អ្នក​ប្រដាល់​​រក​ចំណូល​បាន​កាន់​តែ​ច្រើន​ តែ​ខ្វះ​កីឡាករ​ប្រដាល់​ប្រចាំ​សប្ដាហ៍​ទៅ​វិញ​

អ្នក​ប្រដាល់​​រក​ចំណូល​បាន​កាន់​តែ​ច្រើន​ តែ​ខ្វះ​កីឡាករ​ប្រដាល់​ប្រចាំ​សប្ដាហ៍​ទៅ​វិញ​

សង្វៀន​ប្រដាល់​នៅ​​តាម​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍​នានា​កំពុង​រីក​ចម្រើន​ជា​លំដាប់​ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ត្រូវ​ការ​ប្រើ​ប្រាស់​​កីឡាករ​រាប់​រយ​នាក់​ក្នុង​មួយ​សប្តាហ៍ៗ និង​ស្ទើរ​តែ​មិន​គ្រប់​ផង​ទាំង​ការ​ប្រកួត​ជាតិ​ និង​អន្តរជាតិ។ បើ​យ៉ាង​ដូច្នេះ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ក្លិប​ប្រដាល់​ប៉ុន្មាន?

 

ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​លោក តែម ម៉ឺន បាន​ឲ្យ​ដឹង​ថា​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ក្លិប​ប្រដាល់​ជាង​៩០​ក្លិប​ និង​មាន​សមាគម​ប្រដាល់​២០​ដែល​បម្រើ​ឲ្យ​វិស័យ​ប្រដាល់​កម្ពុជា​ជា​រៀង​រាល់​សប្តាហ៍​ទាំង​ការ​ប្រកួត​ជាតិ​ និង​អន្តរជាតិ។

 អ្នក​ប្រដាល់​​រក​ចំណូល​បាន​កាន់​តែ​ច្រើន​ តែ​ខ្វះ​កីឡាករ​ប្រដាល់​ប្រចាំ​សប្ដាហ៍​ទៅ​វិញ​លោក តែម ម៉ឺន បំពាក់​ខ្សែ​ក្រវាត់​ដល់ កែវ រំចង់

 

ទោះ​បី​ជា​យ៉ាង​ណា​លោក​ប្រដាល់​រូប​នេះ​បាន​ត្អូញត្អែរ​ថា​ ថ្វី​ត្បិត​មាន​ក្លិប​ប្រដាល់​ និង​សមាគម​ច្រើន​ដែល​ជា​កន្លែង​បណ្ដុះបណ្ដាល​កីឡាករ កីឡា​ការិនី ប៉ុន្តែ​ជា​រៀង​រាល់​សប្តាហ៍​​ខ្វះ​​ធន​ធាន​អ្នក​ប្រដាល់​​សម្រាប់​ផ្គូផ្គង​ឲ្យ​ប្រកួត​តាម​បណ្តាញ​សង្វៀន​នានា​ ពី​ព្រោះ​មាន​កម្មវិធី​ប្រដាល់​ច្រើន។

 

«ពិសេស​ ការ​ចាប់​គូ​ប្រកួត​​ជា​លក្ខណៈ​អន្តរជាតិ​ យើង​មាន​កីឡាករ​ល្អ​តិច​ អីចឹង​យើង​ខ្វះ​កីឡាករ​ល្អ​ៗ​ឲ្យ​ប្រកួត​នឹង​កីឡាករ​បរទេស។ ម្យ៉ាង​ទៀត​ កម្មវិធី​ប្រដាល់​ខ្លះ​ចង់​បាន​​តែ​កីឡាករ​ល្អ​ៗ​វ៉ៃ​ ដូច្នេះ​យើង​ប្រាកដ​ជា​ខ្វះ»។ លោក​ តែម ម៉ឺន បញ្ជាក់។

 

ពេល​សួរ​ថា គួរ​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​កង្វះ​កីឡាករ​ប្រដាល់? លោក​​ប្រធាន​សហព័ន្ធ​បាន​លើក​ឡើង​ថា​ កីឡា​ការិនី​ភាគ​ច្រើន​កើត​ចេញ​ពី​ត្រកូល​ក្រី​ក្រ​ ហើយ​អ្នក​មាន​ជីវភាព​ធូរធារ​មិន​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ទេ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​មិន​សូវ​សំបូរ​កីឡាករ។ លោក​ថា ៖«សហព័ន្ធ​ខំ​ប្រឹង​បង្កើន​ប្រាក់​តម្លៃ​ខ្លួន​ ​ចំនួន​ប្រាក់​​រង្វាន់​ និង​យក​ចិត្ត​ទុក​ដល់​កីឡាករ​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​នឹង​ប្រដាល់​ និង​មិន​បោះ​បង់​ចោល​ប្រដាល់»។

 

លោក​បន្ថែម​ទៀត​ថា​ សព្វ​ថ្ងៃ​នេះ​បើ​ប្រៀប​ធៀប​នឹង​កាល​ពី​ជាង​១០​ឆ្នាំ​ខុស​គ្នា​ឆ្ងាយ​ណាស់​ទាំង​ប្រាក់​តម្លៃ​ខ្លួន​ឡើង​ប្រកួត​ និង​ប្រាក់​រង្វាន់​ដណ្ដើម​ខ្សែ​ក្រវាត់។ ឥឡូវ​នេះ​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​​គឺ​ឡើង​ប្រកួត​ជា​ញឹកញាប់​ ហើយ​ទទួល​​បាន​ប្រាក់​តម្លៃ​ខ្លួន​ច្រើន​ដែល​អ្នក​ខ្លះ​មិន​ត្រឹម​តែ​មាន​ម៉ូតូ​ទំនើប​ជិះ​ប៉ុណ្ណោះ​ទេ​គឺ​មាន​ទាំង​រថយន្ត​ជិះ​ថែម​ទៀត។​

 

បើ​ទោះ​បី​ជា​ស្ថានភាព​ជាក់​ស្តែង​គេ​មើល​ឃើញ​ថា សកម្មភាព​ប្រកួត​ប្រដាល់​ប្រចាំ​សប្តាហ៍​រីក​ចម្រើន​ជាង​កាល​ពី​១០​ឆ្នាំ​មុន​ ហើយ​ប្រាក់​តម្លៃ​ខ្លួន​ក៏​កើន​ឡើង​ខ្ពស់​ ប៉ុន្តែ​គុណភាព​ប្រដាល់​ខ្មែរ​មិន​សូវ​ខ្លាំង​​ដូច​សម័យ​មុន​ឡើយ។ ជាង​នេះ​ទៀត កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​ក៏​ងាយ​បោះ​បង់​ចោល​អាជីព​ឈឺ​ខ្លួន​នេះ​ ខណៈ​ការ​ប្រដាល់​សាកល​ក៏​កាន់​តែ​បាត់​សកម្មភាព​ប្រកួត៕

អ្នក​ប្រដាល់​​រក​ចំណូល​បាន​កាន់​តែ​ច្រើន​ តែ​ខ្វះ​កីឡាករ​ប្រដាល់​ប្រចាំ​សប្ដាហ៍​ទៅ​វិញ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​