​ក្មេង​ស្ទាវ​២ក្រុម​រាំ​ធុងបាស​ក្នុង​វត្ត​​​កាប់​ប្រហារ​​គ្នា​ស្លាប់​ម្នាក់​នៅ​ស្រុក​ភ្នំក្រវាញ

ខេត្តពោធិ៍សាត់​ ៖​ ក្មេង​ស្ទាវ​២​ក្រុម​បាន​ឈ្លោះ​គ្នា​ផ្អើល​ពេញ​វត្ត​រហូត​ឈាន​ទៅ​ដល់​កាប់​ប្រហារ​​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​ រួច​ហើយ​រត់​គេចខ្លួន​បាត់​អស់​ ខ​ណៈ​​​កំពុង​រាំ​ធុងបាស​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ​ កាលពី​​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ថ្ងៃ​ទី​១១​ តុលា​ ​២០១៥ កន្លង​មក​ នៅ​វត្ត​សំរោង ​ភូមិ​សំរោង​ ឃុំ​សំរោង ​ស្រុក​ភ្នំក្រវាញ ​​​។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​​បាន​ឲ្យ​ដឹង​ថា នៅ​វត្ត​សំរោង​ស្រុក​ភ្នំក្រវាញ​នោះ​ ​មាន​កម្ម​វិធី​រាំ​កម្សាន្ត​ដោយ​​ដាក់​ធុង​បាស​តាំងពី​បិណ្ឌ​វេនទី១​មក​ម្ល៉េះ​ ។​ លុះ​មក​ដល់​យប់​ថ្ងៃ​ទី​១១ តុលា ​ស្រាប់តែ​មាន​ក្មេង​ស្ទាវ២​ក្រុម​ឈ្លោះ​គ្នា​ក្នុង​ពិធី​រាំ​ធុងបាស​បណ្ដាល​ឲ្យ​គូរ​បដិបក្ខ​ម្ខាង​កាប់​ទៅ​លើ​គូរ​បដិបក្ខ​ម្ខាង​ទៀត​ចំ​គល់​.​ក​ខាងឆ្វេង​មុត​ប្រវែង​៣០​សង់ទីម៉ែត្រ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ រួច​​នាំ​គ្នា​រត់គេច​បាត់​អស់​ ។

​ជន​រង​គ្រោះ​​ឈ្មោះ​ យ៉ែ​ម រស្មី​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ឫស្សី​ ឃុំ​បាក់​ចិញ្ចៀន ​ស្រុក​ភ្នំក្រវាញ​ ។ ​បន្ទាប់​ពី​កើតហេតុ ​សមត្ថកិច្ច​​​ចុះ​​ស្រាវជ្រាវ​ក្រុម​ជន​ដៃដល់​មាន​គ្នា​​៣​នាក់​ ​មាន ១-​ឈ្មោះ​ រិ​ន វាសនា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ២-​ឈ្មោះ​ ហែម ហួត​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ និង​៣-ឈ្មោះ​ វ៉ា​ន់ ផ​ន ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ។​ ​ជន​ដៃ​ដល់​ទាំង​​៣​នាក់ ​រស់នៅ​ភូមិ​សំរោង​ ឃុំ​សំរោង ​ស្រុក​ភ្នំក្រវាញ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាម​ស្វែងរក​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕ ​