ម៉ាស​មុខ​ធម្មជាតិ​ការពារ​ស្នាម​ជ្រីវជ្រួញ​

Sanofi

១)​ម៉ាស​មុខ​ក្រូចឃ្វិច និង ទឹកឃ្មុំ​

​គ្រឿងផ្សំ ៖ ក្រូចឃ្វិច ១ ផ្លែ អាល់កុល និង ទឹកឃ្មុំ​បន្តិច ។​
​វិធី​ធ្វើ ៖ កិន​ក្រូចឃ្វិច​ទាំង​សម្បក​ឱ្យ​ម៉ដ្ឋ រួចហើយ​ចាក់​អាល់កុល និង ទឹកឃ្មុំ​ចូល​កូរ​ឱ្យ​សព្វ ហើយ​យកទៅ​ក្លាស្សេ​នៅក្នុង​ទូទឹកកក​រយៈពេល​មួយ​សបា្តហ៍​ទើប​អាច​យកមក​ប្រើការ​បាន ។​

២)​ម៉ាស​មុខ​ផ្លែ​ចេក និង ប្រេង​អូ​លីវ​

​គ្រឿងផ្សំ ៖ ចេកទុំ ១ ផ្លែ និង ប្រេង​អូ​លីវ​កន្លះ​ស្លាបព្រា​បាយ

​វិធី​ធ្វើ
១-​ចេកទុំ​បកសម្បក​ចេញ និង កិន​ឱ្យ​ម៉ដ្ឋ រួចហើយ​ចាក់​ប្រេង​អូ​លីវ​ចូល និង កូរ​ឱ្យ​សព្វ ។​
២-​បន្ទាប់ពី​លុបលាង​មុខ​ឱ្យ​ស្អាត​ទើប​យក​ល្បាយ​នេះ​មក​លាប​លើ​ផ្ទៃមុខ ដោយ​ទុក​រយៈពេល ១៥ នាទី ហើយ​លាង​ទឹក​ចេញ​ជាការ​ស្រេច ។​

-​ប្រសិទ្ធភាព​របស់​វា​អាច​បំបាត់​ស្នាម​ជ្រីវជ្រួញ​តូច​ល្អិត បំបាត់​ស្នាម​អុជ ឬ ស្នាម​ជាំ​ធ្វើឱ្យ​ស្បែក​តឹង​ណែន និង ស​ស្អាត​ទៀតផង ។​

៣)​ម៉ាស​មុខ​ទឹកដោះគោឆៅ និង ប្រេង​អូ​លីវ​

​គ្រឿងផ្សំ ៖ ទឹកដោះគោឆៅ ១ ស្លាបព្រា​បាយ ប្រេង​អូ​លីវ និង ម្សៅលាបមុខ​មួយ​មុខៗ​បន្តិច ។​

​វិធី​ធ្វើ
១-​ចាក់​គ្រឿងផ្សំ​ទាំងអស់​ចូលក្នុង​កូនចាន​ចង្កឹះ រួចហើយ​កូរ​ឱ្យ​សព្វ​ទុក​ប្រើការ ។​
២-​លុបលាង​មុខ​ឱ្យ​ស្អាត បន្ទាប់មក​យក​ល្បាយ​ម៉ា​សមុខ​នេះ​មក​លាប​លើ​ផ្ទៃមុខ និង ទុក ១៥ នាទី ទើប​លាង​ទឹក​ចេញ​ទុក​ជាការ​ស្រេច ។​

-​ទឹកដោះគោឆៅ និង ប្រេង​អូ​លីវ​មាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ស្បែក​ស​ស្អាត​ដូចគ្នា ព្រមទាំង​មាន​ប្រសិទ្ធភាព​អាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង រក្សា​សំណើម​នៅលើ​ផ្ទៃមុខ​ទៀតផង ។​

៤)​ម៉ាស​មុខ​ផ្លែ​ននោង និង ទឹកឃ្មុំ​

​គ្រឿងផ្សំ ៖ ននោង ១ ផ្លែ ទឹកឃ្មុំ ១ ស្លាបព្រា​បាយ និង អាល់កុល​បន្តិច ។​

​វិធី​ធ្វើ
១-​ផ្លែ​ននោង​លាង​ទឹក​ឱ្យ​ស្អាត កាត់​ជា​ដុំ​តូចៗ និង ដាក់​ក្នុង​ឧបករណ៍​កិន​ផ្លែឈើ ហើយ​ច្រោះ​យក​ទឹក ។ បន្ទាប់​មកចាក់​ទឹកឃ្មុំ និង អាល់កុល​ចូល លាយ និង កូរ​ឱ្យ​សព្វ​ទុក​ប្រើការ ។​
២-​លុបលាង​មុខ​ឱ្យ​ស្អាត និង យក​ល្បាយ​នេះ​មក​លាប​លើ​ផ្ទៃមុខ​ទុក ១៥ នាទី ទើប​លាង​ទឹក​ឱ្យ​ស្អាត ទុក​ជាការ​ស្រេច ។​

-​ផ្លែ​ននោង​សម្បូរ​ដោយ​វីតាមីន មិន​ត្រឹម​តែមាន​សារធាតុចិញ្ចឹម​ស្បែក និង បំបាត់​ស្នាម​អុជ ស្នាម​ជ្រីវជ្រួញ​ប៉ុណ្ណោះ​ទេ ព្រមទាំង​អាចធ្វើឱ្យ​ស្បែក​ស​ម៉ដ្ឋខៃ​ទៀតផង ។​

៥)​ម៉ាស​ស៊ុតមាន់ ប្រេង​អូ​លីវ និង ទឹកឃ្មុំ​

​គ្រឿងផ្សំ ៖ ស៊ុតមាន់​(​យកតែ​ផ្នែក​លឿង​) ១ គ្រាប់ ប្រេង​អូ​លីវ​បន្តិចបន្តួច និង ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ ។​

​វិធី​ធ្វើ
១-​ដំបូង​ត្រូវ​គោះ​ស៊ុតមាន់​ឱ្យ​បែក យកតែ​ផ្នែក​លឿង និង ដាក់​លាយ​ចូល​ជាមួយ​ប្រេង​អូ​លីវ និងទឹកឃ្មុំ ហើយ​កូរ​ឱ្យ​សព្វ​ទុក​ប្រើការ។​
២-​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​លុបលាង​មុខ រួចហើយ​យក​ល្បាយ​នេះ​មក​លាប​លើ​ផ្ទៃមុខ រង់ចាំ​ស្ងួត​ល្អ ទើប​លាង​ទឹក​វិញ ។​
-​ម៉ាស​មុខ​នេះ​អាច​បំប៉ន​សារធាតុចិញ្ចឹម​ដល់​ស្បែក ជួយ​រក្សា​សំណើម អាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង ជួយ​ពន្យារ​ស្បែក​មិនឱ្យ​ឆាប់​ចាស់ ព្រមទាំង​ធ្វើឱ្យ​ស្បែក​តឹងណែន​ទៀតផង ៕​​គ ឡេង​

Related