បី លំហែ​ខួរក្បាល ចែក​រំលែក​ព័ត៌មាន បង្កើត​ជា​ក្រុម​សិក្សា​ដើម្បី​ផ្ញើ​ឯកសារ​ផ្សេង​ៗ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​វា​មាន​ភាព​ងាយ​ស្រួល គ្រាន់​តែ​ថត​រូប​រួច​ផ្ញើ​ឲ្យ​គ្នា​មិន​ចាំ​បាច់​ខ្ចី​សៀវភៅ​​មក​ផ្ទះ​ដើម្បី​កត់​នោះ​ទេ។ សម្រាប់​សិស្ស​ឆ្នើម​រូប​នេះ ក៏​យល់​ថា Facebook ល្អ​ដែរ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​គួរ​ប្រើ​ក្នុង​ពេល​វេលា​មួយ​សម​ស្រប៕

 

 

សូមអាន ៖  និស្សិត​ឆ្នើមៗ​ ប្រាប់​ពី​ទម្លាប់​រៀន​បាន​ពូកែ

 

 

អត្ថបទ៖ លឹម សុ​នា