ជនសង្ស័យ​បន្លំ​លួច​កាបូប​លុយ​ត្រូវ​ម្ចាស់​ទាន់​ក្របួច​ឱ្យ​ប៉ូលិស

រាជធានី​ភ្នំពេញ ៖ ជន​២​នាក់​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​ពី​បុរស​ម្នាក់​ដែល​កំពុង​ដេក​លើ​ម៉ូតូ តែ​ត្រូវ​ម្ចាស់​ដឹងខ្លួន​ទាន់​ចាប់​បាន​ម្នាក់ ឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​រួច កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ តុលា នៅ​ផ្លូវ​លេខ​៣១៥ មុខ​សាលា​វេ​ស្ទើ​ន  ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

បុរស​ជា​ម្ចាស់​កាបូប​ឈ្មោះ ម៉េ​ង ឡុ​ង អាយុ​២៦​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់ បានឱ្យ​ដឹង​ថា រូបគេ​ទើបតែ​មក​ពី​ហូប​អាហារ​ជាមួយ​មិត្តភក្ដិ រាង​ស្រវឹង​បន្តិច ក៏​បាន​ឈប់​ម៉ូតូ​សម្រាក​មួយ​ភ្លែត នៅ​ផ្លូវ​លេខ​៣១៥ មុខ​សាលា​វេ​ស្ទើ​ន ។ ពេល​នោះ ស្រាប់តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​វេស្ប៉ា  ពណ៌​ឈាម​ជ្រូក គ្មាន​ស្លាក​លេខ បាន​មក​ឈប់​ក្បែរ​រួច​ជន​ម្នាក់​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​ពី​ខ្លួន​គាត់ ដែល​កំពុង​ឈប់​ម៉ូតូ​សម្រាក​។

ប៉ុន្តែ​ពេល​នោះ​គាត់​ដឹងខ្លួន​ទាន់ ក៏​ចាប់​ជនសង្ស័យ​តែ​ជន​នេះ​ដាក់​មេ​ប្រូច​រត់គេច​ខ្លួន​បាត់​ស្រមោល នៅ​សល់​តែ​ជន​ម្នាក់​ដែល​កំពុង​ឈប់​ម៉ូតូ​ចាំ​នោះ ក៏​ត្រូវ​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្ដង ។ ម្ចាស់​កាបូប​បន្ត​ទៀត​ថា ចំពោះ​ជនសង្ស័យ​ដែល​គេចខ្លួន​បាត់​នោះ គឺ​បាន​យក​កាបូប​លុយ​របស់​គាត់​ដែល​នៅ​ក្នុង​នោះ​មាន​លុយ​ជិត​១០​ម៉ឺ​ុ​ន​រៀល និង​កាត​ធ្វើការ​មួយ​ចំនួន​ទៀត ។ ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ត្រូវ​បាន​នាំ​យក​ទៅ​ប៉ុស្ដិ៍​នគរបាល​បឹង​កក់​ទី​១ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជន​ម្នាក់​ដែល​គេចខ្លួន​នោះ​ទៀត ៕