ឃាត់ខ្លួន​មនុស្ស​៣​នាក់​សង្ស័យ​​ពាក់​ព័​ន្ធករណី​ឃាតកម្ម​កាប់សម្លាប់​ថៅ​កែ​ល្ងនៅ​ស្រុក​ឱរ៉ាល់

​ខេត្ត​កំពង់​ស្ពឺ ៖ ​មនុស្ស​៣​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​សហការ​ជាមួយ​នគរបាល​ខេត្ត​​ឃាត់ខ្លួន ​ដោយ​ជាប់​សង្ស័យ​ក្នុង​ករណី​ឃាតកម្ម​កាប់សម្លាប់​បុរស​ចំណាស់​ម្នាក់​ក្នុងរឿង​គំនុំ ​និង​ប្លន់​យក​ទ្រព្យសម្បត្តិ​។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤​ តុលា ​២០១៥​ នៅ​ចំណុច​ភូមិ​សង្កែ​ជ្រុំ​ ឃុំ​រស្មី​សាមគ្គី​ ស្រុក​ឱ​រ៉ា​ល់ ។​

ជន​រង​គ្រោះ​មានឈ្មោះ​លី​ សេង​លី​ម​ ភេទ​ប្រុស ​អាយុ​៦៣​ឆ្នាំ ​រីឯ​ក្រុម​ជនសង្ស័យ​ ១​-ឈ្មោះ​ស្វាយ ​ជា​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ​​២​-ឈ្មោះ​សក​ ចាន់​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ​៣-​ឈ្មោះ​តៀង​ ចិត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ទាំង​ជន​រង​គ្រោះ ​និង​ជនសង្ស័យ​រស់នៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​មានការ​ឃាត់ខ្លួន​នេះ​ ​​នៅ​យប់​ថ្ងៃ​ទី​១៣ ​តុលា ​២០១៥​ នៅផ្ទះ​ជន​រង​គ្រោះ​កន្លែង​កើតហេតុ​មានការ​ជួបជុំ​គ្នា​ផឹកស៊ី​តាំងពី​ក្បាល​ព្រលប់​ លុះ​យប់​ជ្រៅ​អ្នកខ្លះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ទៅ​ នៅ​សល់​តែ​មនុស្ស​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​នៅ​ផឹក​ជា​មូ​យ​ជន​រង​គ្រោះ​។

​ប្រភព​បន្ត​ថា ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ ​តុលា​ ២០១៥​ មានការ​ភ្ញាក់​ផ្ងើ​ល​ថា​ តា​លី​ម​ត្រូវ​គេ​កាប់​ស្លាប់​បាត់​ទៅ​ហើយ​ ពេល​នោះ​ម្នាក់​ៗ​បាន​រាយ​ការ​ណ៍​ទៅ​លោក​មេ​ភូមិ​ និង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

លោក​វរ​សេនី​យ៍ត្រី​ប៊ុត​ ប៊ុ​ន​ធឿ​ន​ អធិការ​នគរបាល​ស្រុក​ឱរ៉ា​ល់​បានឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ តុលា​ ២០១៥​នេះថា ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​របស់​លោក​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​បើក​ការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​សង្ស័យ​បាន​៣​នាក់​។​

លោក​អធិការ​បន្ត​ថា​ ជនសង្ស័យ​ទាំង​៣​នាក់ ​ក្នុង​នោះ​មាន​ម្នាក់​ជា​គូ​ជម្លោះ​ជាមួយ​ជន​រង​គ្រោះ​ ហើយ​២​នាក់​ទៀត​ គឺជា​កម្មករ​ដែល​នៅ​ផឹកស៊ី​ជាមួយ​ជន​រង​គ្រោះ​ក្រោយ​គេ​​ ​ក្នុង​នោះ​ជន​ឈ្មោះ​ស្វាយ ​ជា សមត្ថ​កិច្ច​របស់​លោក​តាម​​ចាប់​បាន​នៅ​ឃុំ​ក្រាំង​ដី​វ៉ា​យ​​ ​ស្រុ​ក​ភ្នំស្រួច​ ដែល​ជន​នេះរ​ត់ទៅ​លាក់ខ្លួន​នៅ​ទីនោះ​ ចំណែក​ជន​២​នាក់​ទៀត​ឃាត់ខ្លួន​នៅ​ភូមិ​កើតហេតុ​។​

​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ ករណី​នេះ​ផ្តើម​ចេញពី​រឿង​គំនុំ​ទើប​ឈាន​ដល់​ការ​កាប់សម្លាប់​បែប​នេះ​ណាមួយ​អាច​ជា​ករណី​ប្លន់​ផង​ដែរ​ ព្រោះ​ជន​រង​គ្រោះ​គឺជា​អ្នកមាន​ទ្រព្យសម្បត្តិ​(​ថៅកែ​ល្ង​)​។​ លោក​អធិការ​បន្ត​ទៀត​ថា ​តាម​ការ​ពិនិត្យ​ជន​រងគ្រោះ​ត្រូវ​ក្រុម​ជន​ដៃដល់​ចាប់​អា​រ.ក​(​បំពង់ខ្យល់​)​ និង​មាន​ស្នាម​កាប់​កញ្ចឹងក​ពីក្រោយ​ច្រើន​កាំបិត​ផង​ដែរ​៕