ស្ពៃក្តោប​ពិតជា​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​មែនឬ​?

ស្ពៃក្តោប​ពិតជា​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​មែនឬ​?

​សម្រាប់ មនុស្ស​ធម្មតា​ប្រហែលជា​មិន​ចូល​ចិត្ត​ញ៉ាំ​ស្ពៃក្តោប​ឡើយ នេះ​ដោយសារតែ​មាន​ក្លិន​មិនល្អ រូបរាង​មិន​ស្អាត ហើយ​បើសិនជា​ចម្អិន​មិនបាន​ល្អ​ទេនោះ វា​អាច​នឹង​គ្មាន​រសជាតិ​តែម្តង​។ ប៉ុន្តែ​បើសិនជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ឬ​មាន​ជំងឺ​ទាក់ទង​នឹង​ការរំលាយ​អាហារ Metabolic Syndrome នោះ វា​គួរតែ​ជា​ជម្រើស​របស់​អ្នក​ហើយ​។ មែន​ហើយ ស្ពៃក្តោប​អាចធ្វើ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​តាម​បែប​ធម្មជាតិ ហើយ​ប្រហែលជា​មិនបាច់​ត្រូវ​ប្រើ​ថ្នាំ​ផង​។

​ស្ពៃក្តោប​មាន​កាឡូរី​ទាប ហើយ​ក៏​សម្បូរ​ជាតិ​សរសៃ​ដែរ ដូច្នេះ​វា​អាច​ជា​ជម្រើស​បន្លៃដ៏​ល្អ​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​។ វា​ក៏​មាន​ចំនួន Glycemic Index (GI)​ទាប​ផង​ដែរ​។ GI គឺជា​អ្នក​កំណត់​ថា​តើ​ជាតិ​កាបូ​អ៊ី​ដ្រាត​អាច​បង្កើន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ប៉ុន​ណា​ក្នុង​ឈាម​។ អាហារ​មាន GI ខ្ពស់ វា​នឹង​បង្កើន​ចំនួន​ជាតិ​ស្ករ​ខ្ពស់​ដែរ​។ ដូច្នេះ​ចូ​រញ៉ាំ​ស្ពៃ​ក្តោប​ឱ្យបាន​ច្រើន​តាម​តែ​អាច​ធ្វើទៅបាន​ទៅ​។

​ស្ពៃក្តោប​ក៏មាន​អង់​ទី​អុក​ស៊ីដង់ និង​សារធាតុ Antihyperglycemic ច្រើន​ដែល​សម្រាប់​ធ្វើជា​ថ្នាំ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ដែរ​។ តាម​ការសិក្សា​កាលពី​ឆ្នាំ ២០០៨ បានឱ្យដឹងថា ការយក​សារធាតុ​ចំ​រ៉ាញ់​ចេញពី​ស្ពៃ ក្តោប​ឱ្យ​កណ្តុរ​ស៊ី​រយៈពេល​៦០​ថ្ងៃ ឃើញថា ចំនួន​ជាតិ​ស្ករ​របស់​វា​បាន​ថយចុះ ហើយ​ក៏​ជួយ​គ្រប់គ្រង​ការ​ផោម​ផងដែរ​។

​ចាប់តាំងពី​ស្ពៃក្តោប​អាច​ជួយ​ថែរក្សា​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​មក វា​នៅតែ​មាន​មុខងារ​មួយទៀត​ក្នុង​ការថែរក្សា​មុខងារ​តម្រងនោម​ដែរ​។ នៅពេល​ជំងឺ​ទឹកនោម​ផ្អែម​មាន​ចំនួន​ជាតិ​ស្ករ​ឡើង​ខ្ពស់​ខ្លាំង (​លើសពី ៦០០​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ mg/dl) តម្រងនោម​នឹង​ព្យាយាម​លុប​បំបាត់​វា​ចោល​តាមរយៈ​ការបញ្ចេញ​ទៅតាម​ទឹកនោម​។ រឿង​នេះ​ក៏​ជាហេតុ​នាំ​ឱ្យ​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន និង​ខ្សោះ​ជាតិ​ទឹក​ថែម​ទៀត​។ ការ​ខ្សោះ​ជាតិ​ទឹក​ធ្វើឱ្យ​ឈាម​ទៅ​ជា​ខាប់ និង​បង្កើន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ដដែល ដូច្នេះ​វា​កាន់តែ​ពិបាក​ដល់​តម្រងនោម​គ្រប់គ្រង​បន្ត​ណាស់​។ នេះ​ហើយ​គឺជា​ហេតុផល​ដែល​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ងាយ​នឹង​ខ្សោយ​តម្រងនោម​។

​របៀប​នៃ​ការ​ញ៉ាំ​

  • ​មធ្យោបាយ​ដ៏​សាមញ្ញ​មួយ​ដើម្បី​បញ្ចូល​ស្ពៃក្តោប​ទៅ​ក្នុង​របប​អាហារ​នោះ​គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ញ៉ាំ​វា​ឱ្យបាន​បី​ដង​ក្នុង​មួយ​សប្តាហ៍​។
  • បើសិន​ជា​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​បែបនេះ​ទេ អ្នក​ក៏​អាច​ប្រើ​វា​សម្រាប់​ការ​ញ៉ាំ​ជា​ស៊ុប​ក៏បាន​។
  • ​អ្នក​អាច​កិន​វា​យក​ទឹក​មក​ទទួល​ទាន​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។