អំ សំអាត៖ ការ​លាប​ពណ៌ បាន​បំបាត់​សិទ្ធិ​លំនៅដ្ឋាន​សមរម្យ

មន្ត្រីសង្កមស៊ីវិលមួយរូប បានលើកឡើងថា បញ្ហាលំនៅដ្ឋាន បានកំពុងកើតមានខ្លាំង នៅកម្ពុជា ព្រោះ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន បានខ្វះជម្រកសមរម្យ ដែលប៉ះពាល់ ដល់សិទ្ធិលំនៅដ្ឋានសមរម្យ។ ការគ្មាន​សិទ្ធិ​លំនៅដ្ឋាន​សមរម្យ​នេះ ក៏​បណ្ដាល​មក​ពី ការលាបពណ៌ឲ្យគ្នា ក្នុងរឿងនយោបាយដែរ។
អំ សំអាត៖ ការ​លាប​ពណ៌ បាន​បំបាត់​សិទ្ធិ​លំនៅដ្ឋាន​សមរម្យ
ការដង្ហែទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ ទៅបញ្ចប់នៅមុខរដ្ឋសភា។ (រូបថត monoROOM.info/ H. Vuthy)

«បើយើងលះបង់ អាភាពលាបពណ៌ដាក់គ្នា ខ្ញុំគិតថា អ្វីៗក៏វាបានប្រសើដែរ។» នេះជាការលើកឡើង របស់​លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ទៅកាន់អ្នក​សារព័ត៌មាន ទាក់ទងនឹងបញ្ហាសិទ្ធិលំនៅដ្ឋាន ដែលត្រូវបានគេមើលឃើញថា បានប៉ះពាល់ លើពលរដ្ឋ​កម្ពុជាមួយចំនួន។

ផ្ដល់កិច្ចសម្ភាស ក្នុងទិវាសិទ្ធិលំនៅដ្ឋាន កាលពីថ្ងៃទី៥ ខែតុលា លោក អំ សំអាត បានលើកជាឧទាហរណ៍ថា ពលរដ្ឋជាង២០ សហគមន៍បាននាំគ្នាប្រារព្វ ទិវាសិទ្ធិលំនៅដ្ឋាន បើរដ្ឋាភិបាលមិនបានប្រារព្ធទេ អាចចាត់​តំណាងមកចូលរួម ជាមួយនឹងប្រជាពលរដ្ឋ។ ឬបើមិនបានប្រារព្ធទេ គួណាស់បើកទូលាយ ដល់ពលរដ្ឋ​ទាំង​អស់ ឲ្យបង្ហាញនូវទុក្ខកង្វល់របស់ខ្លួន ពីបញ្ហាសិទ្ធិលំនៅដ្ឋាននេះ។ លោកបន្តថា ពេលនោះជាតិ និង​អន្តរជាតិ នឹងមើលឃើញថា រដ្ឋាភិបាលកម្ពុជា បើកឱកាសទូលាយ ក្នុងការសម្តែងមតិ ជាមួយនឹងសិទ្ធិ​សេរីភាព ដល់​ប្រជាពលរដ្ឋ។

ផ្ទុយមកវិញ បើរដ្ឋាភិបាលកម្ពុជា នៅតែរិតបណ្តឹងនូវសិទ្ធិសេរីភាព ការសម្តែងមតិ របស់ប្រជាពលរដ្ឋ តាម​រយៈការប្រើប្រាស់ នូវកម្លាំងសមត្ងកិច្ចចម្រុះ ក្នុងការឃាឃាំង ហាមឃាត់ក្រោមមូលហេតុ និងការ​ចោទ​ប្រកាន់ថា ពលរដ្ឋទាំងនោះបំរើនយោបាយ គណបក្សនេះ ឬគណបក្សនោះ នោះបង្ហាញឲ្យឃើញថា ទាំង​នោះ​ជាការរំលោភសិទ្ធិមនុស្សហើយ។ នេះជាការបញ្ជាក់បន្ថែម របស់លោក សំអាត។

មន្ត្រីទទួលខុសត្រូវ ខាងការស៊ើបអង្កេត ករណីសិទ្ធិមនុស្សខាងលើ បានថ្លែងបន្តថា បើរដ្ឋាភិបាលបើក​ទូលាយ ជាមួយនឹងការដោះស្រាយបញ្ហា ជូនពលរដ្ឋ នោះពលរដ្ឋនឹងដឹងគុណ រដ្ឋាភិបាល ហើយបញ្ហាដីធ្លី ក៏នឹងកាត់បន្ថយ។ តែបើការរិតត្បិតសេរីភាពនេះ នៅតែបន្តធ្វើដោយរដ្ឋាភិបាលខ្លួនឯងនោះ មានន័យ​ស្មើ​នឹងរដ្ឋាភិបាល កំពុងផ្តល់ផលប្រយោជន៍ ឬប្រជាប្រិយភាព ទៅដល់គណបក្សផ្សេង យ៉ាងដូច្នោះដែរ។

លោក សំអាត បានថ្លែងឡើងថា៖ «បើយើងរិតត្បិតកាន់តែខ្លាំង កុំលាបពណ៌ប្រជាពលរដ្ឋថា ជាផល​ប្រយោជន៍​នយោបាយ ព្រោះយើង(រដ្ឋាភិបាល)ទេ ជាអ្នកផ្តល់ ផលប្រយោជន៍នយោបាយ ទៅឲ្យគណបក្ស​ផ្សេង មិនមែនប្រជាពលរដ្ឋទេ។ បើសិនជាបើកឱកាស ឲ្យគេមើលឃើញ ប្រជាពលរដ្ឋក៏មើលឃើញ។»

» សូមស្តាប់ការបកស្រាយ ទាំងស្រុង៖

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិសមាគមដើមត្នោត ក៏បានលើកឡើងប្រហែលគ្នាដែរថា រដ្ឋាភិបាល​កំពុង​រិតត្បិត សិទ្ធិ សេរីភាព និងការមិនឲ្យបញ្ចេញមតិ ដោយរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា។ លោក​បានលើកឡើង ទាក់ទងនឹងសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការប្រឆាំង នឹងការសម្តែងមតិ របស់​ប្រជា​ពលរដ្ឋ​យ៉ាងដូច្នេះថា៖ «វាមិនមែនជាទម្លាប់ នៃការធ្វើអំពើល្អរបស់រដ្ឋាភិបាលទេ។ ពេលនេះរដ្ឋាភិបាល ជ្រើសរើស​យកទង្វើមួយ ដែល​ធ្វើឲ្យប្រជាពលរដ្ឋខ្លាច ដើម្បីងាយក្នុងការគ្រប់គ្រង។ ខ្ញុំគិតថា ទាំងនេះមិនមែន​ជា​ដំណោះ​ស្រាយទេ។»

» សូមស្តាប់ការបកស្រាយ ទាំងស្រុង៖