ស្រវឹងស្រា​បើករថយន្ត​បុក​រះ​រថយន្ត​ចត​ស្ងៀម​២​គ្រឿង

​រាជធានីភ្នំពេញ ៖ ស្រវឹងស្រា​បើករថយន្ត​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​២​គ្រឿងបណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​មិន​មាន​អ្នក​រង​របួស​ទេ ​កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ​តុលា នៅ​ខាងលិច​របង​វត្ត​លង្កា តាម​បណ្តោយ​ផ្លូវ​លេខ​៥១ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​បុរស​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បើករថយន្ត​ម៉ាក​ម៉ា​ស្តារ ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-1899 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តាម​ផ្លូវ​លេខ​៥១ ក្នុង​ល្បឿន​លឿន​​​​រេ​ចង្កូត​ទៅ​បុក​រថយន្ត RANGE ROVER  ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2W-3361 ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ដាច់​កញ្ចក់​ចំហៀង​ខាងឆ្វេង ហើយ​រថយន្ត​បង្ក​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​​​ទៅ​មុខ​ប្រមាណ​៥០​ម៉ែត្រ​ទៀត​​បុក​ពីក្រោយ​រថយន្ត​CRV ព​ណ៌ ស្លែ ពាក់​ស្លាកលេខ​ភ្នំពេញ​2J-5957 ដែល​កំពុង​​​ចត​ស្ងៀម​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទេច​គូទ​ខាងក្រោយ ចំណែក​រថយន្ត​បង្ក​ស្រុញ​ផ្នែក​ខាង​មុខ តែ​មិន​មាន​អ្នក​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​រថយន្ត​បង្ក​បាន​​ចរចា​ជាមួយ​ម្ចាស់​រថយន្ត​រង​គ្រោះ​ដោយ​សង​សំណង​ទៅ​រថយន្ត RANGE ROVER ដែល​បាក់​កញ្ចក់​ចំនួន​៥០​ដុល្លារ​ដើម្បី​​បញ្ចប់រឿង ។ ចំណែក​រថយន្ត​CRV​វិញ ត្រូវ​រថយន្ត​បង្ក​យក​ទៅ​ជួសជុល​សង​ទាំងស្រុង ៕