ព្រឹក​នេះលោក​ជៀង អំ ​រៀប​ចំ​ពិធី​​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ

ខេត្តស្វាយរៀង ​៖ ព្រឹក​ថ្ងៃ​ទី​១៥ តុលានេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អភិបាលខេត្ត ​​អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទូ​ទាំង​ខេត្តស្វាយរៀង ព្រមទាំង​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១.០០០​នាក់​បាន​​​ចូលរួម​គោរពព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៣​ឆ្នាំ​។


ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​សួន​ពោធិ៍ព្រឹក ​ស្ថិត​ក្នុងភូមិ​រោង​បន្លែ​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​​។

សូម​បញ្ជាក់​ថា ព្រះករុណា ព្រះបាទ​នរោត្តម សីហ​នុព្រះ​បរម​រតន​កោដ្ឋ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ ​តុលា ​​២០១២ នៅ​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ទី​ដែល​ព្រះ​អង្គ​យាង​ទៅ​ពិនិត្យព្រះរាជ​សុខភាព​។

ព្រះ​អង្គ​យាង​ចូល​ទិវង្គតក្នុង​ព្រះ​ជន្មាយុ​៩០ព្រះ​វស្សា​​ ​ហើយ​នៅ​ថ្ងៃ​បុណ្យ​គម្រប់​ខួប​០៣​ឆ្នាំ ​នៃ​ការ​យាង​ចូល​ទិវ​ង្គ​ត​នេះ​អាជ្ញាធរ​ និង​ក្រុមប្រឹក្សា​ខេត្ត​បាន​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀងរៀបចំ​ពិធី​​គោរព​វិញ្ញាណក្ខន្ធ​ និងពិធី​រាប់​បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​១២០​អង្គ​ដើម្បីឧ​ទ្ទិ​ស​ព្រះ​មហាកុសលថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ ​​ព្រះ​បរម​រតន​កោដ្ឋ​​​៕ ​