សម្តេចតេជោ​ ហ៊ុន សែន ​៖ ពេញមួយជីវិត​របស់សម្តេចឪ ​ព្រះអង្គបានលះបង់​បូជាដើម្បីជាតិ

ទីក្រុងប៉េកំាង ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page​​ ផ្លូវការរបស់សម្តេចតេជោ​ ហ៊ុន សែន ​សម្តេចបានសរសេរ​បង្ហោះនៅព្រឹកថ្ងៃទី១៥​ តុលា ២០១៥ ដែលមាន​ខ្លឹមសារទំាងស្រុងដូចតទៅ៖ ​" ថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០១៥នេះ​ គឺជាថ្ងៃគម្រប់ខួប ​៣ឆ្នាំគត់ ដែល​សម្តេចឪ សម្តេចតា​ សម្តេចតាទួត ​ព្រះបិតា​ឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ​​ នរោត្ដម សីហនុ ​ព្រះអង្គបានសោយទិ​វង្គត​ នៅទីក្រុងប៉េកាំង​ប្រទេសចិន ។

ទូលព្រះបង្គំ ​​និងប្រជារាស្រ្តខ្មែរទូទាំង​ប្រទេសសែនក្ដុកក្ដួល​ និងសោកស្តាយឥតគណនា​ ដែលកម្ពុជាបានបាត់បង់​​ព្រះមហាវីរក្សត្រដ៍ឆ្នើមបំផុត ​។ ទោះបីព្រះអង្គបាន​សោយទីវង្គតទៅហើយក្តី​ ក៏ប្រជារាស្រ្តទូទាំង​ប្រទេសនៅចងចាំចំពោះ​ព្រះរាជបូជនីយកិច្ច​​ដ៏ឧត្តុង្គឧត្តម​បំផុតរបស់ព្រះអង្គ។

ពេញក្នុងមួយជីវិតរបស់​ សម្តេចឪ ​សម្តេចតា​ សម្តេចតាទួតនៃយើង ​គឺព្រះអង្គបានបូជានិង​បំពេញនូវកាតព្វកិច្ច​ជាព្រះប្រមុខរដ្ឋ​ និងជាព្រះមហាក្សត្រ​​ដែលបាននាំ​មកនូវម្លប់​សុខសន្តិភាពដល់​ប្រទេសជាតិទាំងមូល។ ​ ប្រជារាស្រ្តទូទាំង​ប្រទេសចងចាំគ្មានថ្ងៃ​បំភ្លេចបានចំពោះស្នាព្រះហស្ថ​ព្រះអង្គក្នុងការទាមទារ​ឯករាជ្យជាតិពីបារាំងនៅ​ថ្ងៃទី០៩ ខែ វិច្ឆិកា​ ឆ្នាំ១៩៥៣​ ដែលបានធ្វើអោយកម្ពុជា​ងើបមុខមាត់រីកចម្រើន​ជាបន្តបន្ទាប់​រហូតមកដល់សព្វថ្ងៃ។

ទូលព្រះបង្គំ ​សូមសម្តែងនូវការគោរពដឹងគុណ​ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ​ ដែលព្រះអង្គបាន​លះបង់និងបូជា​ចំពោះជាតិទន្ទឹមនឹងនេះ​ ទូលព្រះបង្គំប្តេជ្ញា​បន្តដង្ហែតាមព្រះរាជតម្រិះ​ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ​ដើម្បីផ្តល់សុខសន្តិភាព​ជូនប្រជារាស្រ្តខ្មែរ ​ និងថែរក្សាការពារ​ព្រះមហាក្សត្រកម្ពុជា​ និងសម្តេចម៉ែ ​សម្តេចយាយ សម្តេចយាយទួត ​ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់​ដ៏ត្រជាក់សម្រាប់​ប្រទេសជាតិទាំងមូល។

នៅក្នុងថ្ងៃគម្រប់ខួបទី​៣ នៃថ្ងៃដែលព្រះអង្គចូលទីវង្គត​ ទូលព្រះបង្គំ​ សូមក្រាបថ្វាយព្រះពរដល់​ព្រះវិញ្ញាណក្ខន្ឋ​ព្រះបរមរតនកោដ្ឋ​ សូមបានយាងទៅ​សោយសុខ​នៅឋាន​សួគ៌ា ​និងសូមកម្ពុជាទទួល​បានតែសុខសន្តិភាពវិបុលភាព ​និងរីកចម្រើនជានិច្ចនិរន្ត៍ "៕