លោក កឹម​សុខា​៖ យើង​គ្មាន​គម្រោង​ចូលគាល់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ តែ​បើកចំហរ​ការបង្រួបបង្រួម

ភ្នំពេញ: បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ នរោត្តម សីហនុ គម្រប់​ខួប ៣​ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ចាក់អង្រែ នា​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា លោក​គ្មាន​គម្រោង​ចូលគាល់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បើកចំហរ​ការបង្រួបបង្រួម​អ្នកប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ​គ្រប់​និន្នាការ​។​

​អត្ថាធិប្បាយ​របស់លោក​កឹម​សុខា​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មាន​ព្រះបន្ទូល កាលពី​ព្រលប់​ថ្ងៃទី​១៤​តុលា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅពេល​ព្រះអង្គ យាង​មកពី​ថៃ​ថា ព្រះអង្គ ស្វាគមន៍ និង​រង់ចាំ​ទទួល​ជួប​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដើម្បី​និយាយ​ពី​ការបង្រួបបង្រួម​។​

​យ៉ាងណាក៏ដោយ លោក​កឹម​សុខា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ​ថា "​ខ្ញុំ​អត់​មាន​ទេ​។ អត់​មាន​ត្រូវ​ទៅ​គាល់​សម្តេចក្រុមព្រះ​អី​ទេ​។ យើង​អត់​មាន​ផែនការ​ជាក់លាក់​ថា​ជាមួយ​ក្រុម​នេះ អ្នកនេះ អ្នកនោះ​អី​ទេ​។ សម្តេចក្រុមព្រះ គឺ​អត់​មានអី​ទាំងអស់​។ គ្រាន់​តែ​ជាទូទៅ យើង​មាន​គោលការណ៍​គឺថា ប្រមូលផ្តុំ​កម្លាំង​ខ្មែរ​ទាំងអស់​។ ទី​១ ខ្មែរ​អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ មួយក្រុម​ទៅ ដើម្បី​យើង​ធ្វើការ ហើយ​យើង​ឈាន​ទៅរក​ឯកភាព​ជាតិ ជាមួយ​មួយក្រុម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​យើង​។ ប៉ុន្តែ​ឲ្យ​ថា យើង​រហូតដល់​ថ្ងៃនេះ អត់​ទាន់​មាន​ទេ ហើយ​យើង​ក៏​មិនដែល​គិតថា ត្រូវតែ​ទាក់ទង​ទៅ​សម្តេចក្រុមព្រះ ទាក់ទង​ទៅ​ក្រុម​ណាមួយ អត់​ទាន់​ទេ​។ ប៉ុន្តែ​ជាគោលការណ៍​ទូទៅ គឺ​យើង​មាន​គោលការណ៍​ជាទូទៅ​"​។​

​លោក​កឹម​សុខា បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ករណី​ផែនទី​ប្រទេស​កម្ពុជា ដែល​ក្រុម​អ្នកកាសែត បាន​សាកសួរ​នៅ​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ​ទេ​។​

​យ៉ាងណាក៏ដោយ លោក​កឹម​សុខា បាន​បញ្ជាក់ថា បើសិនជា​អ្នក​ចង់​បង្រួបបង្រួម គឺ​គេ​​នឹង​បោះដៃ​មករក​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។ តែ​ការបង្រួបបង្រួម​នោះ ក៏ត្រូវ​រើសមុខ​ដែរ​៕​