កា​រ៉េ​ម Cold Stone Creamery នឹង​មានវត្ត​មាននៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មានការ​កត់​សម្គាល់ថា ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​រស់នៅ​ទីប្រជុំជន និង​ក្នុង​រាជធានី ហាក់ដូចជា​ផ្លាស់​ប្ដូរ​បរិបទ​នៃ​ការ​រស់នៅ​ច្រើន ដែល​អាច​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ប្រើប្រាស់​ផលិតផល​ល្បី​ៗ ទំនើប​ៗ និង​បរិភោគ​អាហារ​ដែល​មានឈ្មោះ​ល្បី​ៗ ទទួល​សិទ្ធិ​ផ្ដាច់មុខ​ពី​ក្រុមហ៊ុនមេ​នៅ​ក្រៅប្រទេស ដូច​ជា BB World , KFC និង​Pizza World ជាដើម ។ ម្យ៉ាងទៀត បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ដែល​មានឈ្មោះ​ល្បី​លំដាប់​អន្តរជាតិ ក៏​បាន​សម្លឹង​ឃើញ​ពី​កាលានុវត្តភាព​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ជាក់ស្ដែង​ដូច​ជា​ក្រុមហ៊ុន Cold Stone Creamery ជា​ក្រុមហ៊ុន​កា​រ៉េ​ម​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​តំបន់​Scottsdale រដ្ឋ​Arizona សហរដ្ឋអាមេរិក បាន​ប្រកាស​បើក​សាខា​នៅ​រាជធានី​ភ្នំពេញ ជា​លើក​ដំបូង ក្នុង​រយៈពេល​៦​ខែ​ទៀត ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​កា​រ៉េ​ម Cold Stone Creamery ។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​មុខ​ទៀត ហាង​កា​រ៉េ​ម Cold Stone Creamery នឹង​បើក​លក់​នៅ​ប្រទេស​កម្ពុជា ចំនួន​១៣​កន្លែង និង​ការ​សម្ពោធ​ទីតាំង​ដំបូង​នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​ជាង​៦​ខែ​ទៀត ។

Kahala Brand TM ជា​ក្រុមហ៊ុនមេ និង​ជា​ម្ចាស់​គ្រប់គ្រង​ហាង​កា​រ៉េ​ម Cold Stone Creamery បាន​ផ្តល់​សិទ្ធិ​ផ្ដាច់មុខ​ឱ្យ​ក្រុមហ៊ុន TH F&B Co. Ltd.  (TH Group) ដើម្បី​បើក​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​ពង្រីក​ម៉ាក​កា​រ៉េ​ម Cold Stone Creamery ចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ខណៈ​ពលរដ្ឋ​ខ្មែរ​កំពុង​ចាប់អារម្មណ៍​លើ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ ។

លោក Hav Norm នាយក​ទីផ្សារ​ប្រចាំ​ក្រុម ហ៊ុន TH F&B Co Ltd. មាន​ប្រសាសន៍​ថា ៖ «​កំណើន សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្តង់ដា​នៃ​ការ​រស់នៅ​មាន​ភាព​ប្រសើរ​ឡើង ។ ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ស្វែងរក​ការ​ធានា​រ៉ាប់រង និង​ម៉ាក​មានគុណ​ភាព​ខ្ពស់​ដែល​អាច​ទុកចិត្ត​បាន ។ Cold Stone Creamery គឺជា​ហាង​កា​រ៉េ​ម ដែល​មានការ​ធានា​រ៉ាប់រង​ម៉ាក​ដ៏​ទំនើប​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទីផ្សារ​របស់​យើង​» ។

លោក Eddy Jimenez អនុប្រធាន​ជាន់ខ្ពស់​នៃប្រតិបត្ដិ​ការ​អន្ដរជាតិ និង​ការ​អភិវឌ្ឍ​នៅ Kahala មាន​ប្រសាសន៍​ថា ៖ «​យើង​មាន​ទំនុកចិត្ត​ខ្លាំង​ណាស់​ចំពោះ TH Group ខណៈ​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា និង​មានការ​យល់​ដឹង​យ៉ាង​ច្បាស់​ពី​ស្ថានភាព​ទីផ្សារ ។ TH Group យល់​ពី​តម្រូវការ​អតិថិជន យល់​ពី​ចំណង់​ចំណូលចិត្ត និង​ទស្សនៈ​អ្នកដឹកនាំ​អាជីវកម្ម​ក្នុង​ប្រទេស ។ យើង​រំភើប​ចិត្តនឹង​ការ​នាំ​យក​កា​រ៉េ​ម​លំដាប់ថ្នាក់​អន្តរជាតិ​ដល់​អ្នក​ចូល​ចិត្ត​ញ៉ាំ​កា​រ៉េ​ម​នៅ​ប្រទេស​កម្ពុជា » ។

លោក Hav Norm មាន​ប្រសាសន៍​បន្ត​ថា  ៖ « អតិថិជន​នឹង​រំភើបចិត្ត​ជាមួយនឹង​បទ​ពិសោធន៍​កា​រ៉េ​ម Cold Stone Creamery ដែល​កា​រ៉េ​ម​ក្នុង​ហាង​នីមួយ​ៗ​មាន​រសជាតិ​ឆ្ងាញ់ ស្រស់​ៗ និង​ការ​កម្សាន្ត​ផ្សេង​ៗ​ដល់​អតិថិជន​ដែល​ចង់បាន​ច្រើន​ជាង​នេះ ។ យើង​បាន​បំផុសគំនិត​ដោយ​វប្បធម៌ និង​បេសកកម្ម​របស់​ហាង​កា​រ៉េ​ម Cold Stone Creamery ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​មាន​សុភមង្គល​»​។

Cold Stone Creamery បាន​បន្ត​យុទ្ធសាស្ត្រ​ពង្រីក​វិសាលភាព​យ៉ាង​ខ្លាំងក្លា​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​សំខាន់​ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ការ​រីក​លូតលាស់​នៃ Cold Stone Creamery ក្នុង​ទីផ្សារ​អន្តរជាតិ បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០០៥ កន្លង​មក ខណៈ​ពេល​ហាង​កា​រ៉េ​ម Cold Stone Creamery បាន​ដំណើរការ​នៅ​ក្រៅប្រទេស​ជា​លើក​ដំបូង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។ បច្ចុប្បន្ន ហាង​កា​រ៉េ​ម Cold Stone Creamery កំពុង​ប្រតិបត្តិការ​នៅ​ឆាក​អន្ដរជាតិ​ជាង​៣០០​កន្លែង​ក្នុង​ប្រទេស​ចំនួន​២៦ រួម​ទាំង​ប្រទេស​ហ្វ៊ី​លី​ពី​ន កូ​វ៉ែត កា​តា ទ្រី​នី​ដា​ដ​ន នី​ហ្សេ​រី​យ៉ា អេ​ហ្ស៊ី​ប និង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៕