ដើរ​រើស​អេ​ត​ចាយ​រក​លុយ​បាន​តិច បែកគំនិត​លួច

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​រើស​អេ​ត​ចាយ​ទំនង​រក​លុយ​មិនសូវ​បាន ក៏​បែកគំនិត ចូល​លួច​គាស់​យក​ទ្វារ​ដែក​របស់​គេ តែ​ត្រូវ​ម្ចាស់​ទាន់​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ តុលា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦០៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

ជន​ម្នាក់​នេះ​ឈ្មោះ លី ណា​រ៉ា អាយុ​២៩​ឆ្នាំ  ស្នាក់​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា គេ​ឃើញ​ជន​ម្នាក់​នេះ​រុញ​រទេះ​រើស​អេ​ត​ចាយ​ដើរ​ចុះ​ដើរ​ឡើង​នៅ​មាត់​ផ្លូវ ហើយ​បន្តិច​ក្រោយមក​ស្រាប់តែ​ដើរ​ចូល​ទៅ​គាស់​យក​ទ្វារ​ដែក​ផ្ទះ​យក​ទៅ​ដាក់​លើ​រទេះ​របស់​ខ្លួន​ធ្វើ​មិនដឹង ។

ពេល​នោះ​ពួក​គាត់​ក៏​ស្រែ​កថា​ចោរ​ៗ ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ផ្សេង​ទៀត​នាំ​គ្នា​ដេញចាប់​បាន រួច​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់ ទើប​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ដល់​ឃាត់ខ្លួន​ជន​នេះ ដឹក​ទាំង​រទេះ​ទាំង​មនុស្សយក​ទៅ​ប៉ុស្តិ៍​បឹង​កក់​ទី​១ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕