តេង លក្ខិណា ត្រៀម​ចេញ​អាល់​ប៊ុ​ម​ថ្មី​ទម្លុះ​ភាពស្ងប់ស្ងាត់​

Sanofi

​តេង លក្ខិណា បានសម្រេច​ចិត្ត​បោះបង់​អាជីព​សម្តែង​ងាក​ទៅធ្វើ​កុងត្រា​ច្រៀង​ឱ្យ​ផលិតកម្ម M មាន​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ។ រយៈ​ពេលនេះ​ទោះបីជា​នាង​បានចេញ​លក់​បទ​ចម្រៀង​នៅ លើ​ទីផ្សារ​មាន​ជាង​ដប់​បទ​ហើយ​ក្តី ប៉ុន្តែ​កន្លះ​ឆ្នាំ​ចុង​ក្រោយនេះ​ប្រជាប្រិយភាព​របស់​នាង​នៅតែ​ស្ងប់ស្ងាត់ ។ នៅពេលនេះ តេង លក្ខិណា ត្រូវបាន​អ្នកគ្រប់គ្រង​នៅ​ផលិតកម្ម M ប្រាប់ថា តេង លក្ខិណា ត្រៀម​ចេញលក់​បទ​ចម្រៀង​ប្រមាណ​ជិត​ដប់​បទ​បន្ថែមទៀត ហើយ​នៅ ពេល​បទ​ទាំងនោះ​ចេញលក់​នៅលើ​ទីផ្សារ​ប្រាកដជា​ទទួលបាន​ការ​គាំទ្រ​ខ្លាំង​ពុំខាន ។​

​នៅពេល​ប្រជាប្រិយភាព​ចម្រៀង​ហាក់​មិនសូវ​ស្ទុះ​ឡើង​រយៈពេល​ប្រមាណ​ជិត​កន្លះ​ឆ្នាំ​មកនេះ ស្រាប់​តែមាន​ព័ត៌មាន​ក្រៅផ្លូវការ​មួយចំនួន​បាន​និយាយ​ពី​មាត់​មួយ​ទៅមួយ​ថា តារាចម្រៀង តេង លក្ខិណា ចង់​ងាក​ទៅ​ចាប់​អាជីព​សម្តែង​វិញ ព្រោះ​នាង​នៅតែមាន​ផលិតករ​ភាពយន្ត​ទាក់ទង​ជា​ហូរហែ ប៉ុន្តែ​ប្រហែលជា​នាង​មិនអាច​បំពេញ​បំណង​របស់​ផលិតករ​ទាំងនោះ​បានទេ ព្រោះ​កិច្ចសន្យា​របស់​នាង​បាន​ចងភ្ជាប់​មិនអាច​ឲ្យ​នាង​ទៅ​សម្តែង​ក្រៅពី​ផលិតកម្ម M នោះទេ ម្យ៉ាងទៀត​ថៅកែ​ផលិតកម្ម M ក៏​មិន​អនុញ្ញាត​ដែរ ។​

ទាក់ទង​នឹង​ព័ត៌មាន​នេះ​អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ តេង លក្ខិណា ជាច្រើនលើក​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ហើយ​មិនមាន​អ្នកទទួល​ឡើយ ។ ទោះជា​យ៉ាងណា កញ្ញា លី​ណា អ្នកគ្រប់គ្រង​នៅក្នុង​ផលិតកម្ម M បាន​ប្រាប់ថា សម្រាប់​អាជីព​ចាស់​របស់ តេង លក្ខិណា ទោះបី​ជាមាន​ផលិតកម្ម​ខ្លះ​បាន​ទាក់ទង​សុំឱ្យ​នាង​សម្តែង​ខ្សែភាពយន្ត​ក្តី ប៉ុន្តែ​សម្រាប់​គម្រោង​ទៅ​ចាប់យក​អាជីព​សម្តែង​វិញ​នោះ តេង លក្ខិណា មិនដែល​បាន​និយាយ​ពី​រឿងនេះ​ទេ ព្រោះ​នៅពេលនេះ​នាង​កំពុងតែ​ព្យាយាម​ហាត់​ច្រៀង រាំ និង ថត​ខារ៉ាអូខេ បទ​ចម្រៀង​ថ្មី​មាន​ចំនួន​ជិត​ដប់​បទ ដែលមាន​ទាំង​បទ​ចម្រៀង​មេ​ឡូ​ឌី​ថ្មី​មួយចំនួន​ផងដែរ ។

កញ្ញា លី​ណា បន្តថា មូល​ហេតុដែល​ធ្វើឱ្យ តេង លក្ខិណា មិនសូវ​បានបង្ហាញ​បទ​ចម្រៀង និង វត្តមាន​ញឹកញាប់​នៅលើ​ឆាក​តន្ត្រី​មួយរយៈ​កន្លងមកនេះ បណ្តាលមកពី​នាង​ជាប់រវល់​ថត​ខារ៉ាអូខេ និង ហាត់​រាំ​ជាមួយ​ក្រុម​រាំ​ថ្មី​ផ្ទាល់ខ្លួន​របស់​នាង ហើយ​នៅពេលនេះ​ខារ៉ាអូខេ​បទ​ចម្រៀង​របស់​នាង​ក៏បាន​ថត​ចប់ និង កាត់ត​ចប់សព្វគ្រប់​អស់ហើយ​ដែរ ។ ម្យ៉ាងទៀត​បទ​ទាំងនោះ​ក៏​ត្រៀម​ចេញលក់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​នៅ​ខែកញ្ញា​នេះ តេង លក្ខិណា ក៏​ត្រៀមខ្លួន​ឡើង​ឆាក​តន្ត្រី​គ្រប់​ស្ថានីយទូរទស្សន៍​ដើម្បី​បង្ហាញ​វត្តមាន និង កៀងគរ​យក​អ្នកគាំទ្រ​បទ​ថ្មី​របស់​នាង​ផងដែរ ។​

កញ្ញា លី​ណា អ្នក​ក្តោប​ការងារ​របស់ តេង លក្ខិណា បាន​និយាយ​បន្តទៀតថា នៅពេលនេះ​ថ្វីដ្បិតតែ​បទ​ចម្រៀង​របស់ តេង លក្ខិណា មិនទាន់​អាច​បញ្ជាក់​ប្រាប់ថា​មាន​ចំណងជើង​អ្វីខ្លះ និង ត្រូវ​ចេញ​នៅ​វ៉ុល​ណា ហើយ​មាន​ចំនួន​ប៉ុន្មាន​បទ​នៅឡើយ​ទេ ប៉ុន្តែ​កញ្ញា លី​ណា មានការ​ជឿជាក់ថា​បទ​ចម្រៀង​របស់ លក្ខិណា នៅពេល​ចេញលក់​លើ​ទីផ្សារ​នឹង​បានទទួល​ជោគជ័យ​មាន​អ្នកគាំទ្រ​ច្រើន ព្រោះ​បទ​ចម្រៀង​របស់​នាង​ដែល​ត្រៀម​នឹង​បង្ហាញ​នៅក្នុងពេល​ឆាប់ៗ​នេះ ក្រៅពី​មាន​អត្ត​ន័យ​ល្អ ពីរោះ មេ​ឡូ​ឌី​ថ្មី នាង​ក៏​នៅមាន​ក្បាច់​រាំ និង ការតុបតែង​ខ្លួន​ប្លែកៗ​ដែល​ធ្វើ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​មិន​ខាន ។​

តាម​ការបញ្ជាក់​ពី​មេ​កើយ​របស់​នាង​ខាងលើនេះ​បានបង្ហាញ​ឱ្យឃើញថា សកម្មភាព​សិល្បៈ​របស់ តារាចម្រៀង តេង លក្ខិណា បានធ្វើឱ្យ​ថៅកែ ក៏ដូចជា​ក្រុម​បុគ្គលិក​ផលិតកម្ម M បាន​រំពឹងទុក​ថា តេង លក្ខិណា នឹង​ប្រមូលបាន​ពិន្ទុ​គាំទ្រ​ច្រើន​នៅពេល​ដ៏​ឆាប់​ខាងមុខនេះ ៕​ ​ចន្ថា​


Related