ការយល់ឃើញរបស់ យុវវ័យស្ទាវៗមួយចំនួន ទៅលើពាក្យ «រំដួល» និង «បែកស្លុយ» តើមានន័យ យ៉ាងដូចម្តេច?

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តភាគច្រើនច្បាស់ជាធ្លាប់លឺ នូវពាក្យចំនួនពីរម៉ាត់ ដែលជាពាក្យពេញនិយមប្រើក្នុងចំណោមយុវវ័យបច្ចុប្បន្ន ពិសេសគេតែងប្រទះឃើញ នៅលើ Facebook ជារឿយៗតែម្តង។ យ៉ាងណាមិញ ខ្មែរឡូតក៏សង្កេតឃើញថា ពាក្យនេះ យុវវ័យមួយចំនួនអាចនឹងមិនធ្លាប់បានដឹង អំពីអត្ថន័យ ឬប្រភពរបស់វា ថាចេញមកពីណាឲ្យប្រាកដនៅឡើយទេ អាចគ្រាន់តែលឺតាមគេ និងប្រើតាមគ្នាក៏ថាបាន។ តើពាក្យ «រំដួល» និង «បែកស្លុយ» មានន័យយ៉ាងម៉េចឲ្យប្រាកដ ហើយហេតុអ្វីបានជាយុវវ័យនិយមប្រើប្រាស់ពាក្យទាំងនេះ?

ការយល់ឃើញរបស់ យុវវ័យស្ទាវៗមួយចំនួន ទៅលើពាក្យ «រំដួល» និង «បែកស្លុយ» តើមានន័យ យ៉ាងដូចម្តេច?

ជួបជាមួយប្អូនប្រុសម្នាក់ ឈ្មោះ ពេជ្រ ដែលជាសិស្សរៀនថ្នាក់ទី១១ នៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ប្រាប់ Khmerload ឲ្យដឹងថា រូបគេមិនស្គាល់ពាក្យ រំដួល ច្បាស់ទេ គ្រាន់តែដឹងថាជាឈ្មោះផ្កាប៉ុណ្ណោះ ប៉ុន្តែបើសិនជាពាក្យ បែកស្លុយ វិញ ស្គាល់យ៉ាងច្បាស់ និងអះអាងទៀតថា មានប្រភពយូរហើយ តាំងពីរូបគេរៀនថ្នាក់ទី៩មកម្ល៉េះ ដោយតែងតែលឺពួកស្រីៗនិយាយតៗគ្នារហូតមក។ ពេជ្រ និយាយថា សំរាប់មនុស្សដែលត្រូវគេហៅថា បែកស្លុយ ឬពួកបែកស្លុយ ភាគច្រើនតែងតែស្លៀកពាក់ខោអាវធំៗ ពាក់ម៉ាស់ ចោះក្រវិល ជក់ម៉ា មុខអក្សរV និងសាហាវចូលទៅវាយគេ។ បែក មានន័យថា ជក់ រីឯ ស្លុយ មានន័យថាសាហាវ។

មិនខុសគ្នាប៉ុន្មាននោះដែរ ប្អូនប្រុសម្នាក់ទៀត ឈ្មោះ ជេដ្ឋា ជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យមួយកន្លែង ក្នុងរាជធានីភ្នំពេញ ប្រាប់ Khmerload ស្រដៀងគ្នាថា បែកស្លុយ លឺតាមគេដែរ និងគេឧស្សាហ៍ប្រើទៅលើពួកជក់ថ្នាំ។ យុវសិស្សរូបនេះ បន្ថែមថា៖ «ប្រឡេសឡេវអាវ អត់តឺនុយ មួលដៃអាវ ពាក់ពួក ពាក់ម៉ាស់ ពាក់ក្រវិល ដើរក្រុមៗ នឹងហើយពួកបែកស្លុយក្នុងសាលា។ ប្លែកស្លុយ មានបែកតាមខោអាវ និងបែកតាមជក់ ជាដើម។ បែកស្លុយតាមខោអាវ មើលមកស្លៀកពាក់រខេសរខាសហ្មង អាវធំៗ ខោខូវប៊យជាន់កែង ជើងធំ។ តែពួកខ្លះអត់ពាក់ចឹង ក៏បែកស្លុយដែរ តិចថាទៅឈ្លោះគ្នាជាមួយវា វាចូលកាប់ងាប់។ អាហ្នឹងលក្ខណ:បែកស្លុយពាក់ខោអាវមើលអត់ដឹងទេ តែពួកហ្នឹងហ៊ានចូលវាយគេហ្មង ឧទាហរណ៍ដូចជាពួក ហ៊ានចូលទៅកាប់គេ ដល់ក្នុងណេតម្នាក់ឯងជាដើម»។ ជេដ្ឋា បន្តទៀតថា៖ «ពួកបែកស្លុយ សុទ្ធតែមុខអក្សរV ញ៉ាំអត់គ្រប់គ្រាន់ (ស្គម) អក្សរVហើយ។ បើនិយាយពីសកម្មភាពពួកបែកស្លុយវិញ ដូចជា​ ដើរសុំលុយក្មេង ជក់បារី ដើរវាយគ្នា ហើយជក់ថ្នាំ»។ ខ្មែរឡូត៖ «នៅលើ Facebook អត់ឃើញចឹងទេ តែឃើញគេហៅចឹងដែរ តើមកពីអី?»។ ជេដ្ឋា ប្រាប់ថា៖ «អត់ដឹងដែរ ប្រហែលជោរតាមគ្នា ឃើញគេដាក់ចឹងឡូយដាក់តាមគេ ខ្វះអី នៅលើហ្វេសប៊ុកតាមគ្នា អ្នកខ្លះអត់ដឹងថាស្អីគេផងហ្នឹង លឺគេនិយាយដាក់តាមគេទៅ»។ ចំណែកឯពាក្យ រំដួលវិញ​ ជេដ្ឋា និយាយថា ទើបតែលឺដែរ ស្គាល់តាមអ៊ីនធឺណែត និងតាមមិត្តភក្តិ ពាក្យនេះ សំដៅទៅលើ អ្នកស្លៀកពាក្យអន់ៗ មើលមកមិនស៊ីវីល័យ។ រំដូល មានន័យថា ផ្កាដុះតាមស្រុកស្រែ អ្នកអត់សូវមានលុយចាយ ស្លៀកខោអាវរខេសរខាស ខ្លាចៗគេ ដើរអត់ចុះគេ គេញ៉ាំអីឆ្ងាញ់អត់ហ៊ានញ៉ាំតាម ជាដើម។ នេះបើតាមការយល់ឃើញ របស់យុវជនរូបនេះ បានប្រាប់យ៉ាងដូច្នេះ។

ងាកមកជួបនឹងប្អូនប្រុសម្នាក់ផ្សេងទៀត ឈ្មោះដារ៉ា និស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឲ្យដឹងថា ពាក្យ រំដួល និង ប្លែកស្លុយ ធ្លាប់លឺ និងឃើញតាមហ្វេសប៊ុក ប៉ុន្តែស្គាល់អត់ច្បាស់ដែរ ព្រោះអត់ដឹងមានន័យយ៉ាងម៉េចឲ្យប្រាកដ។ និសិ្សតរូបនេះ យល់ឃើញថា ពាក្យទាំងនេះ និយមប្រើក្នុងចំណោមក្មេងៗរៀននៅវិទ្យាល័យ។

ប្អូនប្រុសម្នាក់ទៀត ឈ្មោះសត្យា សិស្សថ្នាក់ទី១១ ប្រាប់ថាធ្លាប់លឺ តែស្គាល់អត់សូវច្បាស់ដែរ។ ពាក្យនឹងគេតែងប្រើសំរាប់និយាយលេង ព្រោះស្តាប់ទៅឡូយ ស្ទាវ ហើយនិយាយតាមគ្នា។

ទាំងនេះគ្រាន់តែជាមតិយោបល់ និងការយល់ឃើញពីសំណាក់ យុវវ័យមួយចំនួន ដែល Khmerload បានជួប និងសាកសួរប៉ុណ្ណោះ ដើម្បីចង់ដឹងពីអត្ថន័យនៃពាក្យដែលគេនិយមប្រើទាំងនេះ៕ ចុះប្រិយមិត្តខ្មែរឡូតណាខ្លះ ធ្លាប់លឺ ឬធ្លាប់ប្រើពាក្យទាំងនេះខ្លះ? តើយល់ថាមានន័យ ដូចម្តេចដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត