ផលប៉ះពាល់នៃស្រ្ដេសចំពោះសក់ និងស្បែក

តើអ្នក​កំពុង​ដឹក​នាំ​ជីវិត​ពោរ​ពេញ​ដោយ​ស្រ្ដេស​មែនទេ? ​ជាអកុសល​ ផលប៉ះពាល់​នៃ​ស្រ្ដេស​នោះ​វាបង្ហាញ​ឱ្យឃើញ​តាម​រយៈ​ស្បែក ​និងសក់​របស់អ្នក ​នេះ​បើតាម​ប្រសាសន៍​របស់​អ្នកជំនាញ។​ លោកស្រី​ Pankaj Chaturvedi អ្នក​ឯកទេស​ផ្នែក​ជំងឺ​សើស្បែក​ និងជា​អ្នក​ឯកទេស​ផ្នែក​វះកាត់​បណ្ដុះ​ជាលិកា​សក់​នៅ​ឯមជ្ឈ​មណ្ឌល​ព្យាបាល​ស្បែក ​និងសក់ ​Medlinks ចូររួម​ចែក​រំលែក​ពីផល​ប៉ះពាល់​នៃស្រ្ដេស​ចំពោះ​ស្បែក​ និងសក់​ដូច​ខាង​ក្រោម​នេះ៖​
ផលប៉ះពាល់នៃស្រ្ដេសចំពោះសក់ និងស្បែក
•ជំងឺ​មុន៖ ​ដោយ​សារស្បែក​ និងចិត្ដ​របស់​យើង​មាន​ទំនាក់​ទំនង​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយ​គ្នា​នោះ ​ទើប​ខណៈ​ពេល​ដែល​អ័ក​ម៉ូន​ស្រ្ដេស​បញ្ចេញ ​ការផលិត​ចេញ​នូវជាតិ​ខ្លាញ់​នៅលើ​ស្បែក​ក៏មាន​ការ​កើន​ឡើង​ និង​នាំទៅ​រកការ​ចេញ​មុន​ផងដែរ។​
•ស្បែក​ជ្រីវ​ជ្រួញ៖​ វាមាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការកត់​សម្គាល់​ពពួក​មនុស្ស​ ដែល​កើត​មានស្រ្ដេស​ច្រើន​ ពីព្រោះ​សញ្ញា​នៃ​ភាពចាស់​ទាំងអស់​នោះ​ដូច​ជាស្នាម​ជ្រីវ​ជ្រួញ ​និងស្នាម​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក​ចាប់​ផ្ដើម​បង្ហាញ​ឱ្យ​ឃើញ​នៅលើ​ផ្ទៃមុខ​ច្រើន​ជាង​ធម្មតា។​
•ជ្រុះ​សក់៖ ​ដោយ​សារ​ស្រ្ដេស​នេះ​ហើយ ​ទើប​បណ្ដាល​ឱ្យ​សរសៃ​ឈាម​របស់​យើង​រឹត​ត្បិត ​និង​ឬស​សក់​មិន​មាន​សមត្ថភាព​ស្រូប​យក​បរិមាណ​អុកស៊ីសែន ​និង​សារធាតុ​បំប៉ន​គ្រប់​គ្រាន់ ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការលូត​លាស់​របស់​សក់។​ ជានិច្ច​កាល​ ភាព​កង្វះ​សារធាតុ​ចិញ្ចឹម​តែងតែ​នាំទៅ​រកការ​ជ្រុះសក់​សម្រាប់​មនុស្ស​ ដែល​តែងតែ​មាន​ភាព​តានតឹង។ ​
ខាង​ក្រោម​នេះ​គឺជា​វិធី​ដ៏ប្រសើរ ​ដើម្បី​កាត់​បន្ថយ​ស្រ្ដេស៖​
ទទួល​ការម៉ាស្សា​រាងកាយ​ដ៏សម​ស្របមួយ​។ ការ​ម៉ាស្សានេះ​នឹងជួយ​ឱ្យរាង​កាយ​របស់​អ្នក​បាន​សម្រាក​  ហើយ​ព្រម​ទាំងបើក​ចំហនូវ​បណ្ដាញ​ថាមពល​រាង​កាយ​ទាំង​អស់​ដែល​បាន​ជាប់​គាំង។​
ធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​ទៀងទាត់​។ ការធ្វើ​លំហាត់​ប្រាណ​នេះ​មាន​ប្រសិទ្ធភាព​លើក​ទឹកចិត្ដ ​និងបង្កើន​អារម្មណ៍​របស់​អ្នក​ឱ្យស្រស់​ស្រាយ​។ ម្យ៉ាង​ទៀតវា​ជួយឱ្យអ្នក​មានថាម​ពល​រាងកាយ​ឡើងវិញ​ ហើយ​វាជាគន្លឹះ​ដ៏ប្រសើរ​ដើម្បី​ឈាន​ទៅរក​រាងកាយ​មួយ​ប្រកប​ដោយ​សុខភាពល្អ។​
ធ្វើ​សមាធិ​យ៉ាង​តិច​ឱ្យបាន ​១៥ ទៅ ​២០នាទី​ក្នុង​មួយ​ថ្ងៃ។​  អ្នកអាច​ធ្វើសមាធិ​នេះ​ពេលណា​ ឬកន្លែង​ណា​ក៏បាន​ឱ្យតែ​ងាយ​ស្រួល​សម្រាប់​អ្នក​។ ការអង្គុយ​ដោយ​ស្ងៀម​ស្ងាត់​អាច​ជួយ​ឱ្យអ្នក​ផ្ចង់​អារម្មណ៍​ចំពោះ​ការគិត​បានល្អ​ និងជួយ​កម្ចាត់​ចោល​នូវ​ស្រ្ដេស។​
ពិសា​អាហារ​ក្នុង​កម្រិត​តិច​ឱ្យបាន​ញឹកញាប់ ​និងពិសាអាហារ ​ដែល​ល្អ​ចំពោះ​សុខភាព​។ អាហារ​ប្រភេទ​មួយ​ចំនួន​ពិតជាល្អ​ណាស់​សម្រាប់​កម្ចាត់​ចោល​ស្រ្ដេស​ដូច​ជា ​គ្រាប់​អាល់ម៉ិន​ ផ្លែប្ល៊ូបឺរី ​និងត្រី​សាម៉ុន។​
គេង​យ៉ាង​តិច​ឱ្យបាន​ ៨ម៉ោង​ក្នុង​មួយយប់​។ ការ​គេង​មិនបាន​គ្រប់គ្រាន់​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​រញ៉ាំរញ៉ូវ ​និងឆេវឆាវ​។ គ្មានអ្វី​មាន​ប្រសិទ្ធ​ភាព​ប្រសើរ ​ក្នុងការ​កម្ចាត់​ភាពតាន​តឹងនេះ​ ជាង​កាល​ដែល​អ្នក​គេង​បាន​គ្រប់​គ្រាន់​នៅពេល​យប់​នោះទេ៕ ​
​អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​